ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី ២៤៧ របស់ខ្លួនក្នុងរាជធានីភ្នំពេញ ដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy លើកឡើងថា អាមេរិកគោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា។
នៅក្នុងពិធីបុណ្យឯករាជ្យជាតិដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែមិថុនា លោក Patrick Murphy ថ្លែងថា សហរដ្ឋអាមេរិកតែងតែផ្តោតទៅលើលទិ្ធប្រជាធិបតេយ្យ និងមូលដ្ឋានគ្រឹះនៃសិទ្ធិដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងសហរដ្ឋអាមេរិក។ លោកសង្ឃឹមថា ប្រជាជនកម្ពុជានឹងបន្តទទួលបានសិទ្ធពេញលេញ និងមានការអភិវឌ្ឍសង្គមមួយតាមបែបលទ្ធិប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «នៅទីនេះ នៅក្នុងព្រះរាជាណាចក្រ យើងបានចែករំលែកទស្សនៈវិស័យរួមគ្នា សិទ្ធិសេរីភាពនៃការបញ្ចេញមតិ សមាគម និងការជួបប្រជុំត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក និងកម្ពុជា។ យើងគាំទ្រសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជាក្នុងការធ្វើឱ្យសិទ្ធិទទួលបាន មានកម្រិតជាអតិបរមា និងមានរដ្ឋាភិបាលដែលទទួលខុសត្រូវទាំងស្រុងចំពោះពួកគេ និងអភិវឌ្ឍសង្គមប្រជាធិបតេយ្យឱ្យរីកចម្រើន»។
បន្ថែមពីនេះ លោក Murphy ប្រាប់អ្នកសារព័ត៌មានក្នុងពិធីបុណ្យឯករាជ្យជាតិសហរដ្ឋអាមេរិកលើកទី២៤៧ថា សហរដ្ឋអាមេរិកគោរពចំពោះអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា។ លោកបញ្ជាក់ថាសហរដ្ឋអាមេរិកនិងកម្ពុជាតែងមានទំនាក់ទំនងល្អ ហើយអាមេរិកតែងមានកម្មវិធីជាច្រើន ដើម្បីបញ្ជូនប្រជាជនកម្ពុជាទៅបន្តការសិក្សានៅអាមេរិក។
លោកថ្លែងថា៖ «ជាការប្រសើរណាស់ យើងធ្វើដូច្នេះដោយមានវត្តមាននៅទីនេះ យើងមានកម្មវិធីជាច្រើន យើងមានមនុស្សជាច្រើនជាមួយមនុស្សដែលមានទំនាក់ទំនង ដែលពួកយើងជួយខ្មែរដែលចង់ទៅសហរដ្ឋអាមេរិក ដើម្បីសិក្សានិងនាំយកជំនាញទាំងនោះមកកម្ពុជា។ យើងកំពុងមានជនជាតិខ្មែរអាមេរិកាំង៣០ម៉ឺននាក់នៅសហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងវិញក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍ ដែលជួយមើលការយល់ដឹងរវាងប្រទេសទាំងពីរ ហើយយើងបានគោរពឯករាជ្យអធិបតេយ្យភាពកម្ពុជា»។
ទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនិងកម្ពុជា ភាគច្រើនតែងមានភាពរកាំរកូស និងតានតឹង ក្នុងពេលធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួន លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។
កាលពីពេលថ្មីៗនេះ ក្រោយគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ខាងមុខ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បានលើកឡើងថា សហរដ្ឋអាមេរិកមាន«កង្វល់យ៉ាងជ្រាលជ្រៅ»ចំពោះសេចក្តីសម្រេចនេះ។
លោក Matthew Miller បញ្ជាក់ថា៖ «យើងទទូចសុំយ៉ាងខ្លាំងឱ្យអាជ្ញាធរកម្ពុជាធ្វើការកែប្រែ ដើម្បីឱ្យពលរដ្ឋរបស់ខ្លួនអាចចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យពហុបក្ស និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ហើយអាចអនុវត្តសិទ្ធិរបស់ខ្លួនដោយសេរី ដែលរួមមានផងដែរនូវសិទ្ធិក្នុងការចងក្រងជាក្រុម សមាគម សិទ្ធិក្នុងការធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសិទ្ធិក្នុងការបញ្ចេញមតិដោយគ្មានការភ័យខ្លាចនឹងការសងសឹក»។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានគេមើលឃើញថា កាន់តែលម្អៀងទៅកាន់ប្រទេសចិន ដែលតែងតែងផ្តល់ជំនួយឥតសំណង និងកម្ចីមកកម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់វីអូអេនៅថ្ងៃស្រុកនេះថាកម្ពុជាកំពុងតែកសាងលទ្ធិប្រជាធិបតេយ្យពីថ្នាក់ក្រោមជាតិមក ព្រមទាំងរក្សាលំនឹងស្ថិរភាពនយោបាយ និងពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន។ លោកលើកឡើងថារឿងភូមិសាស្ត្រនយោបាយត្រូវបានយកមកប្រើប្រាស់ ដែលវាប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកថ្លែងថា៖ «សហរដ្ឋអាមេរិកមិនទាន់យល់ច្បាស់អំពីកម្ពុជាដែលកំពុងដំណើរការ ចេះតែយកបញ្ហាភូមិសាស្ត្រនយោបាយមកលាយឡំ ក្នុងការប្រឹងប្រែងរបស់កម្ពុជា។ ថ្វីត្បិតកូនចៅរបស់កម្ពុជាទាំងអស់នៅក្នុងប្រទេសកម្ពុជាចំណុចទីមួយ យុវជនទាំងអស់ច្រើនទៅយកការសិក្សា សម្ភារៈនៃការសិក្សាគឺលោកខាងលិចទាំងអស់ អត់មានអ្នកណាពេញចិត្ត ឬក៏អត់មានអ្នកណាពិញចិត្តនឹងកុម្មុយនិស្តនោះទេ ពីព្រោះយើងមានការពិសោធន៍អាក្រក់ជូរចត់ជារបបឃោរឃៅទាំងអស់នោះណាស់ អាហ្នឹងតែប៉ុណ្ណឹង»។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះអះអាងថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកទាំងតែងមានភាពល្អប្រសើរ ហើយការលាបពណ៌ទៅលើបញ្ហាភូមិសាស្ត្រនយោបាយកម្ពុជានោះគឺមិនត្រឹមត្រូវនោះទេ។
នៅក្នុងផ្នែកពាណិជ្ជកម្ម ការនាំចូលរបស់សហរដ្ឋអាមេរិកពីកម្ពុជា មានចំនួនសរុប៨.៧ពាន់លានដុល្លារ ហើយការនាំចេញរបស់សហរដ្ឋអាមេរិកមានចំនួន៤១៤លានដុល្លារ សម្រាប់ឆ្នាំ២០២១។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជារហូតមកដល់ពេលនេះ ដែលមានចំនួនជាង៤០%នៃការនាំចេញសរុបរបស់កម្ពុជា។
វិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ភាគច្រើនជាទំនិញនាំចូលពីកម្ពុជាទៅសហរដ្ឋអាមេរិក ហើយផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជាងមួយលាននាក់ ដែលភាគច្រើនជាស្ត្រី។ ការនាំចេញកំពូលរបស់សហរដ្ឋអាមេរិកមកកម្ពុជារួមមានយានជំនិះ ចំណីសត្វ និងសេវាឌីជីថល។ នេះបើតាមព័ត៌មាននៅលើគេហទំព័ររបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា៕