ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែនបាននិយាយថា សកម្មភាពប្រទេសជិតខាងដូចជាវៀតណាមនិងថៃចុងក្រោយដែលចូលមកបោះតង់ និងសង់រោងនៅតំបន់ហាមឃាត់ឬទឹកដីកម្ពុជាគឺជាសកម្មភាពរំលោភបំពានបូរណភាពដែនដីកម្ពុជា ដោយឥតកោតក្រែងច្បាប់ជាតិនិងអន្តរជាតិ។
ការអះអាងដូច្នេះគឺយោងទៅលើការចូលមកបោះតង់របស់កងទ័ពវៀតណាមនៅក្នុងតំបន់សក្នុងស្រុកលើកដែកនិងស្រុកកោះធំ ខេត្តកណ្តាលតាមព្រំប្រទល់ដែននៃប្រទេសទាំងពីរ កាលពីសប្តាហ៍ថ្មីៗកន្លងទៅ និងការសង់រោងនៅខេត្តប៉ៃលិននៃភាគីទាហានថៃ កាលពីសប្តាហ៍ថ្មីៗកន្លងទៅដែរដើម្បីអ្វីមួយដែលគេអធិប្បាយថា ជាការបង្ការការរាតត្បាតនៃជំងឺកូវីដ១៩ហើយនឹងទប់ស្កាត់ពលករចំណាកស្រុកក្នុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ដែលព្រំដែននៃប្រទេសជិតខាងទាំងនេះត្រូវបិទមិនឲ្យឆ្លងកាត់លើកលែងតែទំនិញនោះ។
លោក ឌី ការ៉េត ប្រធានគណ:កម្មាធិការព្រំដែនកម្ពុជាប្រចាំស្រុកបារាំង បានថ្លែងថាទាំងភាគីវៀតណាមនិងថៃ ដែលជាប្រទេសជិតខាងកម្ពុជាតែងតែបន្តសកម្មភាពជាបន្តបន្ទាប់ដើម្បីរំលោភបំពានទឹកដីកម្ពុជាឥតឈប់ឈរ ដោយសារការមិនគោរពបូរណភាពដែនដីកម្ពុជា។
«ខ្ញុំយល់ឃើញថាទាំងវៀតណាមក្តី ទាំងថៃក្តីគេគ្មានគោរពអីព្រំដែនរបស់យើងទេ គេចង់ធ្វើអីគេធ្វើហ្នឹងទៅស្រេចតែគេចង់បានចង់ធ្វើ អាហ្នឹងវាអីចឹងតាំងពីយូរណាស់មកហើយ»។
លោកថា ទោះជាកម្ពុជាមានសន្ធិសញ្ញាបារាំងសៀម និងសិទ្ធិសញ្ញាផ្លូវការនានាក្តី តែប្រទេសជិត ខាងតែងបង្កើតព្រឹត្តិការណ៍ធ្វើសកម្មភាពជាបន្តបន្ទាប់ដើម្បីជាលេស ចូលមកកាន់កាប់ទឹកដីកម្ពុជាតាមព្រំប្រទល់ដែន។
«ចង់ដាក់តង់ ដាក់អីការពារវីរុសកូរ៉ូណា ឬ កូវីដ១៩ ដាក់ក្នុងដីខ្លួនទៅ រឿងហ្នឹងវាមិនទាន់ចូលក្នុងដីខ្លួនផង ខ្លួនមកដាក់ក្នុងដីគេយ៉ាងម៉េច? ដាក់ក្នុងដីខ្លួនទៅ មានទាស់អី»។
លោក ឌី ការ៉េត អះអាងថា ក្នុងពេលប្រទេសនីមួយៗបិទព្រំដែនរៀងខ្លួន កងទ័ពគួរតែស្ថិតនៅក្នុងទឹកដីរបស់ខ្លួន។ លោកបានទទូចថា កម្ពុជាត្រូវមានការការពារបូរណភាពដែនដីឲ្យបានប្រាកដប្រជា មានឆ្មាំការពារជាប្រចាំ មានការដោះស្រាយភ្លាមៗ ហើយត្រូវពិនិត្យរាល់ពាក្យបណ្តឹងរបស់ពលរដ្ឋតាមព្រំដែន ដែលនិយាយអំពីការរំលោភបំពានឲ្យបានដិតដល់ និងពន្យល់ពលរដ្ឋឲ្យដឹង និងទៅពិនិត្យមើលថា កន្លែងណាជាខ្សែបន្ទាត់ព្រំដែនកម្ពុជាឬទឹកដីខ្លួនដោយមិនត្រូវចោទប្រកាន់ពលរដ្ឋថាទៅរំលោភដីប្រទេសណាមួយ នៅពេលដែលពលរដ្ឋខ្លួនលោកដឹងច្បាស់តាំងពីដើមមកថាជាដីរបស់កម្ពុជាទៅហើយនោះ។
ប្រទេសកម្ពុជានិងប្រទេសជិតខាងដូចជាវៀតណាម ថៃនិង ឡាវ នៅមានបញ្ហាវិវាទព្រំដែនយូរៗម្តងដោយសារកន្លែងខ្លះមិនទាន់បានបោះបង្គោលចប់សព្វគ្រប់ ហើយការកំណត់ខ្សែបន្ទាត់ព្រំដែននៅមានភាពស្មុកស្មាញ និងបន្តចរចាគ្នានៅឡើយ។ ការណ៍នេះបង្កឲ្យមានភាពតានតឹងផ្នែកយោធាជួរមុខពេលខ្លះផងដែរ។
តែការដោះស្រាយពីរលើកចុងក្រោយនេះដែលមានការសង់រោងពីភាគីថៃនៅតាមព្រំដែន ខេត្តប៉ៃលិន និងបោះតង់ពីភាគីវៀតណាមនៅតាមបណ្តោយព្រំដែននៅខេត្តកណ្តាលនោះ គេមិនបានសង្កេតឃើញថា មានភាពតានតឹងកើតឡើងខ្លាំងដូចពេលមុនទេ ក្រោយពេលមន្ត្រីខេត្តអានយ៉ាង នៃប្រទេសវៀតណាមជាប់ខេត្តកណ្តាលនៃប្រទេសកម្ពុជាបានជូនដំណឹងជាផ្លូវការដល់កម្ពុជាអំពីការបោះតង់នោះ ថាជារឿងបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ ហើយភាគីវៀតណាមបានសន្យាថា នឹងរើតង់ចំនួន ៣១កន្លែងចេញក្រោយពីមានសេចក្តីរាយការណ៍ថាក្រសួងការបរទេសកម្ពុជាបានបញ្ជូនកំណត់ទូតតវ៉ាអំពីរឿងបោះតង់នៅលើតំបន់ហាមឃាត់ឬតំបន់សនោះ។ ដោយឡែកភាគីថៃបាន រើរោងយោធាជួរមុខចេញដោយសន្តិវិធីដែលគេមិនទាន់ឃើញមានការពន្យល់ជាផ្លូវការដែរ។
ក្រុមមន្ត្រីកម្ពុជាធ្លាប់បាននិយាយថា កម្ពុជាធ្លាប់អះអាងថា មិនអាចឲ្យទឹកដីរបស់ខ្លួនត្រូវបាត់បង់សូម្បីតែ១មីលីម៉ែត្រ ហើយក៏មិនចង់បានចំណេញទឹកដីប្រទេសជិតខាងណាមួយដែរ។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំប្រទេសន័រវែសដែលមាននិន្នាការទៅរកក្រុមជំទាស់បានកត់សម្គាល់ថា ប្រទេសជិតខាងតែងតែឆ្លៀតឳកាសរំលោភយកទឹកដីកម្ពុជានៅតាមព្រំដែនគឺទាំងព្រំដែនគោកនិងព្រំដែនទឹក ជាពិសេសនៅពេលភាគីនយោបាយខ្មែរមានការបែកបាក់ផ្ទៃក្នុងនិងមានភាពវឹកវរនយោបាយ។ លោកបានទទូចថា ដើម្បីបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសជិតខាង រដ្ឋាភិបាលកម្ពុជាត្រូវលុបចោលសន្ធិសញ្ញា ដែលលោកចាត់ទុកថាខុសច្បាប់ឬផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាមួយប្រទេសជិតខាងទាំងអស់ចោលតាមរយ:សភា ហើយដាក់ពាក្យប្តឹងទៅសហប្រធាននៃសន្ធិសញ្ញាទីក្រុងប៉ារីស និង តុលាការយុត្តិធម៌អន្តរជាតិដើម្បីបញ្ចប់បញ្ហា។
«មានតែអីចឹងទេដែលយើងអាចដោះស្រាយដែលធានាបាននូវយុត្តិធម៌ទាំងអស់គ្នា»។
លោកថា ការធ្វើដូច្នេះមិនត្រឹមតែបញ្ចប់បញ្ហារំលោភបំពានព្រំដែនរវាងកម្ពុជានិងប្រទេសជិតខាងដោយយុត្តិធម៌ប៉ុណ្ណោះទេ តែនឹងបញ្ចប់អរិភាពរវាងអ្នកនយោបាយនិងពលរដ្ឋកម្ពុជាផងដែរ។
លោកបានបន្ថែមថា បញ្ហាកូវីដគ្រាន់តែជារឿងមួយនៅពេលនេះដែលនាំឲ្យកើតបញ្ហា តែលោកបន្តថានៅមានរឿងបន្តបន្ទាប់និងកន្លែងបន្តបន្ទាប់ទៀតដែលនឹងមានរឿងកើតឡើងបើសិនជាកម្ពុជាមិនអាចបញ្ចប់បញ្ហាព្រំដែនតាមច្បាប់អន្តរជាតិបាន ហើយឥទ្ធិពលនយោបាយចិនគ្របដណ្តប់លើកម្ពុជាកាន់តែខ្លាំងឡើងនោះ។
«ហើយដល់ពេលអាចុងក្រោយហ្នឹងគេមកធ្វើនៅខាងខេត្តកណ្តាល ហើយគេអាចធ្វើនៅកន្លែងផ្សេងៗទៀត»។
លោក វ៉ា គឹមហុងប្រធានគណ:កម្មាធិការព្រំដែនកម្ពុជារបស់រាជរដ្ឋាភិបាលកម្ពុជាមិនអាចទាក់ទងបានដើម្បីអត្ថាធិប្បាយបានទេ ដោយទូរសព្ទលោករោទិ៍ តែគ្មានអ្នកទទួល។
យ៉ាងណាក្តីលោកម៉ែន ណាតបានអំពាវនាវឲ្យអ្នកនយោបាយកម្ពុជាធ្វើការជាមួយគ្នាដើម្បីផលប្រយោជន៍ប្រទេស និងបូរណភាពដែនដី។
បញ្ហាសន្ធិសញ្ញាព្រំដែននិងបូរណភាពទឹកដីដ៏ម្រូងចម្រាសនិងស្មុគស្មាញនេះ ត្រូវគេដឹងថាមានការបកស្រាយរៀងៗខ្លួនរវាងគូប្រជែងនយោបាយក្នុងប្រទេសកម្ពុជា ហើយក៏ត្រូវបានអ្នកនយោបាយខ្លះយកមកធ្វើជាប្រធានបទសំខាន់បំផុតមួយផងដែរ ដើម្បីបំផុសគំនិតជាតិនិយម ហើយនឹងទាក់ទាញប្រជាប្រិយភាព ជាពិសេសក្នុងពេលនៃការឃោសនារកសម្លេងឆ្នោត៕