ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​ថ្កោលទោស​សារ​គំរាម​របស់​លោក​ហ៊ុន សែន​ ដែល​ចង់​ផ្ដាច់​ផ្តិល​ក្រុម​អ្នក​ប្រឆាំង​រួម​ទាំង​ស្ត្រី


រូបឯកសារ៖ បេក្ខនារី​លេខរៀង​ទី១​ សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ជួបជុំ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ​នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ​​ នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ បេក្ខនារី​លេខរៀង​ទី១​ សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ជួបជុំ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ​នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ​​ នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

ជំនួស​ឲ្យ​ការ​អបអរសាទរ​ទិវា​សិទ្ធិនារី​​អន្តរជាតិ​ គណបក្ស​ប្រឆាំង​បាន​យក​ឱកាស​នេះ​ វាយប្រហារ​លើ​សារ​គំរាម​កំហែង​របស់​លោក​ហ៊ុន សែន​ ដែល​បាន​ព្រមាន​បោសសម្អាត​ខ្សែ​បណ្តាញ​គណបក្ស​សង្គ្រោះជាតិ​ដែល​នៅ​សេស​សល់។

នា​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ​ថ្ងៃ​ទី​៨ ​ខែ​មីនា​ ឆ្នាំ​២០១៩នេះ​ គណបក្ស​ប្រឆាំង​បាន​ប្រកាស​ថ្កោល​ទោស​សារ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ចំពោះ​ការ​ព្រមាន​ផ្ដាច់​ដង្ហើម​បណ្ដាញ​របស់​ក្រុម​គណបក្ស​ប្រឆាំង​នឹង​លោក​ ដែល​បាន​ធ្វើ​ឡើង​កាលពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ VOA ​បាន​ទទួល។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​រំលាយ​ចោល​ទៅ​តាម​សំណើ​របស់​រដ្ឋាភិបាល​ប្រទេស​នេះ​កាលពី​ឆ្នាំ​២០១៧​ បាន​សរសេរ​ថា​ សិទ្ធិ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​របប​លោក​ហ៊ុន សែន​ ដែល​ពុំបាន​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ ក្នុង​នាម​ជា​ហត្ថលេខី​នៃ​សន្ធិ​សញ្ញា​នានា​របស់​អង្គការ​សហប្រជាជាតិ​ ជាពិសេស​អនុសញ្ញា​ស្ដីពី​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ ឬThe Convention on the Elimination of all Forms of Discrimination Against Women (CEDAW)។

​អនុ​សញ្ញា​ CEDAW​ នេះ​ ធានា​ការពារ​សិទ្ធិ​នានា​របស់​ស្ត្រី​ រួមមាន​ សិទ្ធិ​សេដ្ឋកិច្ច​សង្គម​ និង​នយោបាយ។

សេចក្ដីថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​ថ្ងៃ​ទី​៧​ ខែ​មីនា​ ឆ្នាំ​២០១៩​ បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖​

«គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​សេចក្ដី​ថ្លែង​របស់​លោក​ហ៊ុន សែន​ ដែល​ត្រូវ​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៤​ ខែ​កុម្ភៈ​កន្លងទៅ ដែល​ក្នុង​នោះ​ លោកហ៊ុន សែន​ បាន​និយាយ​ថា​ […]​ នឹង​កម្ចាត់​ចោល​កម្លាំង​ប្រឆាំង​ទាំង​អស់​ ដែល​ជា​បណ្ដាញ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ [...]​ គឺជា​សារ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត​ ព្រោះ​សារ​នេះ​មាន​លក្ខណៈ​ជា​បទ​បញ្ជាដោយ​ផ្ទាល់​ ឲ្យ​ប្រើ​អំពើ​ហិង្សា​ទៅលើ​ ឬ​សម្លាប់​សមាជិក​-សមាជិកា​ សកម្មជន​ និងអ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​យ៉ាង​ហោចណាស់​មាន​ស្ត្រី​ជិត​ពាក់​កណ្ដាល»។

គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ផ្ដល់​ការ​កត់​សម្គាល់​ថា​ ក្នុង​ចំណោម​អាសនៈ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​៥០០៧​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ឆ្នាំ​២០១៧​កន្លងមក​ «មាន​អាសនៈ​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់​ចំនួន៥០០ ដែល​ឈ្នះ​ដោយ​បេក្ខជន​ជា​ស្ត្រី»។ ចំពោះ​ការបោះឆ្នោត​ជាតិ​ ឆ្នាំ​២០១៣​ និង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ឆ្នាំ​២០១៧​ គណបក្ស​សង្គ្រោះ​ជាតិ​ ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​ជាង​ ៣​លាន​សំឡេង​ ដែល​ក្នុង​នោះ​ចំនួន​ពាក់​កណ្ដាល​នៃ​អ្នកបោះឆ្នោត​ គឺ​ជា​ស្ត្រី។

រូបឯកសារ៖ បេក្ខនារី​លេខរៀង​ទី១​ សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ជួបជុំ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ​នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ បេក្ខនារី​លេខរៀង​ទី១​ សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ជួបជុំ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ​នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​ សារ​ព្រមាន​បញ្ជា​ឱ្យ​កម្ទេច​គណបក្ស​ប្រឆាំង​បន្ថែម​ទៀត​នេះ​ គឺ​ជា​ការ​បង្កើន​នូវ​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង​ក្នុង​ការ​សម្លាប់​រង្គាល​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មិន​ធ្លាប់​កើត​មាន ចាប់​តាំង​ពី​របប​ខ្មែរក្រហម​មក។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​របស់​គណបក្ស​ប្រឆាំង ​បាន​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«ការ​គំរាម​កំហែង​ ការ​បំភិត​បំភ័យ​ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ ទោះ​ក្នុង​រូបភាព​ណា​ក៏ដោយ​ទៅ​លើ​ស្ត្រី​ គឺ​ជា​ការ​គំរាម​កំហែង​ដល់​សិទ្ធិ​សេរីភាព​ និង​សុខដុម​រមនា​របស់​ស្ត្រី។​ សន្តិភាព​សម្រាប់​ស្ត្រី​ គឺ​ជា​ការ​លុបបំបាត់​នូវ​ការ​រើស​អើង​ ការ​លាប​ពណ៌​ ការ​គំរាម​កំហែង​ ការ​បំភិតបំភ័យ​ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ តាម​គ្រប់​រូប​ភាព​ចំពោះ​ស្ត្រី»។​

​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​របស់គណបក្ស​សង្គ្រោះ​ជាតិ ​ប្រឆាំង​នឹង​ពាក្យ​គំរាម​កំហែង​របស់​លោក​ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​មក​នោះ​ ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុងបន្ត​នីតិវិធី​រៀប​ចំ​ព្យួរ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ តាម​កម្មវិធី​ពាណិជ្ជកម្ម​ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​អាវុធ​»​ ឬ​ EBA ​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ។

ក្នុង​ខ្សែអាត់​សំឡេង​មួយ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ត្រូវ​បានគេ​ធ្វើ​ឲ្យលេច​ធ្លាយ​កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ គេ​ឮ​សំឡេង​លោក​ហ៊ុន សែន​ បានលើកឡើង​ថា​ ​មិន​យក​អធិបតេយ្យភាព​ជាតិ​ទៅ​ប្ដូរ​យក​ជំនួយ​បរទេស​នោះ​ទេ ហើយ​ថា ការ​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA ​នឹង​ផ្ដល់​ឱកាស​ឲ្យ​កម្ពុជា​ ពង្រឹង​ផ្ទៃ​ក្នុង​ខ្លួន​ ហើយ​ក៏​ជា​ឱកាស​សម្រាប់​លោក​កម្ចាត់​ចោល​ក្រុម​ប្រឆាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​នៅ​សេស​សល់​ក្នុង​ប្រទេស។

«ទី​មួយ​គឺ​ប្រើ​ប្រាស់​នូវ​បញ្ហា​ប្រឈម​រឿង​ការ​ដក​ភាព​អនុគ្រោះ​ពី​ EU​ នេះ​ទៅ​ជា​កាលានុវត្ត​ភាព​ដើម្បី​ពង្រឹង​ ខិត​ខំ​ធ្វើ​ការ​នៅ​ខាង​ក្នុង​ហ្នឹង​មួយ​ផ្នែក។ ​មួយ​ផ្នែក​ទៀត​គឺ​រឹត​ពួក​អា​ប្រឆាំង​ដែល​នៅ​សេស​សល់​ឲ្យ​វា​រលំ​រលាយ​កាន់តែ​ឆាប់​ ព្រោះ​គ្មាន​អ្នកណា​នឹង​ត្រូវ​មក​ប្រដៅ​យើង​បាន​ទៀត​ទេ​ ព្រោះ​អ្នក​ឯង​បាន​ធ្វើ​ចំពោះ​ខ្ញុំ​យ៉ាង​ដូច្នេះ​ហើយ។ ដូច្នេះ​គឺ​ជា​ឱកាស​ដើម្បី​យើង​លត់​ពួក​អា​នៅ​ខាង​ក្នុង​ផ្ដាច់​ខ្សែ​សង្វាក់​ ផ្ដាច់​ខ្សែ​សង្វាក់​របស់​វា​ឲ្យ​អស់»។

VOA ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក ​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។

​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩​ គឺ​នៅ​ក្រោយ​ការ​បែក​ធ្លាយ​ខ្សែ​អាត់​សំឡេង​របស់​លោក​ហ៊ុន​ សែន ​នោះ​ អ្នក​ស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រាប់​ VOA ​តាម​សារ​ឆ្លើយ​ឆ្លង​អេឡិចត្រូនិក​មួយ​ថា​ លោក​ហ៊ុន សែន​ កំពុង​បង្ក​បញ្ហា​ដែល​អាច​ដាក់​បន្ទុក​បន្ថែម​លើ​កម្ពុជា​ឲ្យបាត់​បង់ប្រព័ន្ធអនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប។

អ្នកស្រី​មានប្រសាសន៍​ថា​ ​លោក​ហ៊ុន សែន​ គួរ​ឈប់​ប្រើ​ភាសា​គំរាម​កំហែង​ ហើយ​ត្រូវ​ប្រញាប់​ដោះ​ស្រាយ​ជាបន្ទាន់​ជាមួយ​សហភាព​អឺរ៉ុប​ ពាក់​ព័ន្ធ​នឹង​ការ​ស្តា​ការ​គោរព​សិទ្ធិ​មនុស្ស​ ​ការ​ផ្ដល់​សិទ្ធិ​ពេញ​លេញ​ឲ្យ​ក្រុម​អ្នក​នយោបាយ​ជំទាស់​ និង​សេរីភាព​ដល់​សង្គម​ស៊ីវិល​ និងសារ​ព័ត៌មាន​ឯករាជ្យ​ឡើងវិញ។

អនុ​ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ​ សង្កត់ធ្ងន់​ថា​ ការ​អូស​បន្លាយ​ពេល​វេលា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចំណុច​អវិជ្ជមាន​ទាំង​អស់​នេះ​ នឹង​ដាក់​សម្ពាធ​ដល់​អ្នក​បញ្ជា​ទិញ​ក្នុង​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​ទីផ្សារ​របស់​សហភាព​អឺរ៉ុប។

«ខ្ញុំ​យល់​ឃើញ​ថា​ លោក​ ហ៊ុន សែន​ កំពុង​តែ​អូសទាញ​យក​ពេល​វេលា​ទេ​ ពី​ព្រោះ​គាត់​មាន​ប្រសាសន៍​អំពី​១៨​ខែ​ ប៉ុន្តែ​កុំ​អូស​ពេល​វេលា​ ខុស​ហើយ​ ពីព្រោះ​ម្ចាស់​គេ​ទិញ​ គេ​ដាក់​បញ្ជា​ទិញ​នៅ​ក្នុង​សម្រាប់​ការ​ផលិត​ នៅ​រោង​ចក្រ​ក្ដី​ នៅ​តាម​ទីផ្សារ​កសិកម្ម​ក្ដី​ គេ​បញ្ជា​មុន​ប្រាំមួយ​ខែ​ ឬ​មួយ​ឆ្នាំ​មុន ដើម្បី​ឲ្យ​យើង​ផលិត​ឲ្យ​ទាន់​ពេល​វេលា​ តែបើ​សិន​ជា​ឃើញ​ថា​ ក្នុង​១៨​ខែ​ទៀតនឹង​អស់​អនុគ្រោះ​ពន្ធ​ហើយ​ គេអត់​បញ្ជា​ទិញ​ពី​ពេល​នេះ​ទៅ​ ចាប់​ផ្ដើម​ស្លាប់​ពី​ពេល​នេះ​ទៅ​ មិនមែន​១៨​ខែ​ទៀត​ បាន​យើង​ស្លាប់​ទេ។ ចា៎ អ្នកណា​គេ​វិនិយោគ​ បើ​គេ​ដឹង​ថា​ ប្រទេស​កម្ពុជា​ នឹង​ទទួល​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប? គេ​វិនិយោគ​ធ្វើ​អី​ ខាត​ទុន​គេ​ណ៎ា!»។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​ដដែល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ធ្វើឡើង​មួយ​ថ្ងៃ​មុន​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ គណបក្ស​ប្រឆាំង​បញ្ជាក់​ថា​ ខ្លួន​គោរព​ការពារ​ និង​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​ ដែល​ជា​សិទ្ធិ​មនុស្ស។

សន្តិភាព​សម្រាប់​ស្ត្រី​មាន​ន័យ​ថា​ ស្ត្រីអាច​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ដោយ​សុខដុមរមនា​ ជាពិសេស​សិទ្ធិ​នយោបាយ​ ក្នុង​ការ​អាច​ឈរ​ឈ្មោះ​បោះឆ្នោត​ និង​បោះឆ្នោត​ជ្រើស​រើស​គណបក្សនយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត​ ដោយ​គ្មាន​ការ​គំរាម​កំហែង​ ការ​បំភិត​បំភ័យ​ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ៕

XS
SM
MD
LG