ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក រ៉ុង ឈុន ស្នើ​សុំ​បង់​ប្រាក់​សំណង​ប្រមាណ​១០​ម៉ឺន​ដុល្លារ​ជា​ដំណាក់កាល


លោក រ៉ុង ឈុន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីស្នាក់ការ​សមាគម​គ្រូបង្រៀន​ឯករាជ្យ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ (ស៊ុន ណារិន/វីអូអេ)
លោក រ៉ុង ឈុន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីស្នាក់ការ​សមាគម​គ្រូបង្រៀន​ឯករាជ្យ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ (ស៊ុន ណារិន/វីអូអេ)

លោក រ៉ុង ឈុន ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ដែល​ជា​គណបក្ស​ជំទាស់​មួយ​អះអាង​ថា ​លោក​នឹង​បង់​ប្រាក់​សំណងទៅ​ឱ្យគណៈ​កម្មា​ធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ក៏​ប៉ុន្តែ​លោក​ស្នើសុំបង់​ប្រាក់​សំណង​ជំងឺចិត្ត​នោះ ​ជា​ដំណាក់​កាល​ៗ​។

លោក រ៉ុង ឈុន បញ្ជាក់​បែបនេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មានមួយ នៅ​ទីស្នាក់​ការ​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ដែល​ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ នៅ​ថ្ងៃ​ពុធ។

លោក​បញ្ជាក់​ថា៖ «​១០ម៉ឺន​ដុល្លារ​សម្រាប់បីនាក់ សម្បើម​ណាស់​សម្រាប់ពួកខ្ញុំ។ យើង​គ្មាន​ចំណូល​ ​គ្មាន​មុខ​របរ​ពី​ព្រោះ​ធ្វើ​កិច្ចការងារ​សង្គម​រហូត​មក ​ដូច្នេះយើង​អត់​មាន​លទ្ធភាព»។

លោកបន្ថែមថា៖ «បើសិន​ជា​តុលាការ​ប្រកាន់​ជំហរ​ថា ត្រូវ​តែ​គ្រប់​ ឬ​មួយ​ថាឥឡូវ​គិត​ម្នាក់ៗត្រូវ​តែ​គ្រប់ ​បើ​ម្នាក់​ៗ​យើង​ប្រមាណ​ជា​ជាង ​៣​ម៉ឺន​ដុល្លារ​...​។ ទោះ​បី​ជា ​៣ម៉ឺន​ជាង ​ក៏​យើង​អត់​មាន​លទ្ធ​ភាព​បង់​ដែរ។ បើ​តុលាការ​នៅតែ​ទាម​ទារ​យក​គ្រប់ ​អាហ្នឹង​អត់​មាន​ទេ ហើយ​ធ្វើ​បែបហ្នឹង​មាន​ន័យ​ថា​អា​ក​ខ្យង​យក​ឈាម​ហើយ»។

ទោះ​ជា​យ៉ាង​ណា​ លោក រ៉ុង ​ឈុន ថា ​លោក​នឹង​អនុវត្ត​តាម​ការ​សម្រេច​របស់​តុលាការ។ ​លោក​ថា​ លោក​អាច​ប្រឈម​នឹង​ការ​រឹបអូស​ផ្ទះ ឬ​ជាប់​ពន្ធនាគារ ប្រសិន​បើ​តុលាការ​មិន​យល់​ព្រម​តាម​ការ​ស្នើ​សុំ​របស់​លោក។​

លោក​ថ្លែង​ថា​៖ «ខ្ញុំបាន​ជម្រាប​ហើយ​ថា​ ពន្ធនាគារ​ដូច​ជា​ផ្ទះសំ​ណាក់​របស់​ខ្ញុំ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ហើយ​។ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា ​រដ្ឋា​ភិបាល​ក៏​គេ​មិន​ជ្រើស​រើស​យក​ករណី​ហ្នឹង​ដែរ»។

កាល​ពីខែ​កុម្ភៈ ​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​លោក​ យី សុខ​វួច បាន​ចេញដីកាបង្គាប់​ឱ្យ​លោក ​រ៉ុង ឈុន កញ្ញា ​ស​ កណិការ ​និង​លោក ​តុន និមល ​រួមគ្នា​សង​សំណង​ការ​ខូច​ខាត​ប្រមាណ​ជា​ ១០​ ម៉ឺន​ដុល្លារ​អាមេរិក​ ឱ្យទៅ​គណៈ​កម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែននៅ​ក្នុងរយៈ​ពេល ​១​ខែ។ ក្នុង​ករណី​មិន​អនុវត្ត​តាម​ នោះ​តុលាការ​នឹង​បន្ត​អនុ​វត្ត​តាម​នីតិ​វិធីច្បាប់។

សំណុំ​រឿង ​«ញុះញង់» ​នោះ​ពាក់​ព័ន្ធ​នឹង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​អំពី​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​-វៀត​ណាម​ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ នៅ​ក្នុង​អំឡុង​ឆ្នាំ​ ២០​២០។

បើ​តាម​លោក រ៉ុង ឈុន ការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ ១០ ​ម៉ឺន​ដុល្លារ​នេះ ក៏​ជា​ការដាក់​សម្ពាធ​ដ៏​ធំ​សម្រាប់រូបលោក។ លោក​នៅ​តែ​ចាត់​ទុក​ថា ​ការ​ចោទ​ប្រកាន់​រូបលោក​ក្នុង​សំណុំ​រឿង ​«ញុះញង់» ដែល​និយាយ​អំពី​ការ​បោះ​បង្គោល​ព្រំដែន​នោះ​ថា​ជារឿង​អយុត្តិធម៌​ បើ​ទោះ​បីជា​លោក​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រួច​ហើយ​ក្តី។

ស្រប​ពេលដែល​តុលាការ​ចេញ​ដី​កា​បង្គាប់​បែប​នេះ ​អ្នក​គាំទ្រ​របស់​លោក​បានធ្វើ​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់ឱ្យលោក ​ដើម្បី​បង់​សំណង​ការ​ខូច​ខាត​នោះ​។ លោក រ៉ុង ឈុន ​បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌​មាន​នោះ​ថា ​រហូត​មក​ដល់​ពេលនេះ លោក​ទទួល​បាន​ប្រាក់​ជាង ២​ម៉ឺន ​៣ពាន់​ដុល្លារ​អាមេរិក ​ពី​ប្រជា​ពល​រដ្ឋ​ជាង ​២.០០០ ​នាក់​។
​ជាមួយ​គ្នានេះ លោក ជា មុនី អនុ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ និង​ជា​ប្រធាន​ស្តីទី​ទទូច​សុំ​ឱ្យ​តុលាការ​ពិចារណា​ឱ្យ​លោក រ៉ុង ឈុន បង់​សង​សំណង​ជំងឺ​ចិត្ត​ជា​ដំណាក់ៗ។

លោក ជា មុនី អនុ​ប្រធាន​គណបក្ស​កម្លាំងជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីស្នាក់ការ​សមាគម​គ្រូបង្រៀន​ឯករាជ្យ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ (ស៊ុន ណារិន/វីអូអេ)
លោក ជា មុនី អនុ​ប្រធាន​គណបក្ស​កម្លាំងជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីស្នាក់ការ​សមាគម​គ្រូបង្រៀន​ឯករាជ្យ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ (ស៊ុន ណារិន/វីអូអេ)

នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​នោះ​ លោក ជា មុនី ​លើក​ឡើង​ថា៖ «អ៊ីចឹង​យើង​ខ្ញុំ​ក៏សូម​ឱ្យ​តុលាការ​ពិចារណា ​ការ​បង់​ប្រាក់របស់​លោក រ៉ុង ឈុន ​ក៏ដូច​ជាអ្នកទាំងពីរនាក់​ដែល​ពាក់​ព័ន្ធ គឺនៅ​តែ​ជា​កាតព្វ​កិច្ច​នៃ​ការ​បង់​ទេ មិន​គេច​វេះទេ គឺ​បង់ ​ប៉ុន្តែ​ឱ្យយក​ ១០ ម៉ឺន​ភ្លាម​ៗ ​គឺ​អត់​បាន​តែបង់​បណ្តាក់​ៗ​រហូត​ដល់​ចប់​ គឺ​មិន​គេច​វេះ​ទេ ​គឺ​អនុវត្ត​ទៅ​តាម​សេច​ក្តី​បង្គាប់​របស់​តុលាការ​ដដែល។ ​អាហ្នឹង​យើង​យល់​ទាំង​អស់​គ្នាស្ថានភាព​បច្ចុប្បន្ន យើង​យល់​ទាំងអស់​គ្នា​ហើយ។ ហើយ​បើ​លេង​ប៉ឹបៗ ​១០ ​ម៉ឺន​ សូម្បី​ឧកញ៉ា​មួយ​ចំនួន​ក៏អត់​មាន​លុយ ​១០ ​ម៉ឺន​ឱ្យដែរ ក្នុង​រយៈ​ពេល ​១ ខែ​ ពិបាក​រកលុយ​ដែរ​ណាស់។

ចំណែក​លោក​ យី សុខសាន្ត ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក យល់ថា​តុលាការ​គួរ​ពិចារណា​ទៅ​តា​ម​ការ​ស្នើសុំ​របស់​មេធាវី​លោក រ៉ុង ឈុន​។

លោក យី សុខសាន្ត មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត នៅ​ខាងមុខ​ទីស្នាក់ការ​សមាគម​គ្រូបង្រៀន​ឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃ១២ ខែមីនា ឆ្នាំ២០២៥។ (ស៊ុន ណារិន/វីអូអេ)
លោក យី សុខសាន្ត មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត នៅ​ខាងមុខ​ទីស្នាក់ការ​សមាគម​គ្រូបង្រៀន​ឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃ១២ ខែមីនា ឆ្នាំ២០២៥។ (ស៊ុន ណារិន/វីអូអេ)

លោក​ថ្លែង​ថា៖ ​«តុលាការ​គួរតែ​អនុគ្រោះ ​ឬ​មួយគួរ​តែ​យល់ព្រមតាម​សំណើ​ដែល​មេធាវី​របស់​គាត់​ស្នើសុំ​នេះ ជា​ការ​ល្អ»។

វីអូអេ​មិន​អាច​សុំការ​អត្ថា​ធិប្បាយ​ពី​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លោក​ អ៊ី​ រិន្ទ​ បាន​នៅ​ឡើយ​ទេ​។​ ​

គួរ​បញ្ជាក់​ថា ​លោក ​រ៉ុង ឈុន ធ្លាប់ត្រូវបានតុលាការ​កាត់​ទោស​ពី​បទ ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ ក្រោយពីលោកបានរិះគន់​អំពី​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដោយ​ដាក់​ពន្ធនាគារ​រូប​លោក​រយៈពេល​ ​២ ឆ្នាំ។

ក្រៅ​ពី​ការ​កំហិត​បង់​លុយ​សង​សំណង​នេះ លោក រ៉ុង ឈុន ក៏​កំពុង​ជាប់​សំណុំ​រឿង​មួយ​ទៀត ដែល​លោក​ត្រូវ​បាន​ចោទ​ពីបទ ​«មិន​រាង​ចាល​ក្នុងបទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្តន្ទា​ទោស​បទ​មជ្ឈិម» ​និង​បទ​ «ញុះញង់​បង្កឱ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG