គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) បានបិទបញ្ចប់ការចុះបញ្ជីឈ្មោះគណបក្សនយោបាយ និងបេក្ខជនសម្រាប់ការបោះឆ្នោតសភា ខែកក្កដាឆ្នាំ២០១៨ នៅថ្ងៃចន្ទនេះ ដោយមិនមានការពន្យារពេលបន្ថែម និងវត្តមានរបស់គណបក្សប្រឆាំងសង្គ្រោះជាតិ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យគ.ជ.ប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃចន្ទនេះថា គ្មានការពន្យារពេលបន្ថែមទេ សម្រាប់ការចុះបញ្ជីគណបក្សនយោបាយដោយមិនគិតដល់លទ្ធភាពនៃការឈានដល់ការស្រុះស្រួលខាងនយោបាយណាមួយរបស់គណបក្សប្រឆាំង និងគណបក្សកាន់អំណាច។
«ក្នុងករណីបែបណាក៏ដោយ ប្រតិទិនដើរ ដើរទៅមុខហើយ អញ្ជឹងចង់មានន័យថា គ.ជ.ប ជាស្ថាប័នបច្ចេកទេសមួយ អញ្ជឹងបើសិនជាមានការរអាក់រអួល នៅជ្រុងណាមួយ វាធ្វើឲ្យពាក់ព័ន្ធដល់ការងារបចេ្ចកទេស អញ្ជឹងការពន្យារយ៉ាងណានោះគឺ មិនអាចធ្វើទៅកើតទេបាទ»។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលមានរយៈពេល ១៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី៣០ ខែមេសា ត្រូវបានបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នេះ ត្រឹមវេលាម៉ោង១៧ និង៣០នាទី។
រហូតមកដល់ល្ងាចថ្ងៃចន្ទនេះ មានគណបក្សនយោបាយបួនត្រូវបានគ.ជ.ប ទទួលស្គាល់សម្រាប់ការចូលរួមឈរឈ្មោះបោះឆ្នោត ដែលរួមមានគណបក្សយុវជនកម្ពុជា គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។គណបក្សចំនួន៦ទៀត កំពុងស្ថិតក្រោមការពិនិត្យរបស់ គ.ជ.ប ក្នុងនោះមានគណបក្សហ៊្វុនស៊ីនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ អតីតនាយករដ្ឋមន្ត្រី គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុសំបុកឃ្មុំ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់បញ្ញាវន្តមួយក្រុម។
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយថ្លែងប្រាប់ VOA នៅល្ងាចថ្ងៃចន្ទនេះថា ការហាមឃាត់មិនឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនាពេលខាងមុខ បានឆ្លុះបញ្ចាំងថា គ្មានប្រជាធិបតេយ្យនៅក្នុងដំណើរប្រកួតប្រជែងនៃការបោះឆ្នោតនោះឡើយ។
«ប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ហើយបើគូបដិបក្ខប្រកួតប្រជែងគ្នា ដែលមានកម្លាំងស្មើគ្នា ប្រហាក់ប្រហែលគ្នា ហើយមិនបានចូលប្រកួតអាហ្នឹង វាមិនមែនការប្រកួតប្រជែងគ្នា ផ្អែកទៅលើគោលការណ៍ប្រជាធិបតេយ្យទេ»។
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អ.ស.ប.ដែលបានបន្តឃ្លាំមើលការវិវត្តន៍ស្ថានការណ៍សិទ្ធិមនុស្សនិងនយោបាយកម្ពុជាយ៉ាងដិតដល់នោះ បានថ្លែងតាមសេចក្ដីប្រកាសព័ត៌មានមួយថា ការបោះឆ្នោតនៅពេលខាងមុខ គឺជាការបោះឆ្នោតមិនពិតប្រាកដ ប្រសិនបើគណបក្សប្រឆាំងដ៏ធំមួយ ត្រូវបានផាត់ចេញពីបញ្ជីឈ្មោះបោះឆ្នោត។ អ្នកស្រីក៏បានស្នើឲ្យរដ្ឋាភិបាលដោះលែងមេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ឃុំជាបន្ទាន់ និងលុបចោលការហាមឃាត់សមាជិកគណបក្សប្រឆាំងក្នុងការចូលរួមការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោក ម៉ៅ មុនីវណ្ណ អ្នកនយោបាយរបស់គណបក្សប្រឆាំងសង្គ្រោះជាតិ ដែលត្រូវបានរំលាយតាមសាលដីកាតុលាការកំពូល បានថ្លែងបញ្ជាក់បន្ថែមថា តាមគោលជំហររបស់លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិគឺប្រជាពលរដ្ឋមិនគួរទៅបោះឆ្នោតនោះឡើយ ហើយថាការបោះឆ្នោតដែលគ្មានការចូលរួមរបស់គណបក្សប្រឆាំងដ៏ធំមួយ នឹងនាំមកនូវវិបត្តិនៃការមិនទទួលស្គាល់ភាពស្របច្បាប់របស់សហគមន៍ប្រជាធិបតេយ្យ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា ការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត អាចប្រឈមនឹងវិធានការច្បាប់ ដែលបានផ្តល់សិទ្ធិអំណាចពេញលេញដល់ប្រជាពលរដ្ឋក្នុងការបញ្ចេញឆន្ទៈនយោបាយរបស់ខ្លួន ដោយគ្មានការរារាំងពីក្រុម ឬបុគ្គលណាមួយ។
«ការអំពាវនាវណាមួយដែលមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬក៏មានការចែកខិតប័ណ្ណនោះគឺជាការដើរបញ្ច្រាសច្បាប់ ហើយនិងសង្គមជាក់ស្តែង ច្បាប់ហ្នឹងគឺថា ចែងឲ្យប្រជាពលរដ្ឋប្រាំឆ្នាំទៅបោះម្តង ហើយសង្គមជាក់ស្តែង ប្រជាពលរដ្ឋនៅទូទាំងប្រទេស គណបក្សនយោបាយហ្នឹងក៏កំពុងតែមកចុះឈ្មោះច្រើន អ៊ីចឹងយើងឃើញថា អ្វីដែលជាការលើកឡើងខាងដើមវាគ្រាន់តែជាការរំខានដល់ប្រជាពលរដ្ឋ ដល់ដំណើរការប្រជាធិបតេយ្យ ដែលតាមរយៈការបោះឆ្នោតនេះ»។
ក្នុងបទសម្ភាសន៍ជាមួយ VOA តាមរយៈកម្មវិធី Hello VOA ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន លោក សម រង្ស៊ី ដែលបច្ចុប្បន្នជាមេដឹកនាំចលនាសង្គ្រោះជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំទៅបោះឆ្នោតដើម្បីយកជ័យជម្នះ លើគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកបានថ្លែងដោយយោងតាមការប្រកាសរបស់អ្នកស្រី ស្មីត ថា ការបោះឆ្នោតខាងមុខគឺជាការបោះឆ្នោតក្លែងក្លាយ ប្រសិនបើគ្មានគណបក្សសង្គ្រោះជាតិចូលរួមនោះ។
លោក សម រង្ស៊ីបានចោទលោក ហ៊ុន សែន ថា បានសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមការកម្ទេចគណបក្សសង្គ្រោះជាតិ។ លោក សម រង្ស៊ី បានអំពាវនាវឲ្យលោក ហ៊ុន សែន និងក្រុមមន្ត្រីរបស់លោកស្តារស្ថានការណ៍នយោបាយឡើងវិញ ដោយការធ្វើឲ្យដំណើរការដូចដើមវិញរបស់គណបក្សសង្គ្រោះជាតិ និងការអនុញ្ញតឲ្យគណបក្សនេះបានចូលរួមក្នុងការបោះឆ្នោត។
ក៏ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេសថ្លែងថា អវត្តមានរបស់គណបក្សសង្គ្រោះជាតិនឹងមិនអាចបង្អាក់ដំណើរប្រជាធិបតេយ្យនៅកម្ពុជាទេ។លោកថា មានគណបក្សជាច្រើនបានចួលរួមការបោះឆ្នោត ជំនួសឲ្យគណបក្សសង្គ្រោះជាតិ ដែលបានស្លាប់ទៅហើយនោះ៕