ក្រោយពីការជួបជុំគៀងគរសំឡេងឆ្នោត ការថ្លែងសុន្ទរកថានិងការពិភាក្សាដេញដោលគ្នាអស់រយៈពេលជាច្រើនខែកន្លងមកនេះ យុទ្ធនាការឃោសនាបោះឆ្នោតបឋមនៅសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃច័ន្ទនេះ នៅពេលដែល ពលរដ្ឋក្នុងរដ្ឋ Iowa នឹងបោះឆ្នោតជ្រើសតាំងបេក្ខជនប្រធានាធិបតីនៅតាមមណ្ឌល។ បេក្ខជនឈរឈ្មោះនីមួយៗកំពុងតែគៀងគរអ្នកគាំទ្ររបស់ខ្លួននៅទូទាំងរដ្ឋនេះ ដែលស្ថិតនៅចំកណ្តាលសហរដ្ឋអាមេរិក។
នៅមុនការបោះឆ្នោតដ៏សំខាន់ជាលើកដំបូងនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០១៦នេះ ការស្ទង់មតិនៅក្នុងរដ្ឋ Iowa បានបង្ហាញពីការប្រកួតយ៉ាងប្រកៀកប្រកិតគ្នា សម្រាប់ការតែងតាំងបេក្ខជនទាំងខាងគណបក្សសាធារណរដ្ឋ ទាំងខាងគណបក្សប្រជាធិបតេយ្យ។
នៅខាងគណបក្សសាធារណរដ្ឋ មហាសេដ្ឋីអចលនទ្រព្យ លោក Donald Trump នាំមុខព្រឹទ្ធសមាជិកមកពីរដ្ឋតិចសាស់ (Texas) លោក Ted Cruz តែបន្តិចប៉ុណ្ណោះ។
ចំណែកខាងគណបក្សប្រជាធិបតេយ្យវិញ ការប្រកួតប្រជែងហាក់ដូចជា ប្រដំប្រសងគ្នារវាងអតីតរដ្ឋមន្ត្រីការបរទេស លោកស្រី Hillary Clinton និងបេក្ខជនឯករាជ្យ គឺព្រឹទ្ធសមាជិកមកពីរដ្ឋវម៉ន់ (Vermont) លោក Bernie Sanders ដែលបានប្រកាសដោយខ្លួនឯងថា ជាអ្នកសង្គមនិយមតាមបែបប្រជាធិបតេយ្យ៕