ប៉ូលិសបានឃុំខ្លួនមនុស្សជាង ១.០០០ នាក់នៅក្នុងប្រទេសបេឡារុស ក្នុងអំឡុងពេលនៃការតវ៉ាចុងក្រោយបង្អស់ ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងប្រទេសនេះ។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីកាលពីថ្ងៃពុធ។
ការតវ៉ានានាត្រូវបានធ្វើឡើងក្នុងទីក្រុងចំនួន ២៥ កាលពីថ្ងៃអង្គារ និងនៅពេលយប់ទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Olga Chemodanova អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន The Associated Press។ បាតុកររាប់ពាន់នាក់នាំគ្នាតវ៉ានៅក្នុងរដ្ឋធានី Minsk និងនៅតាមទីក្រុងមួយចំនួនទៀតរយៈពេលបីយប់ដើម្បីប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា លោកប្រធានាធិបតី Alexander Lukashenko ឈ្នះការបោះឆ្នោតសម្រាប់តំណែងប្រធានាធិបតីនៅអាណត្តិទី ៦ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៨០%។ អ្នកស្រី Sviatlana Tsikhanouskaya ដែលជាបេក្ខជនចម្បងខាងគណបក្សប្រឆាំង ទទួលបានសំឡេងឆ្នោតគាំទ្រតែ ១០% តែប៉ុណ្ណោះ។ អ្នកស្រីបានទាក់ទាញមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យចូលរួមក្នុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោត ទីដែលអ្នកបោះឆ្នោតបានសម្ដែងការមិនពេញចិត្តចំពោះមេដឹកនាំផ្ដាច់ការលោក Lukashenko ដែលបានកាន់អំណាចអស់រយៈពេល ២៦ ឆ្នាំមកហើយ។
ប៉ូលិសត្រូវបានដាក់ពង្រាយដើម្បីបំបែកហ្វូងបាតុករដែលប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត ដោយប្រើដំបងប៉ូលិស គ្រាប់បែកផ្សែង ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ។ បាតុករម្នាក់បានស្លាប់កាលពីថ្ងៃច័ន្ទ ខណៈពេលដែលមានការបង្ក្រាបលើបាតុករនៅក្នុងរដ្ឋធានី Minsk ហើយមនុស្សជាច្រើននាក់បានរងរបួស។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Viasna ប្រចាំនៅប្រទេសបេឡារុស បានឲ្យដឹងថា បាតុករជាច្រើនដែលបានរងរបួស មិនហ៊ានទៅទទួលការព្យាបាលនៅមន្ទីរពេទ្យទេ ដោយភ័យខ្លាចថា ពួកគេនឹងរងការធ្វើទុក្ខបុកម្នេញចំពោះការចូលរួមធ្វើបាតុកម្ម៕