ដោយសល់រយៈពេលមួយឆ្នាំទៀតមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកចូលមកដល់ គណបក្សប្រជាធិបតេយ្យនិងអ្នកតស៊ូមតិសិទ្ធិរំលូតកូនបានទទួលជ័យជម្នះជាច្រើននៅក្នុងការបោះឆ្នោតតាមរដ្ឋមួយចំនួននៅក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ។
អ្នកបោះឆ្នោតនៅក្នុងរដ្ឋ Ohio បានយល់ព្រមចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលធានាលទ្ធភាពឱ្យមានការរំលូតកូននិងទម្រង់ផ្សេងទៀតនៃសេវាសុខភាពបន្តពូជ។
វិធានការនេះបានធ្វើឡើងបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចកាលពីឆ្នាំមុននៅក្នុងការប្រែក្រឡាស់សេចក្ដីសម្រេចលើសំណុំរឿង Roe v. Wade ឆ្នាំ ១៩៧២ ដែលសេចក្ដីសម្រេចនេះការពារសិទ្ធិរំលូតកូន។
រដ្ឋ Ohio ស្ថិតក្នុងចំណោមរដ្ឋមួយចំនួនដែលការហាមឃាត់ការរំលូតកូនបានចូលជាធរមានក្រោយពីមានការសម្រេចរបស់តុលាការកំពូលនេះ។
មុនរដ្ឋ Ohio អ្នកបោះឆ្នោតនៅតាមរដ្ឋជាច្រើនផ្សេងទៀតដូចជា California, Kansas, Kentucky, Michigan, Montana និង Vermont បានអនុម័តនូវគំនិតផ្ដួចផ្ដើមការពារសិទ្ធិរំលូតកូនបន្ទាប់ពីការសម្រេចរបស់តុលាការកំពូលនេះកាលពីឆ្នាំមុន។
នៅក្នុងរដ្ឋ Kentucky អភិបាលរដ្ឋលោក Andy Beshear ខាងគណបក្សប្រជាធិបតេយ្យ បានឈ្នះការបោះឆ្នោតសម្រាប់អាណត្តិបន្ទាប់កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកបានធ្វើយុទ្ធនាការបោះឆ្នោតដោយតស៊ូមតិឱ្យមានការលើកលែងចំពោះការហាមឃាត់ស្ទើរតែទាំងស្រុងលើការរំលូតកូននៅក្នុងរដ្ឋ Kentucky។
អ្នកបោះឆ្នោតនៅក្នុងរដ្ឋ Virginia បានបោះឆ្នោតប្រឆាំងនឹងក្ដីសង្ឃឹមរបស់អភិបាលរដ្ឋលោក Glen Youngkin ខាងគណបក្សសាធារណរដ្ឋដែលចង់ឱ្យគណបក្សសាធារណរដ្ឋត្រួតត្រាលើអង្គសភារបស់រដ្ឋ Virginia។ គណបក្សប្រជាធិបតេយ្យបានឈ្នះដោយសំឡេងតិចតួចបន្តគ្រប់គ្រងព្រឹទ្ធសភារដ្ឋ Virginia និងដណ្ដើមបានមកវិញនូវសំឡេងភាគច្រើននៅក្នុងរដ្ឋសភារដ្ឋ Virginia។
គណបក្សសាធារណរដ្ឋបានឈ្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារនៅក្នុងរដ្ឋ Mississippi ដែលនៅទីនោះអភិបាលរដ្ឋលោក Tate Reeves បានយកឈ្នះលើលោក Brandon Presley ខាងគណបក្សប្រជាធិបតេយ្យដើម្បីបានកាន់តំណែងនៅអាណត្តិទីពីរជាបន្តទៀត៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។