ភ្នំពេញ —
រយៈពេលមួយថ្ងៃក្រោយពីរដ្ឋសភាបានបោះឆ្នោតជាកញ្ចប់តែងតាំងស្ថាប័នរដ្ឋសភា និងរដ្ឋាភិបាលក្នុងពេលតែមួយ គណបក្សសង្គ្រោះជាតិបានប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលនិងស្ថាប័នរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនទេ ដោយបានចាត់ទុកថា ជារដ្ឋប្រហាររដ្ឋធម្មនុញ្ញនិងបានលួចប្លន់ឆន្ទៈប្រជារាស្ត្រ។
កាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គាររដ្ឋសភាបានបើកសម័យប្រជុំជាលើកដំបូង ក្រោយពីការបោះឆ្នោតរបស់របស់សមាជិកសភាក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ និងប្រកាសបោះឆ្នោតជាកញ្ចប់ដើម្បីជ្រើសតាំងស្ថាប័នរដ្ឋសភានិងរាជរដ្ឋាភិបាលក្នុងពេលតែមួយ។
ការបោះឆ្នោតនេះ ដែលបានប្រើពេលវេលាមិនដល់មួយម៉ោងផង បានប្រកាសតែងតាំងលោកហ៊ុន សែនជានាយករដ្ឋមន្ត្រី។ ចំណែកឯលោកហេង សំរិនត្រូវបានតែងតាំងជាប្រធានរដ្ឋសភា ហើយគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភាបានកាន់កាប់ដោយគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបានវិលត្រឡប់មកពីខេត្តសៀមរាប ដែលនៅទីនោះគណបក្សសង្គ្រោះជាតិបានធ្វើពិធីសច្ចាប្រណិធានចូលកាន់តំណែងអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំង៦៣នោះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា គណបក្សរបស់លោកមិនទទួលស្គាល់រដ្ឋាភិបាលដែលទើបតែបានបង្កើតកាលពីដើមសប្តាហ៍នេះទេ។
លោកបានចាត់ទុកថា អ្វីដែលបានធ្វើកាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារមានលក្ខណៈដូចជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ និងការលួចប្លន់អំណាចពីប្រជារាស្ត្រ។
លោកនិយាយថា៖ «ការរៀបចំក្បាលម៉ាស៊ីនស្ថាប័នរដ្ឋដោយខុសច្បាប់ ដោយរំលោភច្បាប់កំពូលគឺរដ្ឋធម្មនុញ្ញ ហើយរំលោភយ៉ាងធ្ងន់ធ្ងរ ដូច្នេះយើងមិនអាចទទួលស្គាល់ ហើយមិនអាចសហការតាមរូបភាពណាមួយជាមួយរដ្ឋាភិបាលបែបនេះទេ»។
ការប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលអាណត្តិទី៥របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះ បានកើតឡើងចំពេលដែលគណៈរដ្ឋមន្ត្រីបានបើកកិច្ចប្រជុំជាលើកដំបូង ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោត។
យោងតាមលទ្ធផលផ្លូវការដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតដោយទទួលបានចំនួន៦៨អាសនៈ។ ចំណែកគណបក្សសង្គ្រោះជាតិក៏បានប្រកាសថា ខ្លួនបានឈ្នះឆ្នោតដែរ ដោយទទួលបាន៦៣អាសនៈ។
លោកសម រង្ស៊ីបាននិយាយថា រដ្ឋាភិបាលបច្ចុប្បន្ននេះខុសច្បាប់ ហើយលោកអំពាវនាវឲ្យអ្នកវិនិយោគទុនបរទេសទាំងអស់កុំឲ្យប្រញាប់មកធ្វើការវិនិយោគ ឬក៏ចុះហត្ថលេខាព្រមព្រៀងណាមួយជាមួយរដ្ឋាភិបាល។
វីអូអេបានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីមន្ត្រីរដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ មិនអាចទាក់ទងបានទេ។ ចំណែកលោកឈាង វុន សមាជិកសភាតំណាងរាស្រ្តខាងគណបក្សប្រជាជនកម្ពុជា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
លោកនិយាយថា៖ «ខ្ញុំអត់មានទេ ក្មួយណា៎»។
គណបក្សសង្គ្រោះជាតិ មកដល់ពេលនេះ នៅតែបញ្ជាក់ជំហរថា នឹងមិនចូលស្បថនៅក្នុងព្រះបរមរាជវាំងទេ ដរាបណាការទាមទាររកយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោតមិនទាន់បានដោះស្រាយ។ ក៏ប៉ុន្តែគណបក្សនេះបានបើកផ្លូវឲ្យមានការចរចាជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីស្វែងរកតុល្យភាពនៃអំណាច។
គណបក្សសង្គ្រោះជាតិបានទាមទារកាន់កាប់តំណែងក្នុងស្ថាប័នរដ្ឋសភាដោយទុកឲ្យគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សដៃគូជម្លោះ ជាអ្នកកាន់កាប់ស្ថាប័នរដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃអង្គារថា បើចង់មានការចរចាជាមួយគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិត្រូវតែធ្វើពិធីស្បថនៅព្រះបរមរាជវាំងជាមុនសិន ហើយចំពោះការទាមទារកាន់កាប់ស្ថាប័នរដ្ឋសភាប្រហែលជាមិនអាចទៅរួចទេ។
គណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធនេះ បានព្រមានថា នឹងដឹកនាំធ្វើមហាបាតុកម្មសារជាថ្មី នាពេលខាងមុខនេះ ប្រសិនណាបើមិនមានការចរចាដើម្បីរកយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត។
លោកសុរិយា ប្រាសាទ ស៊ុប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានចេញសេចក្តីថ្ងៃងការណ៍មួយពីទីក្រុងហ្សឺណែវ ដោយអំពាវនាវឲ្យមានការចរចារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាដើម្បីទម្លុះទម្លាយភាពជាប់គាំងក្រោយពីការបោះឆ្នោត៕