លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះពីផែនការកាត់បន្ថយកងកម្លាំងយោធាដ៏ធំជាងគេបំផុតនៅលើពិភពលោកក្នុងចំនួន៣០ម៉ឺននាក់។ ការប្រកាសនេះធ្វើឡើងក្នុងអំឡុងពេលមានក្បួនព្យុហ៌យាត្រាដើម្បីរំលឹកពីជ័យជម្នះលើប្រទេសជប៉ុនក្នុងសង្គ្រាម លោកលើកទី២។
ក្នុងរយៈពេលប្រហែលជាមួយម៉ោងនៅក្នុងទីលានធានអាន់ម៉េននៃទីក្រុងប៉េកាំង ក្បួនរថក្រោះកាំជ្រួចបាញ់រំលងទ្វីប យន្តហោះគ្មានមនុស្សបើក និងកងទ័ពបានធ្វើព្យុហ៌យាត្រាកាត់ពីមុខមន្ត្រីយោធាជាន់ខ្ពស់ និងមេដឹកនាំរដ្ឋាភិបាល។ នេះជាអ្វីដែលលោកប្រធានាធិបតីស៊ីហៅថា ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនចំពោះសន្តិភាព។
លោកប្រធានាធិបតីចិនមានប្រសាសន៍បន្ថែមទៀតថា «ដើម្បីផលប្រយោជន៍សន្តិភាព ប្រទេសចិននឹងនៅតែប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយសន្តិភាព។ ពលរដ្ឋចិនរបស់យើងស្រឡាញ់សន្តិភាព។ បើទោះបីជាខ្លាំងជាងនេះច្រើនដងក៏ដោយក៏ប្រទេសចិននឹងមិនស្វែងរកការធ្វើអនុត្តរភាព ឬការពង្រីកអំណាចទេ។
លោកបានបន្ថែមថា មធ្យោបាយដ៏ល្អបំផុតក្នុងការផ្តល់កិត្តិយសដល់អ្នកដែលបានស្លាប់ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរគឺការការពារមិនឲ្យសោកនាដកម្មប្រវត្តិសាស្រ្តកើតឡើងម្តងទៀត។
មានទាហានជាង១២.០០០នាក់បានដើរក្បួននៅទីលានធានអាន់ម៉េន ៕