ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​រូបិយវត្ថុ​អន្តរជាតិ​ថា ទណ្ឌកម្ម​របស់​ស.រ.អា.​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ធ្លាក់​ចុះ និង​អតិផរណា​កើន​ឡើង


លោកស្រី Christine Lagarde ប្រធាន​អង្គការ​រូបិយវត្ថុ​អន្តរជាតិ IMF ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្នុង​វេទិកា​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​ចិន​លើក​ទី២ នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។
លោកស្រី Christine Lagarde ប្រធាន​អង្គការ​រូបិយវត្ថុ​អន្តរជាតិ IMF ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្នុង​វេទិកា​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​ចិន​លើក​ទី២ នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

អង្គការ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីរ៉ង់​នឹង​ធ្លាក់​ចុះ ៦ ភាគរយ នៅ​ឆ្នាំ​នេះ ដោយសារតែ​ប្រឈម​ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ អង្គការ IMF បាន​បញ្ជាក់​ថា ការ​ព្យាករណ៍​របស់​ខ្លួន​សម្រាប់​ប្រទេស​អ៊ីរ៉ង់ ដែល​ក្នុង​នោះ​មាន​ទាំង​ភាព​ដែល​អាច​កើត​មាន​នូវ​អតិផរណា​ជាង ៤០ ភាគរយ​ផង​ដែរ គឺ​បាន​កើត​ឡើង​មុន​ពេល​សហរដ្ឋ​អាមេរិក​សម្រេច​បញ្ចប់​ការ​លើកលែង​ទណ្ឌកម្ម​លើ​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​ទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់។

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump គ្រោង​នឹង​បញ្ចប់​ជា​ផ្លូវការ​នូវ​ការ​លើកលែង​ទណ្ឌកម្ម​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ។ សហរដ្ឋ​អាមេរិក​បាន​លើកលែង​ទណ្ឌកម្ម​ដល់​ប្រទេស​ចម្បងៗ​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ ដូចជា​ប្រទេស​ចិន ឥណ្ឌា ជប៉ុន តួកគី និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម ដោយ​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង​នោះ​បន្ត​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ ទោះបីជា​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​អ៊ីរ៉ង់​ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ​មុន​ក៏​ដោយ។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​ចង់​ឲ្យ​អ៊ីរ៉ង់​បាត់បង់​ចំណូល​ប្រចាំ​ឆ្នាំ​ដែល​បាន​មក​ពី​ប្រេង​ចំនួន ៥០ ពាន់​លាន​ដុល្លារ ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​ឲ្យ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ខ្លួន។ សេតវិមាន​បាន​បញ្ជាក់​ថា ខ្លួន​កំពុង​សហការ​ជាមួយ​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​អេមីរ៉ាត​អារ៉ាប់​រួម ដែល​ជា​ប្រទេស​នាំ​ចេញ​ប្រេង​កំពូលៗ​នៅ​លើ​ពិភពលោក ដើម្បី​ធានា​ថា​មាន​ការ​ផ្គត់ផ្គង់​ប្រេង​បាន​គ្រប់គ្រាន់​នៅ​លើ​ពិភពលោក។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​បាន​ចាក់​ផ្សាយ​នៅ​លើ​កម្មវិធី​ទូរទស្សន៍ Fox News Sunday ថា សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម «បំផ្លាញ​ប្រទេស​អ៊ីរ៉ង់» និង​ទម្លាក់​រដ្ឋាភិបាល​អ៊ីរ៉ង់ ដោយ​ការ​ព្យាយាម​រារាំង​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​អន្តរជាតិ​របស់​ខ្លួន៕

XS
SM
MD
LG