ប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន ដែលជាគណបក្សប្រឆាំងដ៏ធំមួយបានចាត់ទុកថា ពាក្យបណ្តឹងលើរូបលោក ជារឿងនយោបាយ និងជាការគំរាមកំហែងមួយ ខណៈរូបលោកកំពុងត្រៀមខ្លួនចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងចូលមកដល់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
លោក ខឹម មុនីកុសល ដែលជាអតីតមន្រ្តីសុខាភិបាលនិងធ្លាប់រងការបណ្តេញចេញពីតំណែងដោយអភិបាលខេត្តប៉ៃលិនឥឡូវនេះកំពុងប្រឈមនឹងពាក្យបណ្តឹងចំនួនពីរ។នៅក្នុងចំណោមពាក្យបណ្តឹងដាច់ដោយឡែកពីគ្នាដែលវីអូអេទទួលបាន នេះ សាលាដំបូងខេត្តប៉ៃលិនបានកោះហៅលោក ខឹម មុនីកុសលឱ្យចូលខ្លួនមកឆ្លើយបំភ្លឺនៅតុលាការ នៅថ្ងៃទី៨ ខែមេសា ពីបទចោទប្រកាន់ «បរិហារកេរ្តិ៍ជាសាធារណៈ»។
ដីកាកោះ ដែលចេញដោយព្រះរាជអាជ្ញារងលោក ទេព ឃុនឆ័យ បញ្ជាក់ថា ពាក្យបណ្តឹងនេះ គឺធ្វើឡើងដោយភាគីដើមបណ្តឹងគឺលោក ចេង តូ ប្រធានភូមិវាលចែង ក្នុងខេត្តប៉ៃលិន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ ពាក្យបណ្តឹងទៅកាន់តុលាការប៉ៃលិននេះ កើតឡើងបន្ទាប់ពីលោក ខឹម មុនីកុសល បានប្តឹងលោក ចេង តូ ពីបទរារាំង និងគំរាមកំហែងដល់ភ្នាក់ងារសង្កេតការណ៍គណបក្សភ្លើងទៀន ដោយបង្ខំឱ្យភ្នាក់ងារនេះលាលែងពីតំណែងជាភ្នាក់ងារសង្កេតការណ៍របស់គណបក្សភ្លើងទៀន នៅឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
យ៉ាងណាក្តីលោក ខឹម មុនីកុសល បានឱ្យដឹងថា គណៈកម្មការរៀបចំការបោះឆ្នោតឃុំបានច្រានចោលពាក្យបណ្តឹងរបស់លោក ហើយប្រធានភូមិវាលចែង លោក ចេង តូ បានប្តឹងត្រឡប់ទៅកាន់តុលាការវិញ។ តុលាការបានកោះហៅរូបលោកឱ្យចូលបំភ្លឺក្នុងនាមជា«ជនសង្ស័យ»។
ដីកាកោះមួយទៀតដោយតុលាការខេត្តប៉ៃលិនចេញកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានបង្គាប់ឱ្យលោក ខឹម មុនីកុសល ចូលមកបំភ្លឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ«ញុះញង់ឱ្យមានការរើសអើង» ប្រព្រឹត្តឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ក្នុងសង្កាត់ប៉ៃលិន ខេត្តប៉ៃលិន។ តុលាការមិនបានបញ្ជាក់អង្គហេតុអ្វីឡើយទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ។
ទាក់ទងនឹងការចោទប្រកាន់ពីបទ«ញុះញង់ឱ្យមានការរើសអើង» លោក ខឹម មុនីកុសលឱ្យដឹងថា ករណីនេះពាក់ព័ន្ធនឹងការរិះគន់របស់លោកកាលពីកន្លងទៅ ដែលនាំឱ្យលោកត្រូវបានដកចេញពីតំណែងជាមន្រ្តីសុខាភិបាល។
លោក ខឹម មុនីកុសល ដែលបានទទួលតំណែងជាប្រធានក្រុមការងារគណបក្សភ្លើងទៀន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការដែលមានដីកាចោទលោកបែបនេះ គឺជារូបភាពគំរាមកំហែងថ្មីមួយទៀតសម្រាប់លោកក្នុងយុទ្ធនាការដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខិតចូលមកដល់។ លោកបន្ថែមថាដើម្បីអាចឱ្យគណបក្សភ្លើងទៀនអាចចូលចូលរួមការបោះឆ្នោតនាពេលខាងមុខ ប្រកបដោយភាពរលូនបាន លុះត្រាការធ្វើសកម្មភាពរៀបចំបញ្ជីបេក្ខជនមានភាពរលូនដូចគ្នាដែរ។ទោះបីជាយ៉ាងណាក៏ដោយ លោកលើកឡើងថាមួយរយៈកាលកន្លងមកនេះលោកបានជួបប្រទះនូវឧបសគ្គជាច្រើន ដូចជាបទចោទប្រកាន់ និងការគំរាមកំហែងផ្សេងៗ ដែលជាហេតុធ្វើឱ្យមានភាពរអាក់រអួលដល់ដំណើរការត្រៀមសម្រាប់ការបោះឆ្នោតឆ្នាំ២០២២នេះ។
លោកថ្លែងថា៖ «វាជាការគំរាមកំហែងបំភិតបំភ័យ បង្កការលំបាកដល់ការធ្វើសកម្មភាពនយោបាយរបស់ខ្ញុំនៅក្នុងគណបក្សភ្លើងទៀន ជាពិសេសគឺប្រចាំខេត្តប៉ៃលិនតែម្តង»។លោកបន្តថា៖«ហើយខ្ញុំក៏សូមអំពាវនាវឲ្យអាជ្ញាធរហ្នឹងពិនិត្យឡើងវិញចំពោះដីកាទាំងពីរហ្នឹង។ សូមឱ្យពួកគាត់ដកពាក្យបណ្តឹងទាំងអស់ហ្នឹងទៅពីព្រោះវាជារូបភាពនយោបាយ ជាការគំរាមកំហែងមួយ ដែលមើលទៅ ចង់និយាយថាជាការគាបសង្កត់ផ្លូវចិត្តមកលើរូបខ្ញុំជាខ្លាំង»។
ព្រះរាជអាជ្ញារង លោក ជា ស នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន និងជាអ្នកនាំពាក្យរបស់តុលាការប្រាប់វីអូអេនៅថ្ងៃពុធនេះថាការលើកឡើងរបស់ភាគីចុងបណ្តឹងលោក ខឹម មុនីកុសល ដែលថាដីកាកោះហៅខាងលើនេះមានហេតុផលនយោបាយនៅពីក្រោយ នោះគឺជាសិទ្ធិ និងសេរីភាពរបស់គាត់។លោកបន្ថែមថា តុលាការធ្វើទៅតាមនីតិវិធីតែប៉ុណ្ណោះ នៅពេលដែលមានអ្នកប្តឹង។
លោកថ្លែងថា៖« អ៊ីចឹងការអះអាងរបស់ភាគីគឺជា សិទ្ធិរបស់គាត់ថា បំពានសិទ្ធិ ឬក៏អះអាងថា ជានយោបាយយ៉ាងម៉េច អាហ្នឹងជាសិទ្ធិរបស់គាត់។ប៉ុន្តែយើង យើងធ្វើនេះមានបណ្តឹងនិងការកសាងពីនគរបាលផ្សេងៗនោះ អ៊ីចឹងយើងត្រូវធ្វើចំណាត់ការតាមផ្លូវច្បាប់»។
លោក យិន ម៉េងលី មន្ត្រីអាដហុកប្រចាំនៅខេត្តបាត់ដំបង និងប៉ៃលិន ថ្លែងថា ចំណាត់ការតុលាការលើលោក ខឹម មុនីកុសលគឺជារឿងអយុត្តិធម៌មួយសម្រាប់រូបលោក។
លោកបាននិយាយថា៖ «យើងមើលឃើញថា រឿងចេញដីកាកោះនេះ រឿងនេះមានចរិតនយោបាយច្រើនជាងការអនុវត្តច្បាប់។ រឿងដែលគេចោទគាត់ពីបទ«ញុះញុងឱ្យមានការរើសអើង» ខ្ញុំយល់ថា គាត់គឺជាជនរងគ្រោះ»។
គួរបញ្ជាក់ថាលោក ខឹម មុនីកុសល ធ្លាប់ត្រូវបានអភិបាលខេត្តប៉ៃលិន អ្នកស្រី បាន ស្រីមុំ ដកហូតតំណែងចេញពីក្របខណ្ឌជាមន្រ្តីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ ការបណ្តេញចេញនេះធ្វើឡើងក្រោយពីលោកបានបង្ហោះសារលើទំព័រហ្វេសប៊ុក ដោយរិះគន់មន្រ្តីពាក់ព័ន្ធប្រចាំការនៅមណ្ឌលចត្តាឡីស័កនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងខេត្តប៉ៃលិនថា «មិនបានជួយធ្វើការងារគ្រូពេទ្យខ្លះទេប៉ុន្តែនាំគ្នាអង្គុយលេង Facebookក្នុងតង់ និងថតរូបបង្អួតគេឯងទៅវិញ»។
កាលពីគ្រានោះ រដ្ឋបាលខេត្តប៉ៃលិនបានចេញសេចក្តីប្រកាសមួយ ដោយលើកឡើងថា លោក ខឹម មុនីកុសល បាន«ប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ»។បន្ទាប់មកក្រសួងមុខងារសាធារណៈបានចេញសេចក្តីសម្រេចកាលពីថ្ងៃទី៤ ខែកុម្ភៈថា ជា រឿងស្របច្បាប់ចំពោះការដកលោក ខឹម មុនីកុសល ចេញពីរដ្ឋបាលខេត្តប៉ៃលិន បើទោះបីលោក ខឹម មុនីកុសលបានប្តឹងជំទាស់សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តប៉ៃលិនមកកាន់ក្រសួងមុខងារសាធារណៈចំនួនពីរដង និងក្រសួងសុខាភិបាលក៏ដោយ។
គួររំឭកផងដែរថា កាលពីថ្ងៃចន្ទគណបក្សភ្លើងទៀនបានឱ្យដឹងថាសកម្មជនគណបក្សយ៉ាងតិច១០នាក់ ត្រូវបានប៉ូលិសមូលដ្ឋាន ហៅទៅសួរនាំដោយគ្មានបង្ហាញដីកា ឬបញ្ជាក់មូលហេតុអ្វីឡើយ នៅក្នុងខែមីនា ឆ្នាំ២០២២។ នេះបើតាមកំណត់ហេតុរបស់គណបក្សប្រឆាំងដ៏ធំមួយនេះ៕