និទណ្ឌភាពឬភាពមិនមានទោសពៃរ៍ចំពោះជនដែលបង្កហិង្សាលើអ្នកសារព័ត៌មាន ត្រូវបានពិភាក្សាក្នុងចំណោមក្រុមសង្គមស៊ីវិលកម្ពុជា ដែលធ្វើការផ្នែកសិទ្ធិមនុស្សនិងសិទ្ធិអ្នកសារព័ត៌មាន ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២១។
ក្រុមសង្គមស៊ីវិលលើកឡើងថា អ្នកសារព័ត៌មាននឹងបាត់បង់សេចក្តីក្លាហានក្នុងការធ្វើសេចក្តីរាយការណ៍របស់ពួកគេ នៅពេលមានករណីវាយប្រហារដោយហិង្សាមកលើអ្នកកាសែតពីជនមិនស្គាល់អត្តសញ្ញាណ ហើយពួកគេមិនត្រូវបានចាប់ខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ចក់ សុភាព ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា វប្បធម៌និទណ្ឌភាពសម្រាប់ជនបង្ករបួសស្នាម ឬឃាតកម្មលើអ្នកកាសែតត្រូវតែបញ្ចប់ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកសារព័ត៌មានដែលជាជនរងគ្រោះ។
«ប៉ុន្តែផ្ទុយទៅវិញបើអត់ទេ អីចឹងអ្នកកាសែតលោកនឹងអាចយល់ថា នៅពេលដែលមានរឿងរ៉ាវកើតឡើងចំពោះខ្លួនហ្នឹងគឺមិនទទួលបានយុត្តិធម៌ទេហើយអ៊ីចឹងជនល្មើស គឺនៅក្រៅច្បាប់ អីចឹងវានឹងរឹតតែបង្កនូវបរិយាកាសភ័យខ្លាចដល់អ្នកដែលបំពេញភារកិច្ចទាំងឡាយហ្នឹង»។
ក្នុងសេចក្តីថ្លែងការណ៍រួមមួយ ចុះថ្ងៃទី ៣ ខែឧសភា ក្រុមអង្គការនិងសមាគមចំនួន ៤៥ បានពណ៌នាថាបទល្មើសលើអ្នកសារព័ត៌មានបានបន្តកើតឡើងនិងក្លាយជា «អំពើនិទណ្ឌភាព» ឬភាពគ្មានទោសពៃរ៍ចំពោះការប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។
ពួកគេបានកត់ត្រាថា នៅឆ្នាំ ២០២០ យ៉ាងហោចណាស់មានអ្នកសារព័ត៌មាន ២២ នាក់ ត្រូវបានវាយប្រហារឬគំរាមកំហែងដោយអំពើហិង្សា ក្នុងអំឡុងពេលបំពេញភារកិច្ច ហើយមានអ្នកសារព័ត៌មានម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយករណីនេះពុំមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវនោះទេ។
ក្រុមអង្គការនិងសមាគម ក្នុងនោះមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានរំឭកឡើងវិញនូវហេតុការណ៍មួយចំនួននៃការវាយប្រហាររបស់ក្រុមជនមិនស្គាល់អត្តសញ្ញាណ មកលើអ្នកកាសែត ដែលរាយការណ៍ពីបទល្មើសព្រៃឈើ ហើយជនដៃដល់មិនទាន់ត្រូវបាននាំយកទទួលទោសតាមផ្លូវច្បាប់នៅឡើយ។
ពួកគេបានលើកឡើងថា៖ «យើងសូមទទូចឲ្យរដ្ឋាភិបាលចាត់វិធានការច្បាស់លាស់ ដើម្បីធានាថាអ្នកសារព័ត៌មានត្រូវបានការពារនៅពេលបំពេញតួនាទីដ៏សំខាន់របស់ខ្លួន និងសូមបញ្ចប់នូវរាល់អំពើនិទណ្ឌភាពនៃឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន តាមរយៈការធ្វើការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាពឯករាជ្យភាព តម្លាភាពនិងការកាត់ទោសជនល្មើស ដោយអនុលោមទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ»។
កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ ចាងហ្វាងសារព័ត៌មានម្នាក់ក្នុងខេត្តសៀមរាប គឺលោក ប្រន ស៊ានត្រូវជនមិនស្គាល់មុខមានគ្នា ២ នាក់ ប្រដាប់ដោយដំបងឈើវាយឲ្យរបួសធ្ងន់ត្រង់ក្បាល ដៃ ជើង បាក់ខ្ទង់ច្រមុះនិងបាក់ធ្មេញ ពេលដែលកំពុងសម្រាកនៅតាមផ្លូវធ្វើដំណើរពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តសៀមរាប។
ម្ចាស់កាសែតឈ្មោះអាណាចក្រខ្មែររូបនេះ បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា គិតចាប់តាំងពីមានការវាយប្រហារលើរូបលោកមកកម្លាំងនគរបាលក្នុងខេត្តព្រះវិហារ និងសៀមរាប មិនទាន់ចាប់ជនដៃដល់ដែលលោកថា មិនស្គាល់ប្រភពមកទីណានោះទេ។ លោកស្នើឲ្យអាជ្ញាធរបន្តស្វែងរកជនល្មើស ដែលបានបង្ករបួសស្នាមមកលើរូបលោក។
«បើនិយាយពីរឿងអាជ្ញាធរត្រូវតែមានកាតព្វកិច្ចត្រូវតែស្រាវជ្រាវបន្ត ប៉ុន្តែឥឡូវអាជ្ញាធរដូចរាងស្ងាត់ឈឹង ដូចស្ងាត់ អត់មានឮអីសោះ»។
លោក ប្រន ស៊ាន បន្តថា លោកពុំមានទំនាស់ផ្ទាល់ខ្លួនជាមួយបុគ្គលណានោះទេ។
កាលពីកន្លងទៅ អ្នករួមអាជីពជាមួយលោកម្នាក់នៅខេត្តសៀមរាបដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់វីអូអេថា លោក ប្រន ស៊ាន បានរងការប្រើប្រាស់អំពីហិង្សាពីជនស្គាល់មុខ បន្ទាប់ពីលោកធ្វើដំណើរចាកចេញពីតំបន់មួយក្នុងព្រំប្រទល់ខេត្តព្រះវិហារនិងខេត្តសៀមរាប ដែលមានការដឹកជញ្ជូនឈើ។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមសិទ្ធិមនុស្ស ពួកគេក៏បានបង្ហាញថាចាប់តាំងពីឆ្នាំ ១៩៩៤ មក អ្នកសារព័ត៌មានចំនួន ១៣ នាក់ ត្រូវបានសម្លាប់ដោយសារការរាយការណ៍របស់ពួកគេ ទាក់ទងនឹងការប្រព្រឹត្តអំពើពុករលួយរបស់ឥស្សរជនជាច្រើនរូប និងមន្ត្រីយោធាជាន់ខ្ពស់ផងដែរ។
ក្រៅពីបញ្ហានិទណ្ឌភាព ក្រុមអង្គការសង្គមស៊ីវិលក៏បានអំពាវនាវឲ្យដោះលែងអ្នកកាសែត ដែលកំពុងជាប់ឃុំមួយចំនួន និងទម្លាក់បទចោទប្រកាន់លើអតីតអ្នកសារព័ត៌មានពីររូបរបស់វិទ្យុអាស៊ីសេរី គឺលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន។
លោកស្រី ចក់ សុភាព ដែលជានាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្នើឲ្យតុលាការកម្ពុជាពិចារណាទម្លាក់ចោលការចោទប្រកាន់លើលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ខណៈរឿងក្តីរបស់ពួកគេបានអូសបន្លាយពេលមកជាង ៣ ឆ្នាំមកហើយ។ ចៅក្រមរកមិនទាន់ឃើញភស្តុតាងជាដុំកំភួន ដើម្បីដាក់បន្ទុកលើពួកគេពីបទចោទប្រកាន់ចារកម្ម ឬបញ្ជូនព័ត៌មានឲ្យរដ្ឋបរទេស និងផលិតរូបអាសអាភាស។
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) មានប្រសាសន៍ថា ការប្រើប្រាស់ផ្លូវតុលាការនិងការប្រើប្រាស់អំពើហិង្សាលើអ្នកកាសែត ដោយមិនទទួលការដាក់ទោសទណ្ឌ នឹងមិនលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានបន្តធ្វើសេចក្តីរាយការណ៍រសើបមួយចំនួន ដូចជាការកាប់បំផ្លាញព្រៃឈើ ដែលមានប្រយោជន៍សម្រាប់សាធារណជន។
លោក យាង សុធារិន្ទ អតីតការីនិពន្ធរបស់វិទ្យុអាស៊ីសេរី យល់ថា កម្ពុជានឹងអាចស្តាសេរីភាពសារព័ត៌មានលើផ្នែកខ្លះ ប្រសិនបើតុលាការទម្លាក់ចោលការចោទប្រកាន់លើរូបលោក និងអតីតសហការីម្នាក់ទៀត។
យ៉ាងណាក៏ដោយ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ពន្យល់ថា ការស្នើសុំរបស់ក្រុមអង្គការស៊ីវិលបង្ហាញតែពីតម្រូវការនៃសេរីភាព ដោយមិនបានពិចារណាលើភាពត្រឹមត្រូវនៃការអនុវត្តច្បាប់លើបុគ្គល ដែលលោកថា មិនគោរពតាមវិជ្ជាជីវៈសារព័ត៌មាន។
ដោយមិនបានឆ្លើយទៅនឹងសំណួរពាក់ព័ន្ធនឹងនិទណ្ឌភាពសម្រាប់ជនបង្កហិង្សាលើអ្នកកាសែត មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនោះ លើកឡើងថា ក្រុមអង្គការសមាគមទាំងនោះគួរងាកមកជួយពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន ជាជាងការទាមទារដែលលោកថា មិនស្របតាមគោលការណ៍ច្បាប់និងសិទ្ធិមនុស្ស។
ចំណែកអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា ការដោះស្រាយបញ្ហានិទណ្ឌភាពចំពោះជនដែលប្រើអំពើឧក្រិដ្ឋលើអ្នកកាសែត អាស្រ័យលើការចូលរួមតាមនីតិវិធីច្បាប់របស់ជនរងគ្រោះពីការវាយប្រហារ និងបុគ្គលពាក់ព័ន្ធផ្សេងទៀតនៅពេលកម្លាំងមានសមត្ថកិច្ចកំពុងបន្តនីតិវិធីតាមរកជនបង្កនោះ។
«ដំណើរការទាំងអស់កំពុងតែស្ថិតនៅក្នុងសមត្ថកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច។ អីចឹងហើយមានតែការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ទេ នៅក្នុងដំណើរការនីតិវិធី ទៅតាមច្បាប់ ទើបជាដំណោះស្រាយនៅក្នុងការស្វែងរកភាពត្រឹមត្រូវ និងភាពយុត្តិធម៌»។
ពាក់ព័ន្ធនឹងការស្នើសុំឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់អ្នកកាសែតអាស៊ីសេរីពីររូប និងអ្នកកាសែតឯទៀតនោះ លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា សំណើរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ «ហួសសមត្ថកិច្ច» របស់ក្រុមសង្គមស៊ីវិលទាំងនោះ និង «ជាការបំពានទៅដល់សិទ្ធិអាជ្ញាធរមានសមត្ថកិច្ច» ដែលកំពុងទទួលបន្ទុកក្នុងការដោះស្រាយក្តីក្តាំទាំងអស់នេះ៕