ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​១៣​នាក់​នៅ​ពោធិ៍សាត់​ស្លាប់​ដោយសារ​​ពុល​ស្រា​ស ខណៈ​តុលាការ​ចោទ​ប្រកាន់​មនុស្ស​២​នាក់


រូប​ឯកសារ៖ ស្រាសនិងស្រាថ្នាំ ដែលត្រូវបានដាក់លក់នៅតូបមួយក្នុងភូមិដំណាក់អំពិល ខេត្តពោធិ៍សាត់។ (ស៊ុន ណារិន/VOA Khmer)
រូប​ឯកសារ៖ ស្រាសនិងស្រាថ្នាំ ដែលត្រូវបានដាក់លក់នៅតូបមួយក្នុងភូមិដំណាក់អំពិល ខេត្តពោធិ៍សាត់។ (ស៊ុន ណារិន/VOA Khmer)

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​មនុស្ស​១៣​នាក់ក្នុង​ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​បាន​ស្លាប់​ជា​បន្ត​បន្ទាប់ ដោយសារ​ពុល​ស្រា​បិត ឬ​ស្រា​ថ្នាំ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា។ នៅ​ក្នុង​ករណី​នេះ មនុស្ស​ពីរ​នាក់​ដែល​ជា​ប្តី​ប្រពន្ធ​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​តាម​ក្រម​ព្រហ្មទណ្ឌ ដែល​អាចឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ។

នេះ​ជា​ករណី​ពុល​ស្រា​ជា​លើក​ទី​៣ ក្នុង​រយៈ​ពេល​៤​សប្តាហ៍​ចុង​ក្រោយ​នេះ គឺ​ចាប់​តាំង​ពី​ដើម​ខែ​ឧសភា​នេះ ដែល​ពីរ​ករណី​មុន គឺ​កើត​ឡើង​ក្នុង​ស្រុក​ល្វាឯម​ខេត្ត​កណ្តាល ដោយ​សម្លាប់​មនុស្ស​១៤​នាក់ និង​ក្នុង​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត ស្លាប់​មនុស្ស​១០​នាក់។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ប្រមាណ​១០០​នាក់​ ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​ពួកគេ​មាន​រោគ​សញ្ញា​ស្រវាំង​ភ្នែក​ព្រិល​ភ្នែក ណែន​ដើម​ទ្រូង ចុក​ដើម​ទ្រូង ថប់​ដង្ហើម​ត្រជាក់​ដៃ​ជើង វិលមុខ ក្អួត ឈឺក្បាល​ និង​ធីងធោង​អស់​កម្លាំង ទន់​ដៃ​ ទន់​ជើង និង​សន្លប់។

ក្រសួង​បញ្ជាក់​ថាការ​វិភាគ​សំណាក​ស្រា​ដែល​បិត​នោះ រក​ឃើញ​ថា​ស្រា​មាន​សារធាតុ​មេតាណុល​លើស​កម្រិត​ខ្ពស់​ពី​៩,៥%​ទៅ​១៥% ដែល​កម្រិត​មិន​ពុល​មិន​ត្រូវ​លើស​០,១%នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ក្រើន​រំឭក​ប្រជាពលរដ្ឋ​ឲ្យ​ឈប់​ពិសា​ស្រា​ស​ដែល​បិត​ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹម​ត្រូវ​និង​គ្មាន​ការ​ត្រួត​ពិនិត្យ។ ក្រសួង​ក៏​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​យក​សារធាតុ​មេតាណុល​មក​លាយ​ធ្វើ​ស្រា​ស។

ក្រសួង​សុខាភិបាល​ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ត្រូវ​ចាត់​តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល​ និង​ទប់​ស្កាត់​ការ​លក់​ស្រា​បិត​ឬ​លាយ ដែល​ពុំ​មាន​បច្ចេកទេស​ត្រឹមត្រូវ។

លោក ស ថេង ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ ថ្លែង​ថា​សមត្ថកិច្ច​បាន​ចុះ​ត្រួត​ពិនិត្យ រហូត​ដល់​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ប្តី​ប្រពន្ធ​ពីរ​នាក់ ហើយ​បញ្ជូន​ទៅ​តុលាការ ក្រោយ​រក​ឃើញ​ថា​ពួកគេ​បាន​បិត​ស្រា​មិន​ត្រឹម​ត្រូវ​តាម​បច្ចេកទេស។

លោក​បញ្ជាក់​ថា៖ «នៅ​អា​ឡ​បិត​ស្រា​របស់​គាត់​ហ្នឹង​អា​ផេះ​ឧស ធ្យូង ​អង្កាម​ហ្នឹង វា​លែង​ជា​ផេះ​វា​ទៅ​ជា​ដី។ គាត់​បាន​ដុត​រាល់​ថ្ងៃ គាត់​បាន​ដាំ​បាយ​ចំហុយ​ចេញ​ជា​ស្រា​ស វា​ត្រូវ​មាន​ផេះ​ថ្មី ផេះ​អី​អញ្ចឹង។ ការ​សួរ​នាំ​ទៅ គាត់​ដង​ទឹក​ចាក់​អាមេតា​ណុល​ហ្នឹង​កូរ​យក​បណ្តោយ ហើយ​វាស់​ស្ទង់។ វា​អត់​មាន​បច្ចេកទេស​ព្រោះ​គាត់​មិន​បាន​ទៅ​រៀន​ទៅ​សូត្រ។ ចេះ​តែ​បិត​តៗ​គ្នា»។

លោក​ស្នង​ការ​រូប​នោះបញ្ជាក់​ថា​លោក​នឹង​បញ្ជា​ឲ្យ​បុស្តិ៍​នគរបាល​ទាំង​អស់​នៅ​តាម​ឃុំ​ចុះ​ត្រួត​ពិនិត្យ​មើល​រាល់​ការ​បិត​ស្រា​ទាំង​អស់ ដើម្បី​ធានា​ថា​មាន​សុវត្ថិភាព។

លោក ហេង ដូនីន អ្នក​នាំ​ពាក្យ​របស់​តុលាការ​ខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​ថា​ប្តី​ប្រពន្ធ​ពីរ​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ ត្រូវ​បាន​ព្រះរាជ​អាជ្ញា​ចោទ​ប្រកាន់​តាម​ក្រម​ព្រហ្មទណ្ឌ​ត្រង់​មាត្រា​២២៦​និង​២២៤ ដែល​ចែង​អំពី​ការ​ផ្តល់​អាហារ​ដែល​មាន​សារ​ជាតិ​ពុល​និង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ដែល​អាច​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំ​ទៅ​១៥​ឆ្នាំ កាល​បើ​អំពើ​នេះ​បណ្តាល​ឲ្យ​ជន​រងគ្រោះ​ស្លាប់ ដោយ​គ្មាន​ចេតនា​សម្លាប់។ លោក​បន្ថែម​ថា​សំណុំ​រឿង​នេះត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ​តាម​នីតិវិធី​បន្ត​ទៀត។

កាល​ពី​សប្តាហ៍​មុន តុលាការ​ខេត្ត​កំពត​ ក៏បាន​សម្រេច​ឃុំ​ខ្លួន​បុរស​ពីរ​នាក់​ពាក់​ព័ន្ធ​នឹង​ករណី​ពុល​ស្រា​ក្នុង​ស្រុក​កំពង់​ត្រាច​ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​១០​នាក់​ស្លាប់។ ពួកគេ​ត្រូវ​ចោទ​ប្រកាន់​ក្រោម​បទ​ចោទ​«មាន​ស្ថាន​ទម្ងន់​ទោស​នៃ​អំពើ​មិន​សុចរិត​ទាក់​ទង​នឹង​ទំនិញ​សេវា​ ឬ​ការ​អះ​អាង​ដោយ​បំភាន់​ដោយ​សារ​ការ​ពិការ​ឬ​មរណភាព»​តាម​ច្បាប់​ស្តី​ពី​កិច្ច​ការ​ពារ​អ្នក​ប្រើ​ប្រាស់ ដែល​អាច​ជាប់​ទោស​ពន្ធនាគារ​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ។

មន្ត្រី​សម្រប​សម្រួល​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក សំ ច័ន្ទគា បាន​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​និង​ធានា​ថា​មិន​មានចរាចរណ៍​សារ​ជាតិ​មេតាណុល​ក្នុង​ទីផ្សារ ដែល​អាច​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​សម្រាប់​លាយ​ធ្វើ​ជា​ស្រា​ស ឬ​ស្រា​ថ្នាំ​បាន​ដែល​មាន​ជាតិ​ពុល​ខ្ពស់​ហួស​កម្រិត​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ជា​សង្គមស៊ីវិល​ហ្នឹង ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​រៀបចំ​បទដ្ឋាន​ច្បាប់​សម្រាប់​គ្រប់​គ្រង​សារធាតុ​មេតាណុល ឬ​សារធាតុ​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​ហ្នឹង»៕

XS
SM
MD
LG