បើទោះបីគណបក្សសង្គ្រោះជាតិឈានដល់ដំណាក់កាលចូលអង្គុយប្រជុំក្នុងសភាក៏ដោយ ក៏លោក សម រង្ស៊ី មេដឹកនាំគណបក្ស បានប្រកាសប្រាប់ប្រជាពលរដ្ឋសារជាថ្មីថា ជំហររបស់គណបក្សគឺមិនកែប្រែទេ គឺនៅតែប្រកាន់ជំហរទាមទារឱ្យមានការផ្លាស់ប្តូររបៀបគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលជិត៣០ឆ្នាំ។
លោកបាននិយាយថា៖«ជំហរគណបក្សសង្គ្រោះជាតិនៅដដែលគឺ ស្មោះត្រង់ជាមួយប្រជារាស្ត្រជានិច្ចមិនក្បត់ប្រជារាស្ត្រដាច់ខាត»។
ការសន្យាសារជាថ្មីរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានធ្វើឡើងនៅវត្តសាមគ្គីរង្ស៊ី ដែលជាវត្តមួយភាគច្រើនមានព្រះសង្ឃនិមន្តមកពីទឹកដីខ្មែរកម្ពុជាក្រោមគង់នៅ។
លោកសម រង្ស៊ី មានប្រសាសន៍ប្រាប់ក្រុមប្រជាពលរដ្ឋមកពីខេត្តក្រចេះដែលបានមកស្នាក់នៅក្នុងវត្តសាមគ្គីរង្សីក្រោយពីមានជម្លោះដីធ្លី។លោកមានប្រសាសន៍ថាសុំឱ្យប្រជាពលរដ្ឋតាមដានជំហររបស់គណបក្សសង្គ្រោះជាតិដែលទាមទារកន្លងមកឱ្យផ្លាស់ប្តូរមេដឹកនាំនិងសមាសភាពគជប។
លោកបានបញ្ជាក់ថាប្រសិនបើការទាមទារតាមផ្លូវត្រង់មិនដល់គោលដៅនៅគណបក្សសង្គ្រោះជាតិនិងដើរផ្លូវវាងរហូតដល់គោលដៅដូចគ្នា។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរទាមទារដោយអហិង្សាដើម្បីផ្តួលរំលំឱ្យទាល់តែបាននូវការគ្រប់គ្រងរបប់លោកហ៊ុន សែន។
លោកបាននិយាយថា៖«ចាំ តាមដានមើលសកម្មភាពគណបក្សសង្គ្រោះជាតិ រៀងរាល់ថ្ងៃនិងឃើញហើយទោះជានៅក្រៅសភានៅក្នុងសភាពេលណាក៏ដោយ។ ឃើញថ្នាក់ដឹកនាំគណបក្សសង្គ្រោះ ជាតិគឺចេញមុខការពារប្រជារាស្ត្រជានិច្ចកាល ប្រឆាំងអំណាចផ្តាច់ការ ប្រឆាំងអំពើពុករលួយ ប្រឆាំងភាពអយុត្តិធម៌»។
គណបក្សសង្គ្រោះជាតិធ្លាប់បានដឹកនាំធ្វើមហាបាតុកម្មអស់ជាច្រើនខែដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចេញពីតំណែង ទាមទារឱ្យបោះឆ្នោតឡើងវិញ និង ឱ្យផ្លាស់ប្តូរសមាសភាពគជបក៏ប៉ុន្តែការទាមទារកន្លងមកមិនទទួលបានលទ្ធផលទេ។
គណបក្សនេះក្រោយមកក៏បានផ្លាស់ប្តូររបៀបទាមទារមកការចូលរួមអង្គុយក្នុងសភាវិញដែលគណបក្សនេះរំពឹងថានិងអាចជាឆ្អឹងទទឹងកមិនឱ្យគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើអ្វីតាមទំនើងចិត្ត។
លោក កែម ឡី អ្នកស្រាវជ្រាវសង្គមបាននិយាយថាអ្វីដែលជាការសន្យារបស់មេដឹកនាំគណបក្សសង្គ្រោះជាតិគ្រាន់តែជាយុទ្ធសាស្ត្រមួយដើម្បីលួងចិត្តប្រជាពលរដ្ឋបន្ទាប់ពីបរាជ័យក្នុងការទាមទារកន្លងមក។
លោកបានបញ្ជាក់ថានៅក្នុងការសម្រេច របស់គជប និង រដ្ឋសភាទាំងមូលគណបក្សសង្គ្រោះជាតិមិនអាចធ្វើអ្វីបានទេ ដោយសារតែគណបក្សប្រជាជនបានចងប្រព័ន្ធ និង ត្រួតត្រាប្រព័ន្ធជាប់ទាំងអស់។
លោកបាននិយាយថា៖«ឱ្យមានការផ្លាស់ប្តូរវៀរលែងតែគណបក្សប្រជាជនគាត់ចង់ធ្វើកំណែទម្រង់ហើយផ្លាស់ប្តូរប៉ុន្តែបើឱ្យកម្លាំងគណបក្សសង្គ្រោះជាតិទាមការនូវការផ្លាស់ប្តូរនូវភាពជាអ្នកដឹកនាំមិនអាចទៅរួចទេ។ វាលើកលែងតែចលនាប្រជាជនមួយថ្មីហើយផ្គុំជាមួយនិងគណបក្សសង្គ្រោះជាតិនោះអាចផ្លាស់ប្តូរនូវភាពជាអ្នកដឹកនាំបាន»។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានបែងចែកគ្នាចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ។ លោក សម រង្ស៊ី បានជួបជាមួយប្រជាពលរដ្ឋនៅភ្នំពេញខណៈពេលលោក កឹម សុខាអនុប្រធានគណបក្សបានដាក់គម្រោងជួបជាមួយប្រជាជននៅតាមបណ្តាខេត្តមួយចំនួន។
ជំនួបដាច់ដោយឡែកនេះត្រូវបានមន្ត្រីគណបក្សបានបង្ហាញឱ្យដឹងថាថ្នាក់ដឹកនាំគណបក្សកំពុងព្យាយាមពន្យល់ប្រជាពលរដ្ឋក្រោយពីបានសម្រេចចិត្តចូលប្រជុំសភាជាមួយគណបក្សប្រជាជនកម្ពុជា៕