មន្ត្រីសុខាភិបាលអូស្ត្រាលីកាលពីថ្ងៃសុក្របានធ្វើតេស្តរកមេរោគកូរ៉ូណាប្រភេទថ្មី លើអ្នកដំណើរម្នាក់នៅលើនាវាកម្សាន្តដែលបានសំចតនៅផែទីក្រុងស៊ីដនី ដែលការណ៍នេះបាននាំឲ្យមានការបារម្ភក្នុងចំណោមអ្នកដំណើរថា អាចមានការផ្ទុះរាលដាលមេរោគនេះក្នុងនាវាកម្សាន្តមួយទៀតហើយ។
អាជ្ញាធរបានបញ្ជាឲ្យអ្នកដំណើរទាំងអស់ចាកចេញពីនាវា ខណៈដែលបុគ្គលិកសុខាភិបាលចាប់ផ្តើមសាកល្បងធ្វើតេស្តលើអ្នកដំណើរម្នាក់ដែលបានធ្លាក់ខ្លួនឈឺ ដើម្បីកំណត់ថាតើមានឆ្លងកូរ៉ូណាវីរុសដែរឬទេ។ អាជ្ញាធរថាលទ្ធផលតេស្តនឹងត្រូវគេដឹងនៅថ្ងៃសុក្រ ប៉ុន្តែគេមិនទាន់ដឹងថាតើអ្នកជំងឺនោះត្រូវបានគេយកចេញពីនាវាទៅកាន់មន្ទីរពេទ្យដែរឬទេ។
ក្រុមមន្ត្រីថា មិនមានអ្នកដំណើរណាម្នាក់បានធ្វើដំណើរទៅកាន់ប្រទេសចិននៅពេលថ្មីៗនេះទេ។ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានសម្រេចពន្យារមួយសប្តាហ៍ទៀត នូវបម្រាមចូលប្រទេសអូស្ត្រាលី ចំពោះជនបរទេសណាដែលបានធ្វើដំណើរទៅកាន់ប្រទេសចិនដីគោកក្នុងពេលថ្មីៗនេះ៕