ក្រុមអ្នកតវ៉ាប្រឆាំងក្នុងទីក្រុង Kenosha រដ្ឋ Wisconsin ភាគកណ្តាលសហរដ្ឋអាមេរិក បានដុតអគារភាគច្រើននៃសង្កាត់ពាណិជ្ជកម្មរបស់ពលរដ្ឋអាមេរិកស្បែកខ្មៅក្នុងទីក្រុងនេះ ក្នុងយប់ទី២នៃការតវ៉ារបស់ខ្លួន។ ការប្រឆាំងតវ៉ានេះ កើតមានឡើងក្រោយពេលបុរសស្បែកខ្មៅម្នាក់ ត្រូវបានប៉ូលិសបាញ់ឲ្យរបួសនៅចំពោះមុខកូនប្រុសទាំងបីរបស់គាត់ កាលពីថ្ងៃអាទិត្យ។
ការដុតអគារនេះ កើតមានឡើង ក្រោយពីក្រុមអ្នកប្រឆាំងតវ៉ា បានប៉ះទង្គិចគ្នាជាមួយប៉ូលិសដែលប្រដាប់ដោយឧបករណ៍បង្រ្កាបកុបកម្ម នៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលប៉ូលិស បានបាញ់ទៅលើបុរសស្បែកខ្មៅឈ្មោះ Jacob Blake អាយុ២៩ឆ្នាំ កាលពីថ្ងៃអាទិត្យ។ ក្រុមអ្នកតវ៉ាទាំងនោះ មិនបានគោរពនូវបម្រាមគោចរដែលបានដាក់ចេញនៅយប់ថ្ងៃចន្ទដល់ព្រឹកថ្ងៃអង្គារទេ។
បើតាមសម្តីរបស់ឪពុកជនរងគ្រោះស្បែកខ្មៅរូបនេះ បានឲ្យដឹងថា កូនប្រុសរបស់គាត់ដែលត្រូវបានប៉ូលិសបាញ់ជាច្រើនគ្រាប់នោះ ទទួលរងរបួសធ្ងន់ និងស្ថិតក្នុងស្ថានភាពនឹងនរ បន្ទាប់ពីគ្រូពេទ្យធ្វើការវះកាត់មុខរបួសរួចមក។
ការបាញ់ប្រហារនេះ កើតឡើងបីខែក្រោយការស្លាប់របស់បុរសស្បែកខ្មៅលោក George Floyd ក្នុងទីក្រុង Minneapolis រដ្ឋ Minnesota ក្រោមសមត្ថកិច្ចរបស់ប៉ូលិស ដែលពេលនោះ បណ្តាលឲ្យមានរលកបាតុកម្មប្រឆាំងអំពើឃោរឃៅរបស់ប៉ូលិស និងការរើសអើងជាតិសាសន៍ក្នុងសហរដ្ឋអាមេរិក។ ការតវ៉ាស្រដៀងគ្នានេះក៏កំពុងបន្តកើតឡើងនៅតំបន់ផ្សេងទៀតនៃសហរដ្ឋអាមេរិក រួមទាំងនៅទីក្រុង Portland រដ្ឋ Oregon ភាគខាងលិចប្រទេស ដែលនៅទីនោះមានការតវ៉ាជាច្រើនខែមកហើយ៕