ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូពេទ្យ​ធ្វើ​យុទ្ធនាការ​អប់រំ​ពី​គ្រោះថ្នាក់​មហារីក​មាត់​ស្បូន


នៅ​​​ប្រទេស​កម្ពុជាយ៉ាង​​​ហោច​​​ណាស់​​​មាន​​​ស្ត្រី​​​កម្ពុជា​​​ប្រមាណ​​​​​​៤.០០០​​​នាក់​​​បាន​​​កើត​​​ជំងឺ​​​នេះ​​​ជា​​​រៀងរាល់​​​ឆ្នាំហើយ៦០​​​ភាគរយ​​នៃ​អ្នក​ជំងៃ​ទាំងនេះ​បាន​ស្លាប់។
នៅ​​​ប្រទេស​កម្ពុជាយ៉ាង​​​ហោច​​​ណាស់​​​មាន​​​ស្ត្រី​​​កម្ពុជា​​​ប្រមាណ​​​​​​៤.០០០​​​នាក់​​​បាន​​​កើត​​​ជំងឺ​​​នេះ​​​ជា​​​រៀងរាល់​​​ឆ្នាំហើយ៦០​​​ភាគរយ​​នៃ​អ្នក​ជំងៃ​ទាំងនេះ​បាន​ស្លាប់។
ក្រុម​យុវជន​ស្ម័គ្រចិត្ត​មួយ​ក្រុមបាន​សម្តែង​ឈុតខ្លី​មួយ​ដើម្បី​អប់រំ​អំពី​ជំងឺ​មហារីក​មាត់​ស្បូន​នៅ​ក្នុង​សិក្ខា​សាលាមួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពីសប្តាហ៍​មុន។

​សិក្ខាសិលា​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​និង​ការបង្ការ​ជំងឺមហារីក​មាត់​ស្បូនបន្ទាប់​ពី​ជំងឺ​នេះបាន​ក្លាយ​ជាជំងឺ​ដ៏​កាច​សាហាវនិងបាន​ឆក់​យក​ជីវិត​ប្រជាជន​កម្ពុជា​ច្រើន​ជាង​ជំងឺ​ដទៃ​ទៀត​នៅ​កម្ពុជាក្នុង​មួយ​ឆ្នាំៗ​ហើយ​អត្រា​នៃ​ការស្លាប់​ដោយសារ​ជំងឺ​មហា​រីក​មាត់​ស្បូន​នៅ​ប្រទេស​កម្ពុជា​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​ដទៃ​ក្នុង​តំបន់។

លោកស្រី​វេជ្ជបណ្ឌិត ហាវ មុន្នីរ័ត្ន អ្នក​សម្រប​សម្រួល​យុទ្ធនាការ​នេះ​និង​ជា​ប្រធាន​ផ្នែក​វិភាគ​កោសិកា​មហារីក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​បាន​ឲ្យ​ដឹង​ថា​យុទ្ធ​នាការ​អប់រំ​នេះ​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​មួយឆ្នាំ​មក​ហើយ។

​«យុទ្ធនាការ​ទី​មួយ​របស់​យើង​គឺ​យើង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៨ខែ​មិនា​ឆ្នាំ​២០១៣ ដោយ​យើង​ចាប់ផ្តើម​បណ្តុះបណ្តាល​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាលម៉ែត្រ​ផ្ទាល់​ឱ្យ​យល់​ច្បាស់​ពី​ជំងឺ​មហារីក​មាត់​ស្បូន​និង​វិធី​បង្ការ។ បន្ទាប់​មក​បុគ្គលិក​ជំនាញ​របស់​យើង​បាន​ចុះ​ទៅ​បណ្តុះ​បណ្តាល​នៅ​តាម​សាលារៀន មហាវិទ្យាល័យ។ ហើយ​ក្នុង​រូប​នេះ​ដូច​យើង​បាន​ឃើញ​ថា​យុវជន​បាន​ធ្វើ​សកម្មភាព​ដូច​ជា​ការ​រាំ ការ​សម្តែង​តាម​ផ្លូវ ក៏​ដូចជា​ការ​ជិះ​កង់​នានា ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ប្រជាពលរដ្ឋ​ឱ្យ​គាត់​បាន​យល់​ដឹង​ពី​ជំងឺ​មហារីក​មាត់​ស្បូន​និង​វិធី​បង្ការ»។​

​មាន​យុវជន​ប្រមាណ​ជា​១.០០០​នាក់​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ។

ដោយឡែក​ដើម្បី​ធ្វើ​យុទ្ធនាការ​អប់​រំ​អំពី​គ្រោះ​ថ្នាក់​និង​ការ​បង្ការ​ជំងឺ​មហារីក​មាត់ស្បូន​នេះ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ​៣០០​នាក់​មក​ពី​អង្គការ​យុវជន​នានា​ដូចជា​ក្រុម​នាវា​យុវជន​កម្ពុជា ក្រុម​សម្ព័ន្ធ​យុវជន​កម្ពុជា និង​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​នៅ​សាកលវិទ្យាល័យ​សុខាភិបាលបាន​ធ្វើ​សកម្មភាព​របស់​ខ្លួន​ជា​ប្រចាំ។

​យុវជន​ទាំង​នេះ​ធ្វើ​យុទ្ធនាការ​អប់រំ​នៅតាម​ទី​សាធារណៈ សហគមន៍ សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​ឯកជន​ជាដើម។

រៀង​រាល់​១មួយនាទី​ម្តង​មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​មហា​រីក​មាត់ស្បូន​នៅ​ក្នុង​ពិភព​លោក​និង​ជា​រៀង​រាល់២​នាទី​ម្តង​មាន​ស្ត្រី​ម្នាក់​ស្លាប់​ដោយ​សារ​ជំងឺ​នេះ។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក។

ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជាយ៉ាង​ហោច​ណាស់​មាន​ស្ត្រី​កម្ពុជា​ប្រមាណ៤.០០០​នាក់​បាន​កើត​ជំងឺ​នេះ​ជា​រៀងរាល់​ឆ្នាំហើយ៦០​ភាគរយនៃ​អ្នក​ជំងៃ​ទាំងនេះ​បាន​ស្លាប់។ មូលហេតុ​ដោយ​សារ​ស្ត្រី​ភាគ​ច្រើន​បាន​មក​មន្ទីរពេទ្យ​នៅ​ពេល​ដែល​វីរុស​មហារីក​នេះ​វិវត្តន៍​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ពិបាក​ព្យាបាល។

តួ​លេខ​នេះ​ធ្វើ​ឱ្យ​កម្ពុជា​មាន​អត្រា​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​មាត់​ស្បូន​ខ្ពស់​ជាង​គេ បំផុត​ក្នុង​ចំណោច​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស និង​តាម​ពី​ក្រោយ​ដោយ​ប្រទេស​ភូមា ថៃ​ និង​ឡាវ។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត ​អ៊ាវ សុខា ​ប្រធាន​ផ្នែក​ជំងឺ​មហារីក​និង​ជំងឺ​ឈាម​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។

លោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា ​មាន​ប្រសាសន៍បន្ថែម​ក្នុង​សិក្ខា​សិលា​នេះថា​ជំងឺ​មហារីក​មាត់​ស្បូន​នៅ​កម្ពុជា​កើត​ភាគ​ច្រើន​លើ​ស្ត្រី​ក្នុង​វ័យ​កំពុង​ពេញ​កម្លាំង​ ដែល​ធ្វើ​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍន៍​ជាតិ។

«យើង​មើល​ស្ត្រី​កើត​ជំងឺ​មហារីក​មាត់​ស្បូន​អាយុ​ជា​មធ្យម​៥១​ឆ្នាំ។ បើ​យើង​ប្រៀប​ហ្នឹង​ប្រទេស​ដទៃ ភាគ​ច្រើន​គឺ​កើត​លើ​តែ​ចាស់​ៗ​អាយុ​៦០​ទៅ​៧០​ឆ្នាំ ដូច្នេះ​អាយុ​៥១​ឆ្នាំ​ហ្នឹង​មាន​ន័យ​អ្វី​ទៅ? វា​បញ្ជាក់​ថា​យើង​កើត​ជំងឺ​មហារីក​លើ​ស្ត្រី​ក្មេង​ៗ ដែល​កំពុង​តែ​ជា​វ័យ​ដែល​ធ្វើ​ឱ្យ​សង្គម​រីក​ចម្រើន។ អាយុ​ក្រោម​៤០​ឆ្នាំ ឬ​២០​ឆ្នាំ​ក៏​មាន​ដែរ​តែ​មាន​ចំនួន​តិច ប៉ុន្តែ​នៅ​ស្រុក​គេ​ទាល់​តែ​អាយុ​៧០​ឆ្នាំ​ឡើង​ទៅ​ឯ​ណោះ»។

ជំងឺ​មហារីក​មាត់​ស្បូន​បង្ក​ដោយ​វីរុស​ម្យ៉ាង​ឈ្មោះ​ថា​ Human Papillomavirus ​(HPV) ​ដែលជា​និច្ចកាល​បណ្តាល​មក​ពី​ស្ត្រី​មាន​ដៃ​គូ​រួម​ភេទ​ច្រើន ឬ​ការ​ជក់​បារី។ ហើយ​កត្តា​កង្វះ​អនាម័យ កង្វះ​ការ​យល់​ដឹង ការ​អៀន​ខ្មាស់​និង​ការ​អាក់ខាន​មក​ពិនិត្យ​សុខភាព​ឱ្យ​បាន​ទៀងទាត់​ធ្វើ​កម្ពុជា​ប្រឈម​ខ្ពស់​នឹង​ជំងឺ​នេះ។

ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ផ្តល់​ដំបូន្មាន​ថា​ស្ត្រី​អាយុ​ចន្លោះ​ពី​១០​ទោ​២៦​គួរ​ទៅ​ចាក់​វាក់សាំង​បង្ការ​ជំងឺ​នេះ ​ចំណែក​ឯ​ស្ត្រី​ធ្លាប់​ឆ្លង​កាត់​ការ​រួម​ភេទ​រួច​ហើយ​ត្រូវ​ពិនិត្យ​រក​ជំងឺ​មហារីក​មាត់​ស្បូន​ជា​រៀង​រាល់​៣​ទៅ​៥​ឆ្នាំ​ម្តង។

យុវតី​ គូ សុធាវី អាយុ​២៣​ឆ្នាំ និស្សិត​ម្នាក់​នៅ​សាកលវិទ្យាល័យ​សុខាភិបាល ​ថ្លែងបន្ទាប់​ពី​បញ្ចប់​សិក្ខាសិលា​នេះ​ថា​សិក្ខាសិលា​នេះ​ធ្វើ​ឱ្យរូប​គេ​បាន​យល់ដឹង​ច្រើន​ពី​ជំងឺ​មហារីក​មាត់ស្បូន​នេះ ហើយ​គេ​តាំង​ចិត្ត​នឹង​ជួយ​ផ្សព្វផ្សាយ​បន្ត។

«ទាក់ទង​ពី​កម្មវិធី​ព្រឹកមិញ ខ្ញុំ​បាន​រៀន​អ្វី​ទៅ​ជា​ជំងឺ​មហារីក​មាត់​ស្បូន ដល់​ពេល​អញ្ចឹង​ទៅ​ខ្ញុំ​អាច​ដឹង​ពី​វិធី​បង្ការ ទោះបី​ជា​យើង​មិន​ទាន់​មាន​គ្រួសារ យើង​ក៏​អាច​ចាក់​វាក់សាំង ហើយ​អ្នក​មាន​គ្រួសារ​ហើយ​អាច​ទៅ​ពិនិត្យ​មាត់​ស្បូន ពី​បី​ទៅ​ប្រាំ​ឆ្នាំ។ បើ​មាន​គ្រួសារ​ឬ​មិត្ត​ភក្តិ​ស្រី​ៗ ខ្ញុំ​អាច​ប្រាប់​គាត់​វិញ ហើយ​យើង​អាច​ជួយ​ផ្សព្វផ្សាយ​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​ដើម្បី​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​នេះ»។

ក្រៅ​ពី​ការ​ធ្វើ​បទ​បង្ហាញ​តាម​ទី​សាធារណៈ សហគមន៍ សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​ឯកជន
យុទ្ធនាការ​នេះ​ក៏​បាន​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ស្នាដៃ​រចនា​ឡូហ្គូ​និង​វីដេអូ​ទាក់ទង​ហ្នឹង​ជំងឺ​មហារីក​មាត់​ស្បូន ក៏​ដូចជា​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ជា​ដើម៕
XS
SM
MD
LG