ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២៣៧ លានដូសរបស់ក្រុមហ៊ុនឱសថ AstraZeneca ត្រូវបានគេរំពឹងថា នឹងត្រូវចែកចាយទៅឲ្យប្រទេសចំនួន ១៤២ នៅត្រឹមដំណាច់ខែឧសភាខាងមុខតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក WHO។នេះបើតាមការបញ្ជាក់របស់ប្រធានអង្គការ WHO កាលពីថ្ងៃអង្គារម្សិលមិញ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការដឹកជញ្ជូនវ៉ាក់សាំងដើម្បីចែកចាយត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃអង្គារម្សិលមិញ ទៅកាន់ប្រទេសអង់ហ្គោឡា កម្ពុជា សាធារណរដ្ឋកុងហ្កោ និងប្រទេសនីហ្សេរីយ៉ា។
ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីប្រទេសហ្គាណា លោក Nana Akufo-Addo និយាយថា ប្រទេសរបស់លោកដែលបានចាប់ផ្តល់ចាក់វ៉ាក់សាំងកូវីដ១៩ ដែលបានផ្តល់តាមរយៈកម្មវិធី COVAX នោះមានគម្រោងនឹងចាក់វាក់សាំងដល់ពលរដ្ឋហ្គាណាប្រមាណ ២០ លាននាក់ នៅត្រឹមដំណាច់ឆ្នាំ ២០២១ នេះ។
ដោយឡែក មន្រ្តីអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា ក៏បានអំពាវនាវឲ្យប្រជាជនកម្ពុជាប្រញាប់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
ការអំពាវនាវរបស់លោកស្រី Li Ailan តំណាងអង្គការ WHO ធ្វើឡើង ខណៈកម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ចំនួន ៣២៤.០០០ ដូស នៅយប់ថ្ងៃអង្គារនេះ តាមរយៈកម្មវិធីផ្ដល់វ៉ាក់សាំងកូវីដ១៩ ជាសាកលរបស់អង្គការ WHO ដែលហៅថាកូវ៉ាក់ (COVAX)។
វ៉ាក់សាំងដែលផលិតនៅប្រទេសឥណ្ឌានេះត្រូវបានដឹកតាមយន្តហោះពីប្រទេសឥណ្ឌា ហើយមកដល់កម្ពុជានៅម៉ោងជិត៨យប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១៕