ប្រទេសផលិតប្រេងឆៅចម្បងៗនៃអង្គការ OPEC ដែលជាអង្គការក្រុមប្រទេសនាំចេញប្រេង គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអាទិត្យនេះ នៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីវិធីធ្វើឲ្យទីផ្សារប្រេងដែលប្រែប្រួលលឿននាពេលបច្ចុប្បន្ននេះមានស្ថិរភាព ស្របពេលដែលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់កើនឡើងនៅក្នុងឈូងសមុទ្រពែក្ស ដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេង។
ប្រទេសជាសមាជិកចម្បងៗនៃអង្គការ OPEC និងប្រទេសផ្គត់ផ្គង់ប្រេងចម្បងៗផ្សេងទៀត រួមទាំងប្រទេសរុស្ស៊ីផងដែរ នឹងវាយតម្លៃទីផ្សារប្រេង និងពិនិត្យមើលថាតើមានស្របតាមការកាត់បន្ថយផលិតកម្មប្រេងដូចដែលបានឯកភាពគ្នាកាលពីឆ្នាំមុនដែរឬទេ។
ការពិភាក្សានេះនឹងផ្ដោតលើរឿងអ៊ីរ៉ង់ ដែលប្រទេសអ៊ីរ៉ង់នឹងមិនមានវត្តមានចូលរួមនោះទេ។
ការប្រជុំនេះធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីមានការវាយប្រហារបំផ្លាញកប៉ាល់ដឹកប្រេងនៅក្នុងដែនសមុទ្រនៃឈូងសមុទ្រពែក្ស និងការទម្លាក់គ្រាប់បែករបស់ពួកឧទ្ទាមយេម៉ែនដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បំផ្លាញបំពង់បង្ហូរប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
ការប្រជុំនេះក៏ធ្វើឡើងផងដែរនៅចំពេលដែលការដាក់ទណ្ឌកម្មពេញទំហឹងឡើងវិញរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ចូលជាធរមាន ដែលករណីនេះធ្វើឲ្យប៉ះពាល់ដល់ការនាំចេញប្រេងឆៅរបស់ប្រទេសនេះ។
នៅមុនការប្រជុំនេះចូលមកដល់ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអ្នករៀបចំការប្រជុំនេះ បានបញ្ជាក់ថា ខ្លួនគ្មានបំណងធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ទេ ប៉ុន្តែខ្លួនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
ការប្រជុំនេះគ្រោងនឹងធ្វើឡើងដើម្បីផ្ដល់អនុសាសន៍នានានៅមុនកិច្ចប្រជុំអង្គការ OPEC ចូលមកដល់នៅចុងខែមិថុនាខាងមុខនេះ ដែលនៅពេលនោះ ប្រទេសអ៊ីរ៉ង់នឹងចូលរួមផងដែរ៕