មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (The Cambodia Center for Independent Media) បានបង្កើតគេហទំព័រមួយសម្រាប់ការផ្តល់យោបល់ជាសាធារណៈទៅលើសេចក្តីព្រាងច្បាប់ចម្រូងចម្រាសមួយ ដែលនឹងគ្រប់គ្រងលើប្រព័ន្ធអ៊ិនធឺណិតរបស់កម្ពុជា។
គេហទំព័រនោះបានបង្កើតបណ្តាញដែលអាចដឹងពីចំនួនចូលមើលដូចនឹងគេហទំព័រ wiki សម្រាប់ការផ្តល់យោបល់ទៅច្បាប់ ទោះបីជាសាធារណៈជនមិនទាន់បានឃើញសេចក្តីព្រាងច្បាប់នោះក៏ដោយ។
អ្នករិះគន់មានការព្រួយបារម្ភថា សេចក្តីព្រាងច្បាប់នេះមានគោលបំណងគ្រប់គ្រងសេរីភាពក្នុងការបញ្ចេញមតិតាមអ៊ិនធឺណិត ខណៈដែលភាពពេញនិយមរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងឧបករណ៍ទូរស័ព្ទដៃដទៃៗទៀតមានកំណើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកប៉ា ញួនទៀង នាយកប្រតិបតិ្តរបស់មជ្ឈមណ្ឌលនេះនិយាយថា «យើងបង្កើតវាឡើងដើម្បីជាមធ្យោបាយសម្រាប់សាធារណជនបង្ហាញពីយោបល់របស់ពួកគេទៅលើច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិត»។ លោកបានបន្ថែមថា ជាការល្អ មនុស្សនឹងអាចបញ្ចេញនូវក្តីកង្វល់របស់ពួកគេចំពោះច្បាប់នេះ ឬអាចនឹងកែប្រែវានៅលើអ៊ិនធឺណិតទៀតផង។
គេហទំព័រ www.netlawkh.org ដែលត្រូវបានបង្កើតឡើងតាំងពីខែកុម្ភៈ ទទួលបានការគាំទ្រពី អង្គការ Freedom House ដែលជាអង្គការមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងធ្វើការតាមដាន ក៏ដូចជាដាក់អត្រាវាយតម្លៃទៅលើសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រទេសទាំងឡាយ។
មកដល់ពេលនេះ អ្នកប្រើប្រាស់បានបង្ហោះនូវយោបល់របស់ពួកគេទៅលើច្បាប់នេះ ហើយបានអំពាវនាវឲ្យមានការបង្ហោះច្បាប់នេះនៅលើប្រព័ន្ធអ៊ិនធឺណិត។ អ្នកខ្លះនិយាយថា នេះអាចជាច្បាប់ដែលមានប្រភពចេញពីក្រុមមនុស្សជាលើកដំបូងរបស់កម្ពុជា។
ឈីវ ពិដោរ ប្រធានផ្នែកធនធានមនុស្សសម្រាប់ក្រុមហ៊ុនឯកជនមួយនៅក្នុងក្រុងភ្នំពេញ និយាយថា គាត់ប្រើប្រាស់អ៊ិនធឺណិត «ស្ទើរតែ២៤ម៉ោងក្នុងមួយថ្ងៃ» រួមទាំងការប្រើប្រាស់បណ្តាញហ្វេសប៊ុក (Facebook) ទីដែលគាត់ទាក់ទងជាមួយមនុស្សដែលធ្វើការនៅក្នុងក្រុមហ៊ុនរបស់គាត់ ជាមួយមិត្តភក្តិ និងជាមួយគ្រួសារ។ គាត់ព្រួយបារម្ភថា ច្បាប់នេះអាចនឹងកាត់បន្ថយសកម្មភាពរបស់នៅលើអ៊ិនធឺណិត ជាពិសេសអាចនឹងប៉ះពាល់ដល់ជំនួញរបស់គាត់ ឬអាចនឹងរំលោភបំពានដល់ភាពឯកជនរបស់គាត់។
គាត់និយាយថា គាត់យល់ពីតម្រូវការនៃសន្តិសុខជាតិ ដែលជាមូលហេតុមួយក្នុងការបង្កើតច្បាប់នេះ ប៉ុន្តែវាត្រូវតែធ្វើឡើងដោយមិនប៉ះពាល់ដល់សេរីភាព។ គាត់បន្ថែមទៀតថា «ជាទស្សនៈផ្ទាល់ខ្លួន វាជាសេរីភាពក្នុងការបញ្ចេញមតិ ហើយវាមិនគួរត្រូវបានគេហាមឃាត់នោះទេ»។
គាត់និយាយទៀតថា ព័ត៌មាននៅលើគេហទំព័រ netlaw.org គួរតែត្រូវបានគេចែករំលែកឲ្យបានទូលាយ ដូច្នេះមនុស្សអាចយល់ពីច្បាប់បានច្បាស់ និងអាចផ្តល់យោបល់ទៅលើច្បាប់នោះ។
និស្សិត ហួង ធី និយាយថា គាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីរបៀបដែលច្បាប់ត្រូវបានតាក់តែងឡើង ហើយគាត់ចង់ឲ្យមិត្តភក្តិរបស់គាត់ស្គាល់គេហទំព័រនោះ។ គាត់និយាយថា គាត់ និងមិត្តភក្តិប្រើប្រាស់អ៊ិនធឺណិតដើម្បីទាក់ទងជាមួយគ្នា និងធ្វើការស្រាវជ្រាវ។
និស្សិតម្នាក់ទៀតឈ្មោះ ស្រី វ៉ាត និយាយថា គាត់ចង់មើលខ្លឹមសារនៃសេចក្តីព្រាងនោះ។ បន្ទាប់ពីឃើញការផ្តល់យោបល់ផ្សេងៗនៅលើគេហទំព័រនាពេលថ្មីៗនេះ គាត់និយាយថា គាត់ចង់ឲ្យមនុស្សជាច្រើនទៀតដឹងពីវា។ គាត់និយាយទៀតថា «វាគួរតែត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាហ្វេសប៊ុក (Facebook)»។
ប៉ា ងួនទៀង និយាយថា គាត់នឹងផ្សព្វផ្សាយគេហទំព័រនេះតាមរយៈកម្មវិធីវិទ្យុ និងបណ្តាញសង្គម ដោយសង្ឃឹមថា វានឹងឲ្យមនុស្សកាន់តែច្រើនចូលរួមក្នុងដំណើរការនៃសេចក្តីព្រាងច្បាប់នេះ»។
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ