ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាងរាស្ត្រ​ជាង​១៥០​ពី​ទូទាំង​ពិភពលោក​​ទាមទារ​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​​លោក​កឹម សុខា​


រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្ស​សង្រ្គោះជាតិ
រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្ស​សង្រ្គោះជាតិ

ការ​​អំពាវនាវ​​​​នេះ​កើត​មាន​​ស្រប​ពេល​​ក្រុម​គាំទ្រ​បក្ស​សង្គ្រោះជាតិ​​បាន​ប្រកាស​ផែនការ​ធ្វើ​បាតុកម្ម​នៅ​តាម​បណ្តា​ប្រទេស​លោក​ខាង​លិច ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថា សកម្មភាព​ទាំង​នេះ​មិន​អាច​ដាក់​សម្ពាធ​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ​នានា​របស់​កម្ពុជា​​ឡើយ។

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ (APHR)​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ មាន​សមាជិកសភា​ចំនួន១៥៨​រូប​ ​មក​ពី​២៣​ប្រទេសដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​តំបន់​អឺរ៉ុប​ និង​អាស៊ី​ បាន​ដាក់​ញ្ញត្តិ​ទៅ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ មេដឹកនាំ​កម្ពុជា​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​កំពុង​ជាប់​ឃុំ​ឃាំង។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន ​ដែល​ធ្វើ​ការ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​នយោបាយ​និង​ការ​បញ្ចេញ​មតិ។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ចុះ​ថ្ងៃ​ទី​ ​៤ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ហើយ​ដែល VOA បាន​ទទួល​នោះ​ បាន​លើក​ឡើង​ថា​ ក្រុម​សមាជិក​សភា​ចំនួន​ជាង​ ១៥០​ប្រទេស​មក​ពី​ទូទាំង​សាកលលោក​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន ដោះលែង​លោក​ កឹម សុខា​ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​បន្ទាន់​ ហើយ​ចាត់​វិធានការ​បន្ទាន់​មួយ​ទៀត​ផង​ដែរ​ គឺ​ការ​បើក​ផ្លូវ​ឲ្យ​មាន​ការ​បោះឆ្នោត​ ដោយសេរី​ និង​យុត្តិធម៌​ក្នុង​ការ​បោះឆ្នោត​នា​ឆ្នាំ​ ២០១៨។​

លោក​ Charles Santiago សមាជិក​សភា​នៃ​ប្រទេស​ម៉ាឡេស៊ី​ និង​ជា​ប្រធាននៃ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ ត្រូវ​បាន​ដកស្រង់​សម្តី​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ​ តាម​ន័យ​ដើម​ថា៖​

«ការ​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ជា​ការ​ពិត​មាន​ការ​ជាប់​ពាក់ព័ន្ធ​ខាង​នយោបាយ​ ហើយ​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ភស្តុតាង​ដែល​គួរ​ឲ្យ​ជឿ​បាន​ ដើម្បី​គាំទ្រ​ការចោទប្រកាន់​ដែល​មិន​សម​ហេតុផល​មក​ដាក់​សម្ពាធ​ប្រឆាំង​នឹង​លោក​នោះ​ទេ។ ការ​ជាប់ឃុំខ្លួន​លោក ​កឹម សុខា បាន​ធ្វើ​ឡើង​ នៅ​ចំ​ពេល​មាន​ការ​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​បណ្តាញ​ផ្សព្វផ្សាយ​សេរី​ សង្គម​ស៊ីវិល​ និង​ការ​រំលាយ​គណបក្ស​ជំទាស់​តមក​ទៀត​ មិន​បាន​បង្ហាញ​ហេតុផល​អ្វី​នោះ​ឡើយ​ ក្រៅ​តែ​ពី​ការ​ប៉ុនប៉ង​មួយ​របស់​គណបក្ស​កាន់​អំណាច​ ដើម្បី​លុប​ចោល​រាល់​សំឡេង​ប្រឆាំង​ នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨​ប៉ុណ្ណោះ»។

សេចក្តី​អំពាវនាវ​របស់​ក្រុម​សមាជិក​សភា​ចំនួន​១៥៨​រូប​នេះ​ ​កើត​មាន​ឡើង​ស្រប​ពេល​នឹង​ការ​ប្រកាស​របស់​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​រំលាយ​ដោយ​តុលាការ​កំពូល​ ថា​នឹង​ធ្វើ​បាតុកម្ម​ទ្រង់ទា្រយ​ធំ​ នៅ​សហរដ្ឋ​អាមេរិក​ អឺរ៉ុប​ និង​នៅ​ក្នុង​ប្រទេស​អូស្រា្តលី​ នា​ដើម​សប្តាហ៍​ខាង​មុខ​នេះ​ ដើម្បី​ស្តារ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ឡើងវិញ។​

ក្រោយ​អាជ្ញាធរ​កម្ពុជា​ និង​តុលាការ​ប្រទេស​នេះ​ បាន​ចាប់​និង​ឃុំ​ខ្លួន​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ក្រោម​បទ​សង្ស័យ​ថា​ មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ លោក​ហ៊ុន សែន​ មេដឹកនាំ​កម្ពុជា​ បាន​ធ្វើ​ព្រងើយ​កន្តើយ​នឹង​ប្រតិកម្ម​នានា​ ដែល​រួមមាន​ការ​ដាក់​គំនាប​ខាង​សេដ្ឋកិច្ច​ និង​មតិ​រិះ​គន់​ថា​ ការ​បោះឆ្នោត​នា​ពេល​ខាង​មុខនេះ​ នឹង​មិន​មាន​ភាព​ស្រប​ច្បាប់។ ជំនួស​ឲ្យ​ការ​មិន​ខ្វល់​នឹង​ការ​រិះគន់​នេះ​ទៀត​ លោក​ ហ៊ុន សែន​ កាល​ពីថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ បាន​ធ្វើ​ពិធី​បួង​សួង​ជាមួយ​ក្រុម​មន្ត្រី​របស់​លោក​ ដើម្បី​សុំ​សេចក្តី​សុខសាន្ត​ដល់​ប្រទេស។

លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​ យល់​ថា​ សកម្មភាព​របស់​ក្រុម​អ្នក​នយោបាយ​គណបក្ស​ជំទាស់​ដែល​ត្រូវ​បាន​រំលាយ​ចោល​នោះ​ គ្រាន់​តែ​ជា​យុទ្ធនាការ​របស់​ពួក​គេ​ប៉ុណ្ណោះ ហើយ​យុទ្ធនាការ​ទាំង​នោះ​ ក៏​នឹង​គ្មានឥទ្ធិពល​ជា​ដុំ​កំភួន​មក​លើ​អំណាច​តុលាការ​កម្ពុជា​ផង​ដែរ។ លោក​បញ្ជាក់​ថា៖

«យើង​ឃើញ​សកម្មភាព​ហ្នឹង​តាំង​ពី​នៅ​ក្នុង​សប្តាហ៍​ ចុង​សប្តាហ៍​កន្លង​មក​ ហើយ​សកម្មភាព​ហ្នឹង​ គ្រាន់​តែ​ជា​យុទ្ធនាការ​របស់​អ្នក​បាត់បង់​គឺ​ អតីត​សមាជិកសភា​ ឬ​ក៏​សមាជិក​នៃ​គណបក្ស​ អតីត​នៃ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​រឿង​នេះ​ជា​រឿង​ដំណើរការ​របស់​តុលាការ​ មិនមែន​ចូល​នយោបាយ​ឡូកឡំ​ជាមួយ​គ្នា​ទេ»។​

អ្នក​នាំ​ពាក្យ​រូប​នេះ​ ថ្លែង​បន្ត​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​សម្តែង​ការ​គោរព​ចំពោះ​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ ​ដោយ​យោង​ទៅ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ ដែល​មិន​អនុញ្ញាត​ឲ្យ​អំណាច​នីតិប្រតិបត្តិ​លូកលាន់​អំណាច​តុលាការ។​ លោក​បាន​លើក​ឡើង​បន្ថែម​ថា​ រដ្ឋាភិបាល​អរគុណ​ចំពោះ​ការណ៍​យក​ចិត្ត​ទុកដាក់​របស់​បរទេស​មក​លើ​បញ្ហា​នៅ​កម្ពុជា​ តែ​លោក​ថា​ ពួកគេ​គួរ​ពិចារណា​លើ​រឿង​ពិត​ដែល​បាន​កើត​នៅ​កម្ពុជា​ ទាក់​ទិន​ការ​អនុវត្តច្បាប់​ និង​ការ​ប្រើអំណាច​របស់​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក៏​ប៉ុន្តែ​ការ​រំលាយ​ចោល​គណបក្ស​ប្រឆាំង​ដែល​បាន​ធ្វើ​កាល​ពី​ពេល​កន្លង​មក​ដោយ​អំណាច​តុលាការ​កំពូល​កម្ពុជា​ ត្រូវ​គេ​ជឿ​ថា​ ធ្វើ​ឡើង​ក្រោម​សម្ពាធ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

ដោយ​ឡែក​ លោក​ អេង​ ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដោយ​ខ្លួន​ឯង​ បាន​ថ្លែង​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ពិធី​ជួបជុំ​ជាមួយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ជា​គណបក្ស​ស្របច្បាប់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ជាង​បី​លាន​នាក់​ដែល​គាំទ្រ​គណបក្ស​ដែល​មាន​អាយុ​ប្រាំ​ឆ្នាំ​មួយនេះ។ លោក​ថា អ្នក​តំណាងរាស្ត្រ​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំងអស់​របស់​គណបក្ស​នេះ​នៅ​តែ​ស្រប​ច្បាប់​ដដែល។​

រូបឯកសារ៖ លោក​ អេង​ ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក​ អេង​ ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ (កាន់ វិច្ឆិកា/VOA)

ក្នុង​ជំនួប​នោះ ​លោក​ អេង​ ឆៃអ៊ាង​ ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​របស់​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង នៅ​អាមេរិក​ បារំាង និង​ប្រទេស​អូស្រ្តាលី​ផង​ដែរ​ ដើម្បី​ទាមទារ​មក​វិញ​នូវ​សេរីភាព​របស់​លោក ​កឹម សុខា និង​ធ្វើ​ឲ្យ​មាន​ប្រក្រតីភាព​ឡើង​វិញ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​បាន​អះអាង​ថា​ គោលជំហរ​របស់​គណបក្ស​សង្គ្រោះជាតិ​ គឺ​មិន​ទទួល​ស្គាល់​សាលក្រម​របស់​តុលាការ​កំពូល​នោះ​ឡើយ។​

«គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​អត់​ទទួលស្គាល់​សាលក្រម​ ឬ​សេចក្តី​សម្រេច​របស់​តុលាការ​ទេ​ ហើយ​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​គណបក្ស​យើង​ នៅ​តែ​រក្សា​ទំាង​អស់​ តំណាងរាស្ត្រ​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅតែ​ជា​តំណាង​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ អា​ហ្នឹង​សុំ​ឲ្យ​បង​ប្អូន​ច្បាស់​ត្រង់​ហ្នឹង!»

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ​ក៏​បាន​ថ្លែង​ស្វាគមន៍​ចំពោះ​ជំហរ​ខ្លាំងក្លា​របស់​រដ្ឋាភិបាល​នានា​ ​និង​អ្នក​នយោបាយ​នៅ​ជុំវិញ​ពិភពលោក​ ក្នុង​ការ​រិះគន់​ចំណាត់ការ​ថ្មីៗ​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​បាន​កត់​សម្គាល់​ថាការ​យក​ចិត្ត​ទុក​ដាក់​នេះ​នឹង​ស្ថិត​នៅ​បន្ត​យូរ​ទៅ​មុខ​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG