យ៉ាងហោចណាស់មានសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួនបីនាក់បានសារភាពថាបានពាក់ព័ន្ធជាមួយនឹងការរៀបចំគម្រោងផ្ដួលរំលំរដ្ឋាភិបាលជាមួយលោក សម រង្ស៊ី។ ការសារភាពដែលក្រុមមន្ត្រីសិទ្ធិមនុស្សអះអាងថាដើម្បីរួចផុតពីការឃុំខ្លួន។
យោងតាមសេចក្ដីរាយការណ៍នានា លោក រស់ គឹមសៀង ប្រធានយុវជន អតីតគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ លោក ហុង សឹមចិត្ត អនុប្រធានគណៈកម្មការប្រតិបត្តិស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និងអ្នកស្រី សេង សុខុន អតីតចៅសង្កាត់ផ្សារដេប៉ូ២ បានសារភាពថាបានចូលរួមផែនការដែលពួកគេហៅថាជាផែនការក្បត់ជាមួយលោក សម រង្ស៊ី ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ក្រៅពីនោះ ពួកគេអះអាងថាបានចូលរួមប្រជុំទទួលផែនការពីលោក សម រង្ស៊ី នៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងពេលកន្លងមក។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បានលើកឡើងថាអតីតអ្នកគាំទ្រនយោបាយទាំងបីនាក់របស់គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ បានសារភាពដោយសារមានសម្ពាធ ហើយពួកគេសារភាពដើម្បីរួចផុតពីការឃុំខ្លួនក្នុងពន្ធនាគារ។
ផ្អែកតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ អតីតអ្នកគាំទ្រគណបក្សប្រឆាំងចំនួន២៦នាក់ត្រូវចាប់ខ្លួនចាប់ពីខែកក្កដារហូតមកទល់នឹងថ្ងៃទី១០ខែតុលា និងចោទប្រកាន់ពីបទ«រួមគំនិតក្បត់»ពាក់ព័ន្ធនឹងការចូលរួមគាំទ្រការនិវត្តរបស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី គ្រោងនឹងមកប្រទេសកម្ពុជានៅថ្ងៃទី៩ខែវិច្ឆិកា ខាងមុខ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រកាសជាច្រើនដងឲ្យក្រុមសកម្មជនអតីតគណបក្សសង្គ្រោះជាតិដែលពាក់ព័ន្ធនឹងការរៀបចំផែនការប្រមូលផ្ដុំកម្លាំងគាំទ្រលោកសម រង្ស៊ី និងដែលអាចប្រឈមនឹងការចោទប្រកាន់ពីបទ«រួមគំនិតក្បត់» ត្រូវចេញសារភាពដើម្បីឲ្យរួចខ្លួនពីការចាប់និងឃុំខ្លួន។
យោងតាមក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា ជនត្រូវចោទអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ដប់ឆ្នាំ ប្រសិនបើតុលាការរកឃើញថាមានទោស៕