ក្រុមហ៊ុនធ្យូងថ្មមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលប្រទេសចិន ទើបតែបានប្រកាសកាត់បន្ថយបុគ្គលិកកម្មករចំនួន១០ម៉ឺននាក់ក្នុងរយៈពេលបីខែខាងមុខ ដែលជាការកាត់បន្ថយការងារដ៏ធំជាងគេបំផុតនៅក្នុងប្រទេសចិននៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ក៏ប៉ុន្តែទោះបីការកាត់បន្ថយនេះ មានទំហំធំក៏ដោយ ក៏វាគ្រាន់តែឧទាហរណ៍មួយនៃសញ្ញាកើនឡើងនៃបញ្ហាអត់ការងារធ្វើដែលប្រទេសចិនកំពុងប្រឈម ខណៈដែលសេដ្ឋកិច្ចធំជាងគេបំផុតទីពីររបស់ពិភពលោកមួយនេះនៅតែបន្តថយចុះ។
លោក Geoffrey Crothall នាយកខាងទំនាក់ទំនងនៃអង្គការ China Labor Bulletin ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បាននិយាយថា មានកម្មករជាច្រើននឹងត្រូវបានបញ្ឈប់ពីការងារនៅក្នុងវិស័យនិងតំបន់ជាច្រើន។
«យើងបានឃើញការបញ្ឈប់ពីការងារស្រដៀងគ្នានៅក្នុងឧស្សាហកម្មដែកថែបនិងឧស្សាហកម្មធនធ្ងន់ផ្សេងទៀត ដូច្នេះខ្ញុំគិតថាដោយសារតែសេដ្ឋកិច្ចថយចុះនៅក្នុងប្រទេសចិន ជាពិសេសក្នុងវិស័យគ្រប់គ្រងដោយរដ្ឋ ដែលកំពុងមានបញ្ហាក្នុងការរកប្រាក់ចំណេញ វាជៀសមិនផុតដែលយើងនឹងឃើញមានការបញ្ឈប់ការងារបន្ថែមទៀត»។
កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថាក្រុមហ៊ុន Mining Group Longmay ដែលជាក្រុមហ៊ុនធ្យូងថ្មនៅខេត្ត Heilongjiang ភាគឦសានរបស់ប្រទេសចិន ដែលមានបុគ្គលិកប្រមាណ ២៤០.០០០នាក់ បានកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនជិតដល់ពាក់កណ្តាល។ លោក Wang Zhikui ប្រធានក្រុមហ៊ុន Longmay បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋថា ការសម្រេចចិត្តកាត់បន្ថយកម្លាំងពលកម្មនេះត្រូវបានធ្វើដើម្បី «បញ្ឈប់ការហូរឈាម» របស់ក្រុមហ៊ុនដែលត្រូវប្រឈមមុខនឹងបញ្ហាបំណុលយ៉ាងធ្ងន់ធ្ងរ។
ខណៈពេលដែលក្រុមហ៊ុននានាបាននិងកំពុងបញ្ឈប់កម្មករ ការណ៍នេះនាំឲ្យមានការធ្វើកូដកម្ម។ ក្រុមអ្នកវិភាគបានឱ្យដឹងថា ក្នុងករណីខ្លះ កម្មកររាប់ពាន់នាក់បានតវ៉ាប្រឆាំងនឹងកាត់បន្ថយការងារ នៅរោងចក្រដែកថែបនិងរោងចក្រគ្រឿងចក្រធនធ្ងន់ដទៃទៀតនៅប៉ុន្មានខែចុងក្រោយនេះ។
លោក Li Hsiang Hong អ្នកសម្របសម្រួលកម្មវិធីនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងត្រួតពិនិត្យតំបន់អាស៊ីបានឱ្យដឹងថា ខេត្តក្វាងទុង (Guangdong) ដែលនៅភាគខាងត្បូងនៃប្រទេសចិនជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការនាំចេញនិងផលិតកម្មរោងចក្ររបស់ចិន។ នៅទីនោះ0មានការកើនឡើងការបញ្ឈប់ការងារកម្មករ ខណៈពេលដែលក្រុមហ៊ុនទាំងនេះ មានបញ្ហាការលក់មានការធ្លាក់ចុះ ហើយមានការរៀបចំរចនាសម្ព័ន្ធឡើងវិញដែលជាការផ្ដួចផ្ដើមដោយរដ្ឋាភិបាលចិន។
«មាននិន្នាការនៃការបញ្ឈប់ការងារ ហើយយើងគិតថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើបញ្ហានេះ»។
លោក Li បានពន្យល់ថា មានមនុស្សរាប់ពាន់នាក់បានត្រូវបញ្ឈប់ពីការងារនៅក្នុងឧស្សាហកម្មនាំចេញ ដូចជារោងចក្រផលិតឧបករណ៍ក្មេងលេងនិងវាយនភណ្ឌនៅភាគខាងត្បូងប្រទេសចិន។
លោក Li បាននិយាយថា រដ្ឋាភិបាលកំពុងផ្ទេរប្រភេទផលិតកម្មខ្លះពីទីក្រុងធំៗនិងមធ្យម ទៅទីក្រុងនិងទីប្រជុំជនតូចៗ ហើយនៅក្នុងដំណើរការនេះ ក្រុមហ៊ុនបានបញ្ឈប់កម្មកររាប់ពាន់នាក់។
ផ្នែកមួយនៃដំណើរការផ្ទេរឧស្សាហកម្មនេះ គឺក្នុងគោលបំណងផ្លាស់ប្តូរឧស្សាហកម្មដែលមានជាតិពុលទៅឲ្យឆ្ងាយពីទីក្រុងធំៗ ប៉ុន្តែគម្រោងនេះក៏មានបំណងផ្លាស់ប្ដូរទីតាំងឧស្សាហកម្មនានាដែលបានជួបប្រទះនូវជម្លោះសង្គមនិងជំងឺកម្មករដែលបានមកពីការងារ។
លោក Li បាននិយាយថា៖ «ពួកគេ(រដ្ឋាភិបាល)គិតថា ការផ្លាស់ប្តូរទីតាំងរោងចក្រទាំងនោះ អាចជួយឱ្យពួកគេបន្ថយកំណើនជម្លោះនិងបញ្ហាទាំងនេះដែលមានកើតមាននៅក្នុងទីក្រុង»។
ក្រុមអ្នកវិភាគឧស្សាហកម្មបាននិយាយថា ការធ្លាក់ចុះនៃតម្លៃវត្ថុធាតុដើម និងការព្រួយបារម្ភកាន់តែខ្លាំងអំពីការបំពុលបរិស្ថាន ទំនងជានឹងបង្ខំឱ្យក្រុមហ៊ុនធ្យូងថ្មផ្សេងទៀត ធ្វើការបញ្ឈប់កម្មករនៅក្នុងប៉ុន្មានខែខាងមុខនេះ។
លោក Hu Xingdou សាស្ត្រាចារ្យសេដ្ឋកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងបាននិយាយថា៖ «វិស័យឧស្សាហកម្មភាគច្រើនដែលកំពុងប្រឈមមុខនឹងការបញ្ឈប់ការងារគឺជាអ្នកដែលមានការប្រកួតប្រជែងតិចតួចឬសហគ្រាសដែលមានជាតិពុលខ្លាំងដូចជាការរុករករ៉ែធ្យូងនិងឧស្សាហកម្មដែលជិតបិទទ្វារផ្សេងទៀត»។
រដ្ឋាភិបាលចិនជៀសវាងការពិភាក្សាជាសាធារណៈអំពីបញ្ហាអត់ការងារធ្វើនេះ ដែលពេលថ្មីនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាននិយាយថា ការងារថ្មីនៅតែបន្តកើនឡើងនៅក្នុងអត្រាខ្ពស់ ជាងអត្រាគោលដៅប្រចាំឆ្នាំដែលបានកំណត់ បើទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែបន្តធ្លាក់ចុះ។
ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា សំខាន់ជាងរឿងតួលេខនេះ គឺសំណួរអំពីរបៀបនៃការគ្រប់គ្រងការបញ្ឈប់ការងារនេះ។
លោក Geoffrey Crothall នាយកទំនាក់ទំនងនៃអង្គការ China Labor Bulletin បានឱ្យដឹងថា ទីផ្សារការងារនឹងនៅតែបន្តទទួលរងការឡើងចុះយ៉ាងខ្លាំងក្លា។
លោកថ្លែងថា៖ «បញ្ហានោះគ្រាន់តែនៅត្រង់ថា តើមានអ្វីដែលជាការផ្តល់ឲ្យសម្រាប់ពួកគេ(កម្មករ)នៅក្នុងដំណើរការនោះ និងអ្វីជាឱកាសដែលពួកគេមានដើម្បីអាចមានការងារឡើងវិញនោះ។ វាជាការលំបាកណាស់ក្នុងការធ្វើការព្យាករណ៍ណាមួយនៅក្នុងរឿងនោះ»។
ក្រុមអ្នកវិភាគបាននិយាយថា ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះ ហើយការនាំចេញក៏បានធ្លាក់ចុះដែរ ក្រុមហ៊ុនបានសម្រេចចិត្តកាត់បន្ថយប្រាក់ឈ្នួលជាទ្រង់ទ្រាយធំផងដែរ ហើយនៅតំបន់ខ្លះមានពាក្យបណ្ដឹងនិងការតវ៉ាជាច្រើន ដោយសារតែកម្មករមិនត្រូវបានផ្តល់សំណងឱ្យបានគ្រប់គ្រាន់ នៅពេលពួកគេត្រូវបានគេបញ្ឈប់។
ប្រធានក្រុមហ៊ុន Longmay លោក Wang Zhikui បានឱ្យដឹងថា ការកាត់បន្ថយការងារសម្រាប់ក្រុមហ៊ុននេះ នឹងធ្វើឡើងក្នុងទម្រង់ជាការបញ្ឈប់ការងារ ការឆាប់ចូលនិវត្តន៍ និងការប្ដូរការងារ។ ក្រុមអ្នកវិភាគបានឱ្យដឹងថា ការលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសេវាកម្ម អាចផ្ដល់ឱកាសសម្រាប់កម្មករវ័យក្មេងដែលត្រូវបានបញ្ឈប់ជាច្រើន ប៉ុន្តែបុគ្គលិកវ័យចំណាស់ដែលត្រូវបានបញ្ឈប់អាចនឹងមានការលំបាកក្នុងការសម្របតាមការផ្លាស់ប្តូរ(ការងារ)នេះ៕
ប្រែសម្រួលដោយ មាន ឥស្សរាយស