មានគណបក្សនយោបាយជាច្រើន បានចុះឈ្មោះ និងត្រៀមបន្តចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ទោះជាមេដឹកនាំមួយចំនួននៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ កំពុងអំពាវនាវឲ្យពលរដ្ឋធ្វើពហិការកុំចូលរួមបោះឆ្នោតក្តី។
ក្រុមមន្ត្រីរៀបចំការបោះឆ្នោត និងឯកសារដែល VOA ទទួលបានបង្ហាញឲ្យឃើញថា មានគណបក្ស២៣ ត្រូវគេដឹងថាអាចនឹងត្រៀមចុះបញ្ជីឈ្មោះ ក្នុងនោះគណបក្សចំនួន៣ ហើយដែលបានចុះបញ្ជីរួចរាល់ ទោះជាមេដឹកនាំក្រុមជំទាស់អំពាវនាវដល់ពលរដ្ឋមិនឲ្យចេញទៅបោះឆ្នោតក្តី។
ក្នុងចំណោមគណបក្សនយោបាយចំនួន៣៨ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានគណបក្សចំនួនតែ៣ ប៉ុណ្ណោះ ដែលបានចុះបញ្ជីគណបក្ស និងបេក្ខជនរួចរាល់ ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា។ ដោយឡែកគណបក្សនយោបាយចំនួន២ទៀត កំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់ គ.ជ.ប ចំពោះការបំពេញនីតិវិធី ចុះឈ្មោះ ក្រៅពីគណបក្សមួយចំនួនទៀតកំពុងទាក់ទងទៅកាន់ គ.ជ.ប។
សេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងថា៖ «ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែមេសា ហើយនិងបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៧ និង៣០នាទី»។
ក្នុងចំណោមគណបក្សចំនួន២៣ ឯកសារ គ.ជ.ប បានបញ្ជាក់ថា មានគណបក្សពីរដែលត្រូវប្រកាសថា មិនទាក់ទងមក គ.ជ.ប ដោយសារប្រកាសមិនចូលរួមការបោះឆ្នោត។ គណបក្សទាំងពីរនោះ គឺគណបក្សភ្លើងទៀន និងគណបក្សអំណាចខ្មែរ។
ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជន ហើយនឹងការត្រៀមចុះឈ្មោះ គណបក្សនយោបាយផ្សេងៗទៀតជាច្រើននេះ កើតឡើងដំណាលគ្នាដែលអតីត មេដឹកនាំ គណបក្សជំទាស់ គឺលោក សម រង្ស៊ី បានអំពាវនាវដល់ពលរដ្ឋអ្នកបោះឆ្នោត ធ្វើពហិការ កុំចេញទៅបោះឆ្នោត បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ដែលអាជ្ញាធរ គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលាយ បានដកសិទ្ធិចូលរួមការបោះឆ្នោត និងរងទុក្ខបុកម្នេញនយោបាយមុនការបោះឆ្នោតនោះ។
សហគមន៍អន្តរជាតិបានស្នើសុំជាបន្តបន្ទាប់ឲ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអនុញ្ញាតឲ្យគណបក្សនេះ ដែលមានកម្លាំងប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានចូលរួមការបោះឆ្នោត ទោះជាតុលាការកម្ពុជា បានចោទប្រកាន់ថាលោក កឹម សុខា មានជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្តី។
ក្រុមមន្ត្រីគណបក្សគ្រប់គ្រងប្រទេស បានបញ្ជាក់ជាច្រើនលើកហើយ ដោយបន្ទរតាមការព្រមានឲ្យដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ នឹងនៅតែប្រព្រឹត្តទៅដូចការគ្រោងទុក ទោះមានការចូលរួមពីគណបក្សជំទាស់ ឬគ្មានការចូលរួមក្តី។នោះជាការប្រកាសបន្ថែមពីលើការវាយបកទៅលើលោកខាងលិចថា កម្ពុជាមិនត្រូវការឲ្យប្រទេសណាផ្តល់ភាពស្របច្បាប់ដល់ខ្លួនដែរ។
មេដឹកនាំកម្ពុជា បានថ្លែងដូច្នេះក្រោយពេល ដែលមានការកាត់ជំនួយពី ស.រ.អា សហភាពអឺរ៉ុប ការព្រមានពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើការនាំចូលទំនិញដោយរួចពន្ធពីកម្ពុជា ការកាត់ជំនួយមួយចំនួន ការព្រមានពីការបង្កកទ្រព្យសម្បត្តិ និងការមិនផ្តល់ទិដ្ឋាការដល់បុគ្គលមួយចំនួនក្នុងរដ្ឋាភិបាលនិងគ្រួសារ ដែលគេរកឃើញថាជាអ្នកបំផ្លាញប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា៕