ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រៃ​អង្គាស​ប្រាក់​ឧបត្ថម្ភ​ពី​សាធារណ​ជន


កម្មវិធី​ប្រមូល​មូលនិធិ​សង្គ្រោះ​ជាតិ​របស់​គណបក្ស​សង្គ្រោះជាតិសម្រាប់យុទ្ធនាការ​ឃោសនា។​
កម្មវិធី​ប្រមូល​មូលនិធិ​សង្គ្រោះ​ជាតិ​របស់​គណបក្ស​សង្គ្រោះជាតិសម្រាប់យុទ្ធនាការ​ឃោសនា។​
ដំណាល​គ្នា​នឹង​ធ្វើការ​ឃោសនា​ស្វែង​រក​សំឡេងឆ្នោត​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​មាន​សក្តានុពល ​បាន​យក​វិធី​រៃ​អង្គាស​ថវិកា​អ្នក​គាំទ្រ​និង​សារធារណ​ជន​ដើម្បី​ជួយ​ទ្រទ្រង់​ដំណើរការ​ឃោសនារបស់​ខ្លួន។​

លោកយឹម សុវណ្ណ​ ជា​អ្នក​ទទួល​បន្ទុកការងារ​មូលនិធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ គណបក្ស​សង្គ្រោះ​ជាតិត្រូវ​ការ​ការ​ចូលរួមពីប្រជា​ពលរដ្ឋ​ក្នុង​ការ​ឃោសនា។​

លោក​និយាយថា៖ «នៅ​ក្នុង​ការ​ឃោសនា​ យើង​ចំណាយ​ធនធាន​ច្រើន​ណាស់​ អញ្ចឹង​ហើយ​ប្រជា​ពលរដ្ឋ​មាន​ឆន្ទៈ​ចង់​ចូល​រួម។​ យើង​ក៏​បង្កើត​នូវ​ប្រព័ន្ធ​មួយ​ដើម្បីឲ្យ​ប្រជា​ពលរដ្ឋ​អាច​ចូលរួម​ទាំង​ផ្លូវកាយ​ ផ្លូវ​ចិត្ត ​និង​ថវិកា​ ហើយយើង​យក​ថវិកា​នេះ​ទៅ​ឃោសនា​ ទិញ​មួក ស្ទីកគ័រ​ ខិត​ប័ណ្ណ ​បដា​ដើម្បី​បន្ត​សកម្មភាព​ឃោសនា​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត»។​

គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ជា​គណបក្ស​តែ​មួយ​គត់​ដែល​បាន​បង្កើត​កម្មវិធី​រៃ​អង្គាស​ថវិកា​ពី​មហាជន​ ស្រប​ពេល​ដែល​គណបក្ស​កាន់​អំណាច​បាន​បង្ហាញ​មធ្យោបាយ​គ្រប់​គ្រាន់​ក្នុង​ការ​គ្រប់គ្រង​ការ​ឃោសនា​របស់​ខ្លួន។​

ការ​ប្រមូល​មូលនិធិ​នេះ​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស ​និង​នៅ​សាខា​ទីស្នាក់ការ​កណ្តាល​គណបក្ស​ ឬ​នៅ​ស្តង់​ តាម​គោលដៅ​នានា ​ហើយ​ក៏​មាន​ការ​រៃ​អង្គាស​ចល័ត​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​ឃោសនា​ផង​ដែរ។​

លោក​ឈូ វីរៈខេមរា ​ជា​អតីតប្រធាន​គណបក្ស​សម​ រង្ស៊ី​សង្កាត់​ទន្លេ​បាសាក់ ហើយបច្ចុប្បន្ន​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បញ្ជូល​គ្នា​ជា​មួយ​គណបក្ស​សិទ្ធិ​មនុស្ស។ ​

លោកឈូ វីរៈខេមរា​ ដែល​ប្រចាំ​ការ​នៅ​ស្តង់​មូលនិធិ​ ផ្លូវ​សុធារស បាន​ឲ្យ​ដឹង​ថា ​ បុព្វហេតុ​បង្កើតឲ្យ​មាន​មូលធិនិ​នេះ​ឡើង​គឺ​មាន​ការ​ជំរុញ​ដោយ​ប្រជា​ពលរដ្ឋ។​

លោក​និយាយថា៖ ​«នេះ​ជា​កម្លាំង​របស់​ប្រជា​ពលរដ្ឋដែល ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ដូច្នេះ ​មិន​មែន​គណបក្ស​ជាអ្នក​ចេញ​ទេ។ ដើមឡើយ​ ​ប្រជា​ពលរដ្ឋ​គាត់​ថា​ សូម​ឲ្យ​មេបក្ស​ ឬ​តំណាង​ធ្វើ​ជា​ហិប​មូល​និធិ។​ ដល់អញ្ចឹង ​ពួក​ខ្ញុំ​ប្រជុំគ្នា​ធ្វើ​របាយ​ការណ៍​ទៅ​ថ្នាក់​លើ ​បាន​ចេញ​អញ្ចឹង​មក»។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​ការ​ប្រើប្រាស់​ថវិកា​ទាំង​នោះ​គឺ​សុទ្ធ​តែ​គោល​បំណង​ទៅ​លើ​គណបក្ស​ និង​មាន​ភាព​ច្បាស់​លាស់​ ដោយ​ការ​ផ្ទៀង​ផ្ទាត់​គ្នា​រវាង​ប្រាក់​ក្នុង​ហិប​និង​គល់​បញ្ជី។​

លោក​ឲ្យដឹងថា៖​ «ពួក​គាត់​ថ្នាក់​លើ​ធ្វើ​ការ​បែង​ចែក​ថវិកា​ត្រឹម​ត្រូវ។​ គាត់​ចំណាយ​ដើម្បី​គណបក្ស​ទាំង​អស់ ទី​មួយ​គល់​បញ្ជី ​ទី​ពីរ​ហិប។​ គាត់​រាប់​ក្នុង​នេះ​[ហិប]​ ត្រូវ​ក្នុង​នេះ​ ត្រូវ​[គល់បញ្ជី​]ត្រូវ​បាន​ន័យ​ថា ​OK»។​

លោកឆាយ​ ចន្ទី​ជា​អាជីវករ​មួយ​រូប​នៅផ្សារ​ទួលសង្កែ។ លោក​ដាក់​ថវិកា​ទៅ​ក្នុង​ហិប​បណ្តើរ ​និយាយ​បណ្តើរ​ថា៖​ «នេះ​គឺ​ជា​គំនិត​របស់​ខ្ញុំ​ដែល​ស្រឡាញ់​គណបក្ស​សង្គ្រោះ​ជាតិ។ ​នេះជា​ការស្នេហា​ជាតិ​មួយ​ដែល​យើង​ត្រូវ​ការ​ជួយ​ជាតិ​ទាំង​អស់​គ្នា។​ វានឹង​ជួយ​គ្រប់​យ៉ាង​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ ទិញ​មួក​ អាវ ​ការ​បោះ​ពុម្ព​ក្រដាស​ជាដើម​ តាម​ដែល​គណបក្ស​ត្រូវ​ការ។​ គាត់​យក​លុយ​នឹង​ចុះ​ ខ្ញុំ​មិន​ជឿ​ថា​ គាត់​យក​លុយ​ហ្នឹង​ដាក់​ក្នុង​ហោប៉ៅ​គាត់​ទេ»។​

រីឯ​កញ្ញា សុគន្ធ​ វិជ្ជនី ​ជា​អ្នក​លក់​រូប​ចម្លាក់​ម្នាក់​នៅ​ក្រុង​ភ្នំពេញ។​ កញ្ញា​បាន​បញ្ជាក់​ថា ​ការ​ផ្តល់​ជា​មូល​និធិនេះ​សង្ឃឹម​ថា គណបក្សនឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម​កម្ពុជា​បាន។​

នាង​និយាយ​ថា៖​ «យក​លុយ​មក​ឧបត្ថម្ភ​ខាង​គណបក្ស​សង្រ្គោះ​ជាតិ​នេះ​ សង្ឃឹម​ថា​ នឹង​ឈ្នះ។​ ខ្ញុំ​យល់ថា​ គាត់​ប្រាកដ​ជា​អាច​ទាមទារ​ទឹក​ដី​ជូន​ខ្មែរ​បាន ​សំខាន់​គឺ​កោះត្រល់​ ហើយ​បំបាត់​អំពើ​ពុករលួយ»។​

រហូត​មក​ទល់​ថ្ងៃ​នេះ​ គណបក្ស​ប្រឆាំង​បាន​ប្រមូល​ថវិកា​ពី​សប្បុរសជន​បាន​ចំនួន​ប្រមាណ​ជា​បី​ម៉ឺន​ដុល្លារ។​

លោកកែម​ ឡី​ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ យល់ឃើញ​ថា ចលនា​ប្រមូល​មូល​និធិ​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​ ជា​យន្តការល្អមួយ ​ប៉ុន្តែ​វា​ទាមទារ​ជា​ចាំបាច់​នូវ​តម្លាភាព​នៃ​ការ​ប្រើប្រាស់​ថវិកា​ទាំង​នេះ។​

លោក​និយាយ​ថា៖​ «ចលនា​សុំទាន​ពីសហគមន៍​ជា​យុទ្ធសាស្រ្ត​មួយ​ល្អ​ ឲ្យ​តែ​មាន​អ្នក​មានចិត្ត​សប្បុរសធម៌​ចូល។​ តែ​បើ​មិន​មាន​តម្លាភាពទេ​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់អ្នក​គាំទ្រ​ ឬ​សកម្មជន​នានា»។​

លោកកែម​ ឡី​បាន​បញ្ជាក់ឲ្យ​ដឹង​ទៀត​ថា ​ចលនា​ប្រមូល​មូលនិធិពី​សប្បុរសជននេះ​ពុំ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​រូបភាព​នៃដំណើរ​ការ​ឃោសនានយោបាយ​ ឬ​បង្ហាញ​នូវ​វិសមភាព​ក្នុង​សង្គម​ឡើយ ​ដោយ​ហេតុ​ថា​ ដំណើរ​ការ​ឃោសនា​នយោបាយ​តែង​តែ​ត្រូវការ​ធនធាន​ច្រើន។​

ឆ្លើយ​តប​ទៅ​នឹង​ចំណុច​ខាង​លើ​នេះ​ លោកយឹម សុវណ្ណបាន​បង្ហាញឲ្យ​ដឹងអំពី​ភាព​ច្បាស់លាស់​នៃ​ការ​ប្រមូល​និង​ប្រើប្រាស់មូល​និធិរបស់​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​បន្ត​ថា៖​ «យើងមាន​ប្រព័ន្ធ​សម្រាប់​ប្រមូល។​ ហើយ​នៅ​ពេល​បើក​ធុង​ម្តងៗ​ គឺ​ក្រុម​ការងារ​ទទួល​បន្ទុក​ផ្នែក​ហិរញ្ញ​វត្ថុ​ត្រួត​ពិនិត្យ​ និង​ចុះ​ហត្ថលេខា​ទទួល​ត្រឹម​ត្រូវ​ ដើម្បី​ឲ្យ​ធនធាន​ហ្នឹង​ហូរ​ទៅ​ក្នុង​ការ​ឃោសនា​ពិត​ប្រាកដ​ មិន​ឲ្យ​មាន​ការ​បាត់​បង់»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ការ​ប្រមូល​មូលនិធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិបាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី៣០ ​ខែ​មិថុនា​មក​ម្ល៉េះ ​ហើយ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយនៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​គឺ​នៅ​ថ្ងៃ​ ទី​២៦​ខែ​កក្កដា៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG