ប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានបញ្ជាក់ថា កប៉ាល់ដឹកប្រេងពីរគ្រឿងរបស់ខ្លួនបានរង «ការខូចខាតយ៉ាងដំណំ» នៅក្នុង «ការវាយប្រហារបំផ្លិចបំផ្លាញដោយចេតនា» មួយ កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ នៅក្នុងដែនសមុទ្រប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ប៉ុន្តែ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត មិនបានបញ្ជាក់លម្អិតអំពីការខូចខាតនេះទេ។
រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា កប៉ាល់ដឹកប្រេងមួយគ្រឿងក្នុងចំណោមនោះ នៅពេលនោះកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Saudi នៃទីក្រុង Ras Tanura ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីដឹកប្រេងទៅកាន់សហរដ្ឋអាមេរិក។
នៅព្រឹកថ្ងៃចន្ទនេះ សហរដ្ឋអាមេរិកបានចេញនូវការព្រមានមួយអំពីការចោទប្រកាន់អំពី «សកម្មភាពបំផ្លិចបំផ្លាញដោយចេតនា» ដែលធ្វើឡើងចំពោះកប៉ាល់ដឹកប្រេងទាំងពីរគ្រឿងនេះ។ ការព្រមាននេះបានធ្វើឡើង នៅចំពេលដែលសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ មានភាពតានតឹងខ្លាំងឡើងជាមួយគ្នា។
ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបញ្ជាក់ថា កប៉ាល់អាជីវកម្ម ៤ គ្រឿង បានរងគ្រោះនៅក្នុង «ប្រតិបត្តិការបំផ្លិចបំផ្លាញដោយចេតនា» កាលពីថ្ងៃអាទិត្យម្សិលមិញ នៅជិតដែនទឹករបស់ខ្លួន នៅក្នុងឈូងសមុទ្រអូម៉ង់ ប៉ុន្តែមិនបានបញ្ជាក់លំអិតអំពីការបំផ្លិចបំផ្លាញនេះ ឬក៏អំពីម្ចាស់កម្មសិទ្ធិរបស់កប៉ាល់ទាំង ៤ គ្រឿងនេះទេ ដោយគ្រាន់តែបញ្ជាក់ថា កប៉ាល់ទាំង ៤ គ្រឿងនេះមកពីប្រទេសផ្សេងៗគ្នា។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយនៅថ្ងៃចន្ទនេះថា ការវាយប្រហារលើកប៉ាល់ទាំងនេះគឺជារឿងដ៏ «គួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យសោកស្ដាយ»។ លោកបានអំពាវនាវឲ្យមានការស៊ើបអង្កេតលើការវាយប្រហារទាំងនេះ៕