ប្រធានគណបក្សកម្លាំងជាតិ និងជាអតីតមន្រ្តីជាន់ខ្ពស់ម្នាក់នៃគណបក្សភ្លើងទៀន លោក ស៊ុន ចន្ធី បានបដិសេធថា លោកមិនបានឆបោកលុយពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំឡើយ។
ការបដិសេធនេះ កើតឡើងបន្ទាប់ពីសមាជិកក្រុមប្រឹក្សាចំនួន ៨ នាក់ បានប្តឹងលោក ស៊ុន ចន្ធី អតីតប្រធានប្រត្តិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ធំ ឱ្យសងប្រាក់សរុបជាង ១២ លានរៀលដល់ពួកគេវិញ។ ពួកគេចោទលោក ស៊ុន ចន្ធី ពីបទ«ឆបោក»។
អ្នកចូលរួមប្តឹងបានទាមទារឱ្យតុលាការផ្តន្ទាទោសលោក ស៊ុន ចន្ធី តាមច្បាប់ សងប្រាក់ចំនួន ១២លាន ៨សែនរៀល និងសងប្រាក់ជំងឺចិត្តចំនួន ៥.០០០ដុល្លារ ដល់ក្រុមអ្នកប្តឹង។ នេះបើតាមពាក្យបណ្តឹងមួយច្បាប់ដែលមនុស្សទាំង ៨ នាក់ ផ្តិតមេដៃ និងឃើញមានការបោះត្រាចូល របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៤។
អ្នកប្តឹងទាំង ៨ នាក់នោះ រួមមានលោក ស៊ន ស៊ុនហេង លោក នេត សៅ លោក ពត ធារ៉ា អ្នកស្រី សៀង ស៊ីណន លោក អៀវ វ៉ាន់សៀង លោក អ៊ិត ចាន់លី លោក កែវ យីន និងលោក ឃឹម ឈន។ ពួកគេគឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតគណបក្សភ្លើងទៀន ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ អាណត្តិទី ៥។
ពាក្យបណ្តឹងដែលវីអូអេទទួលបាន បញ្ជាក់ថា៖ «ក្រោយពីបានប្រមូលថវិកាពីសមាជិកចំនួន ១៩ នាក់ដែលមានថវិកាចំនួន ២៨.៤០០.០០០ រៀល ហើយឈ្មោះ ស៊ុន ចន្ធី ក៏បានសន្យាថា បើគណបក្សភ្លើងទៀនមិនបានធ្វើការឃោសនាទេ នោះលោកនឹងប្រគល់ប្រាក់ដែលបានបង់ទាំងអស់នោះ ឱ្យសមាជិកទាំង ១៩ នាក់វិញ។ ក្រោយមកទៀត ស្រាប់តែឈ្មោះ ស៊ុន ចន្ធី បានលាឈប់ពីប្រធានប្រត្តិបត្តិគណបក្សភ្លើងទៀន ហើយបានយកថវិកាដែលបានប្រមូលទាំងអស់ទៅបង្កើតគណបក្សផ្សេងមួយទៀត ដោយមិនបានប្រគល់ថវិកាទាំងអស់នោះមកវិញទេ»។
ទាក់ទងនឹងការចោទប្រកាន់នេះ លោក ស៊ុន ចន្ធី បដិសេធថា លោកមិនបានយកលុយពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតគណបក្សភ្លើងទៀន ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីបង្កើតគណបក្សថ្មី ដែលលោកទើបតែបង្កើតឡើងនេះ ទេ។
លោក ស៊ុន ចន្ធី ដែលបានលាលែងពីសមាជិកភាពពីគណបក្សភ្លើងទៀន កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ បានការពារខ្លួនថា ការប្រមូលលុយពីសមាជិកសកម្មរបស់គណបក្សភ្លើងទៀន និងជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោត នៅពេលដែលលោកធ្វើជាប្រធានប្រតិបត្តិប្រចាំខេត្តកំពង់ធំ ធ្វើឡើងតាមគោលការណ៍របស់គណបក្សភ្លើងទៀនតែប៉ុណ្ណោះ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «មិនមែនខ្ញុំជាអ្នកប្រមូលលុយហ្នឹងទេ បាទ។ វាជាការអនុវត្តគោលការណ៍រួមរបស់គណបក្សនយោបាយ មិនចំពោះអ្នកជាប់ឆ្នោត អ្នកមិនជាប់ទេ ឱ្យតែជាសមាជិកសកម្មរបស់គណបក្ស ត្រូវមានកាតព្វកិច្ច បង់ចូល ដើម្បីទ្រទ្រង់គណបក្ស ទៅតាមការកំណត់របស់គណបក្ស ដោយឈរលើគោលការណ៍ឯកភាពគ្នាជារួម។ អ៊ីចឹងកាលដែលខ្ញុំធ្លាប់ដឹកនាំគណបក្សភ្លើងទៀន ក៏ខ្ញុំអនុវត្តទៅតាមគោលការណ៍ណែនាំរបស់គណបក្សថ្នាក់ជាតិដែរ គឺអនុវត្តការចូលរួមកាតព្វកិច្ចទ្រទ្រង់គណបក្ស ជាទូទាំងប្រទេស មិនមែនតែខេត្តកំពង់ធំទេ»។
បើតាមលោក ស៊ុន ចន្ធី លុយដែលប្រមូលបានពីសមាជិកសកម្មនៅក្នុងខេត្តកំពង់ធំ គឺបានចំណាយ ដើម្បីទ្រទ្រង់សកម្មភាពគណបក្ស និងការចំណាយផ្សេងៗ ដូចជាការទិញអាវ មួក សម្រាប់ត្រៀមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣ ប៉ុន្តែគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងឡើយ។
លោកបន្ថែមថា៖ «អ៊ីចឹងយើងបានចំណាយរាប់ម៉ឺនដុល្លារ ប៉ុន្តែជាអកុសលថវិកាដែលយើងបានចំណាយ ទិញសម្ភារៈទាំងអស់ហ្នឹង យើងអត់បានយកមកប្រើប្រាស់សម្រាប់ការបោះឆ្នោតទេ ដោយសារគណបក្សត្រូវបានគេផាត់ចេញពីការបោះឆ្នោត អ៊ីចឹងយើងខាតទាំងអស់ សម្ភារៈ អាវ មួក ដែលយើងបានទិញរាប់ម៉ឺនដុល្លារ គឺទុកចោល»។
លោក ស៊ុន ចន្ធី ចាត់ទុកការប្តឹងរូបលោកនៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ធ្វើឡើងក្រោមហេតុផលនយោបាយ ជាការគំរាមកំហែង និងបំបាក់ទឹកចិត្តដល់អង្គបោះឆ្នោតគណបក្សភ្លើងទៀន កុំបោះឆ្នោតឱ្យរូបលោកនៅក្នុងការបោះឆ្នោតនាថ្ងៃទី ២៥ ខែកុម្ភៈខាងមុខ។
លោកបញ្ជាក់ថា៖ «វាអត់មានលើកឡើងករណីហ្នឹង ករណីបទឆបោក ដូចការលើកឡើង ដូចក្នុងពាក្យបណ្តឹងដែលគេរៀបចំហ្នឹងទេ។ ដូច្នេះសរុបមកវិញ ករណីនេះ វាជាករណីហេតុផលនយោបាយ ការគំរាមកំហែងនយោបាយ ដោយសារខ្ញុំជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា តំណាងឱ្យគណបក្សកម្លាំងជាតិ ហើយជាអតីតអ្នកទទួលខុសត្រូវ អ្នកដឹកនាំគណបក្សភ្លើងទៀន នៅខេត្តកំពង់ធំ ដូច្នេះក្រុមប្រឹក្សាឃុំសង្កាត់ច្រើនលើសលប់ គេមានសមានចិត្តជាមួយគណបក្ស ជាមួយខ្ញុំត្រៀមបោះឆ្នោតឱ្យខ្ញុំ»។
ប្រធានគណបក្សកម្លាំងជាតិរូបនេះបន្ថែមថា ប្រសិនបើតុលាការពិតជាកោះហៅរូបលោកពិតមែន នោះលោកនឹងចូលបំភ្លឺ។
លោក ស៊ន ស៊ុនហេង ប្រធានប្រតិបត្តិស្តីទីគណបក្សភ្លើងទៀន ស្រុកសន្ទុក ដែលចូលរួមដាក់ពាក្យបណ្តឹងនេះ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការប្តឹងនេះ ដោយសារលោកធ្លាប់ទទួលបានការសន្យាថា បើសិនជាគណបក្សភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ ២០២៣ បាន នោះគណបក្សនឹងផ្តល់ប្រាក់ឱ្យវិញ ដែលបុគ្គលម្នាក់ចូលរួមថវិកាចំនួន ១លាន ៦០ម៉ឺន ឬប្រមាណ ៤០០ ដុល្លារអាមេរិកដល់គណបក្សភ្លើងទៀន។
លោកថ្លែងថា៖ «ការឆបោក វាបញ្ហាថវិកាហ្នឹង ពីដើម គណបក្សភ្លើងទៀន គ្រប់ឃុំទាំងអស់ដែលជាប់ឆ្នោតក្នុងអាណត្តិទី ៥ នេះ គឺឱ្យបង់វិភាគទានក្នុងម្នាក់ ១លាន ៦០ម៉ឺន ដើម្បីឃោសនាបោះឆ្នោតថ្នាក់ជាតិ។ ដល់ពេលឆ្នាំ ២០២៣ គណបក្សភ្លើងទៀនអត់បានបោះ គេថាបើមិនបានបោះទេ លុយហ្នឹង នឹងបង្វិលមកឱ្យវិញ។ ដល់ហើយមិនបង្វិលមកឱ្យវិញ វាយកលុយទៅប្រើការគណបក្សផ្សេងហ្មង»។
ចំណែកអ្នកស្រី សៀង ស៊ីណន ជំទប់ទី ២ ឃុំត្បូងក្រពើ ស្រុកសន្ទុក ដែលចូលរួមដាក់ពាក្យបណ្តឹងនេះ អះអាងថាលោក ស៊ុន ចន្ធី និងបក្សពួកបានសន្យាជាពាក្យសម្តីថានឹងបង្វិលប្រាក់ដល់ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតវិញ ប្រសិនបើគណបក្សភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំមុនបាន។
អ្នកស្រីថ្លែងថា៖ «លុយហ្នឹង វាពាក់ព័ន្ធគណបក្សភ្លើងទៀន ដែលសមាជិកគណបក្សភ្លើងទៀនបំពេញកាតព្វកិច្ចបង់ឱ្យគណបក្សភ្លើងទៀន ដើម្បីធ្វើឃោសនាបោះឆ្នោតឆ្នាំ ២០២៣។ ហើយខាង ស៊ុន ចន្ធី បានសន្យាថា នៅពេលបោះឆ្នោតឆ្នាំ ២០២៣ ប្រសិនបើមិនបានបោះឆ្នោតឆ្នាំ ២០២៣ ទេ នឹងបង្វិលថវិកាហ្នឹងមកឱ្យពួកយើងខ្ញុំវិញ។ ដល់ពេលឆ្នាំ ២០២៣ គណបក្សភ្លើងទៀន ពុំបានឃោសនាបោះឆ្នោតទេ ដល់ហើយពួកខ្ញុំចាំមើលតើ ស៊ុន ចន្ធី ហ្នឹងបានបង្វិលទឹកប្រាក់ ឱ្យពួកខ្ញុំតាមកិច្ចសន្យាឬមួយយ៉ាងម៉េច? ទីបំផុតមានតែទារថែម»។
លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ប្រាប់វីអូអេជាអក្សរតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃអង្គារនេះថា គណបក្សភ្លើងទៀនមិនពាក់ព័ន្ធនឹងការប្តឹងនេះទេ ហើយរឿងនេះគឺជារឿងផ្ទាល់ខ្លួនរបស់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតទាំងនោះតែប៉ុណ្ណោះ។ លោកបន្ថែមថា គណបក្សក៏មិនមានគោលការណ៍ឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោត បង់ប្រាក់ចំនួន ១លាន ៦សែនរៀល ចូលគណបក្សខេត្តឡើយ។
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិដែលរងពាក្យបណ្តឹងនេះ អះអាងថាអំឡុងពេលលោកធ្វើនយោបាយជាមួយគណបក្សភ្លើងទៀន លោកក៏បានចំណាយប្រាក់រាប់ម៉ឺនដុល្លារផងដែរ ដូច្នេះការចូលរួមថវិកា គឺជាការអនុវត្តកាតព្វកិច្ច និងជាការស្ម័គ្រចិត្តតែប៉ុណ្ណោះ៕
វេទិកាបញ្ចេញមតិ