នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ បានធ្វើឲ្យមេដឹកនាំអង្គការសង្គមស៊ីវិលជាស្រ្តី និង មន្ត្រីការពារសិទ្ធិមនុស្ស មានការភ្ញាក់ផ្អើល និងសោកស្តាយ បន្ទាប់ពីនាងបានចោទ ក្រុមអង្គការសង្គមស៊ីវិលដែលផ្តល់ការជួយជ្រោមជ្រែងខាងផ្នែកច្បាប់ដល់រូបនាងថា ពួកគេបានធ្វើសកម្មភាពបង្គាប់ឲ្យនាងកុំទទួលស្គាល់ខ្សែអាត់សំឡេងដែលគេសង្ស័យថា ជាសំឡេងរបស់នាង និងលោក កឹម សុខា។
ការចោទប្រកាន់របស់ស្រីមុំនេះ គឺត្រូវបាននាងបញ្ជាក់នៅក្នុងលិខិតចំហររបស់នាងចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ដែលគេបានចែកផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ការចោទប្រកាន់នេះ កើតមានឡើង នៅចំពេលដែលនាងបានដាក់ពាក្យប្តឹងទៅតុលាការដំបូងរាជធានីភ្នំពេញ ទារជំងឺចិត្តពីលោក កឹម សុខា ដែលនាងបានចោទថា បានក្បត់ពាក្យសន្យាជាច្រើនជាមួយនាង។ បណ្តឹងរបស់ស្រីមុំ ក៏ត្រូវបានធ្វើឡើងចំថ្ងៃដែលសមាគមអាដហុក ប្រកាសឈប់ផ្តល់មេធាវីការពារក្តីឲ្យរូបនាង។
លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការ ដែលធ្វើការងារលើការពង្រឹងអភិបាលកិច្ចសាធារណៈ បានមានប្រសាសន៍ប្រាប់ VOA នៅថ្ងៃសៅរិ៍នេះ ថា លោកស្រីមានការភ្ញាក់ផ្អើលចំពោះការថ្លែងរបស់ស្រីមុំ។ លោកស្រីបញ្ជាក់ថា រឿងនេះអាចជាការរៀបចំរបស់បុគ្គល ឬក្រុមណាមួយ ហើយថា លោកស្រី នឹងបន្តតាមដានលើសំណុំរឿងនេះទៀត។
«រឿងហ្នឹងខ្ញុំមើលទៅ មានគេអ្នករៀបចំទុកស្រេចហើយ។ អីចឹងទៅ ចំពោះយើងដែលជាអង្គការសង្គមស៊ីវិល ដែលធ្វើការងារដើម្បីសិទ្ធិសេរីភាព និងការរស់នៅដោយថ្លៃថ្នូរសម្រាប់មនុស្ស យើងធ្វើអ្វីទៅតាមសតិសម្បជញ្ញៈរបស់យើង។ ដូច្នេះ បើសិនណាជារឿងហ្នឹងវាក្លាយទៅជាអីចឹង មានតែនៅចាំមើលបន្តទៀតដែរច៎ា»។
បណ្តឹងរបស់ ស្រីមុំ ក៏ត្រូវបានធ្វើឡើងមិនដល់មួយសប្តាហ៍ ក្រោយពីនាងបានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារកន្លងទៅ ដើម្បីធ្វើការបំភ្លឺចម្លើយមិនប្រក្រតីរបស់នាង ទាក់ទិននឹងខ្សែអាត់សំឡេងដែលគេសង្ស័យថា ជាសំឡេងរបស់នាង និងលោក កឹម សុខា។ ការចូលខ្លួនរបស់នាងនាពេលនោះ គឺធ្វើទៅតាមបទចោទប្រកាន់ថា នាងបាន«ផ្តល់សក្ខីកម្មក្លែងក្លាយ និងប្រព្រឹត្តអំពើពេស្យាចារ» ដែលធ្វើឡើងដោយអង្គភាពប្រឆាំងអំពើភេរវកម្មនៃក្រសួងមហាផ្ទៃ។
បន្ទាប់ពីការសាកសួរនាងស្រីមុំ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ប្រាប់សាធារណៈជនថា ស្រីមុំ បានទទួលស្គាល់ថា នាងពិតជាធ្លាប់មានទំនាក់ទំនងជាមួយ ឈ្មោះ កឹម សុខា និងបានទទួលស្គាល់ «សំឡេងក្នុងខ្សែអាត់ថាជាសំឡេងរបស់ខ្លួន»។
យោងទៅតាមពាក្យបណ្តឹងរបស់នាង ដែលបានដាក់ចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រកន្លងទៅ នាងបានប្តឹងសុំទារសងជំងឺចិត្តជាទឹកប្រាក់ ចំនួន៣០ម៉ឺនដុល្លារ ពីលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដទៃទៀត។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក ដែលបានអង្កេតរឿងអាស្រូវស្នេហាលួចលាក់នេះតាំងពីដំបូងមកនោះ និយាយថា សមាគមអាដហុកមានការសោកស្តាយ ចំពោះការបកស្រាយរបស់ស្រីមុំ មកលើសមាគម ដែលបានផ្តល់ការគាំទ្រផ្នែកច្បាប់កាលពីពេលកន្លងមក។
«យើងមានការសោកស្តាយដែរ ដោយសារតែការខិតខំរបស់យើង ក្នុងការជួយគាត់ ឲ្យមានការគោរពសិទ្ធិមនុស្ស បែរជាគាត់ទម្លាក់ការចោទប្រកាន់នេះមកលើយើង ដែលយើងមិនអាចទទួលយកបានទេ»។
លោកបានបន្ថែមថា ស្រីមុំ ពិតជាបានសរសេរលិខិតចំហរ ដែលចោទមកលើសមាគមអាដហុក ថាបានបង្គាប់ឲ្យនាងកុំទទួលស្គាល់ខ្សែអាត់សំឡេងនោះមែន។ លោកបានច្រានចោលការចោទប្រកាន់នេះ យ៉ាងដូច្នេះថា៖
«យើងតែងតែនិយាយអំពីការនិយាយដោយមានសិទ្ធិសេរីភាពពេញលេញ ក្នុងការនិយាយដោយគ្មានការគំរាមកំហែង គ្មានការបង្ខិតបង្ខំ ព្រោះចម្លើយទាំងឡាយណាដែលយើងឆ្លើយដោយការ បង្ខិតបង្ខំ អាហ្នឹងបើតាមគោលការណ៍ច្បាប់ គេមិនចាត់ទុកជាចម្លើយត្រឹមត្រូវទេ។ នេះជាការណែនាំរបស់យើងទៅតាមនីតិវិធី យើងមិនដែលទៅបញ្ចេះគាត់ឲ្យឆ្លើយ ពង្វាងពីការពិតទេ»។
រហូតមកដល់ពេលនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅតែបន្តភាពស្ងៀមស្ងាត់ ដោយលោកមិនបានតបតទៅរាល់ការចោទប្រកាន់ទាំងឡាយនៅក្នុងសំណុំរឿងនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងថា គណបក្សនៅប្រកាន់ជំហរមិនឆ្លើយឆ្លង ទៅនឹងករណីនេះដដែល។ លោកបានបញ្ជាក់ថា លោក កឹម សុខា នៅពេលនេះ កំពុងលំហែរកាយជាមួយក្រុមគ្រួសារលោកនៅឯក្រៅប្រទេស។
ដោយឡែកនាង ធី សុវណ្ណថា បានប្រកាសប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសៅរ៍នេះដែរថា នាងគ្រោងប្តឹងលោកកឹម សុខា ទារសំណងជំងឺចិត្តមួយលានដុល្លារពីបទបរិហាកេរ្តិ៍ផងដែរ៕