គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយ នៅថ្ងៃព្រហស្បតិ៍នេះ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងទៅតុលាការអន្តរជាតិ ដោយប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (the United Nations Convention for the Law of the Sea) ហៅកាត់ថា UNCLOS ដើម្បីទាមទារមកវិញនូវប្រជុំកោះមួយចំនួន ដែលប្រទេសវៀតណាមកំពុងគ្រប់គ្រង រួមទាំងកោះត្រល់ផងដែរ។
ការទាមទារនេះធ្វើឡើង ក្រោយពីសហគមន៍អាស៊ានដែលមានប្រទេសវៀតណាមជាប្រធានឆ្លាស់វេននៅឆ្នាំនេះ បានបង្ហាញជំហរគាំទ្រនៅក្នុុងកិច្ចប្រជុំកំពូលលើកទី៣៦ របស់ខ្លួនកាលពីសប្តាហ៍មុន ក្នុងការដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ដោយប្រើប្រាស់យន្តការច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា UNCLOS នេះ។
លោក អ៊ុំ សំអាន អតីតអ្នកតំណាងរាស្ត្រនិងបច្ចុប្បន្នជាអ្នកទទួលខុសត្រូវខាងកិច្ចការព្រំដែនរបស់គណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់វីអូអេក្នុងបទសម្ភាសន៍ នៅថ្ងៃទី២ ខែកក្កដាថា ខណៈដែលប្រទេសវៀតណាមចង់ប្រើប្រាស់ច្បាប់អន្តរជាតិដើម្បីទាមទារដែនសមុទ្រ ដែលខ្លួនមានជម្លោះជាមួយចិនក្នុងតំបន់សមុទ្រចិនខាងត្បូងនោះ រដ្ឋាភិបាលកម្ពុជាក៏ត្រូវប្រើយន្តការច្បាប់អន្តរជាតិដើម្បីទាមទារដែនសមុទ្រដែលខ្លួនបានបាត់បង់មកវិញដែរ។
«យើងក៏ជំរុញទៅឲ្យរដ្ឋាភិបាលរបបក្រុងភ្នំពេញប្តឹងទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ នៅទីក្រុងឡាអេ ដោយប្រើអនុសញ្ញាហ្នឹងដើម្បីទាមទារយកកោះត្រល់ ចង្កោមកោះក្រចកសេះ ហើយនិងដែនសមុទ្រខ្មែរយើងយកមកវិញ»។
អនុសញ្ញា UNCLOS បានកំណត់ថា ប្រទេសនីមួយៗមានសិទ្ធិនៅលើដែនសមុទ្រហើយអាចបង្កើតវិសាលភាពនៃដែនសមុទ្ររបស់ខ្លួួន មិនឲ្យលើសពី១២ ម៉ៃសមុទ្រ (12 nautical miles) ឬស្មើនឹង២២.២២៤ គីឡូម៉ែត្រ លើផ្ទៃដី ដោយវាស់ចាប់ពីបន្ទាត់មូលដ្ឋានដែនសមុទ្ររបស់ខ្លួន។
កោះត្រល់ ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសវៀតណាម ស្ថិតនៅចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីឆ្នេរសមុទ្រកម្ពុជា និងប្រមាណ ៤៥គីឡូម៉ែត្រពីឆ្នេរសមុទ្រវៀតណាម។
ចង្កោមកោះដ៏ចម្រូងចម្រាសមួយចំនួន រួមទាំងកោះត្រល់ផងនេះ គឺជាបញ្ហារសើបរវាងប្រទេសជិតខាងទាំងពីរអស់រយៈពេលជាច្រើនទសវត្សន៍មកហើយ ដោយគណបក្សប្រឆាំងតែងចោទគណបក្សកាន់អំណាចថាជា «អាយ៉ង» របស់វៀតណាម និងមិនហ៊ានទាមទារកោះទាំងនោះពីវៀតណាមមកវិញ។
វីអូអេបានព្យាយាមទាក់ទងលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដើម្បីសុំការឆ្លើយតប ប៉ុន្តែមិនអាចទាក់ទងបានទេ នៅយប់ថ្ងៃព្រហស្បតិ៍នេះ។
តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់វីអូអេថា កម្ពុជាបានបាត់បង់កោះត្រល់ទៅប្រទេសវៀតណាម ដោយសារប្រទេសបារាំងដែលជាអាណាព្យាបាលតំបន់ឥណ្ឌូចិន ក្នុងសម័យអាណានិគមបារាំងបានកាត់ទឹកដីកម្ពុជាក្រោម រួមទាំងកោះនេះទៅឲ្យវៀតណាមរួចទៅហើយ។
«អាហ្នឹងឲ្យអ្នកដែលថាទាមទារបានហ្នឹងទៅទាមទារទៅ។ ហើយបើទាមទារបាន យើងខ្ញុំក៏ត្រេកអរដែរ ពីព្រោះការសោកស្តាយមិនមែនសោកស្តាយ តែត្រឹមអស់លោកអ្នកថាហ្នឹងទេ។ ប្រជាជនកម្ពុជាទាំងអស់ទូទាំងប្រទេស សុទ្ធតែសោកស្តាយទាំងអស់។ ប៉ុន្តែលទ្ធភាពយើងថាតើយើងធ្វើម៉េច?»
លោកបន្ថែមថា គោលជំហររបស់រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគ្មានគោលការណ៍ទាមទារកោះនោះមកវិញទេ៕