ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ពិនិត្យ​សំណើសុំ​រស់នៅ​របស់​ជនភៀសខ្លួន​បួននាក់ពីកោះណូរូ


ផែនទី​នៃ​កោះ​ណូរូ
ផែនទី​នៃ​កោះ​ណូរូ

មន្ត្រីកម្ពុជា​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​អង្គារ​នេះ​ថាកម្ពុជា​នឹង​ធ្វើការពិនិត្យលើសំណុំឯកសារនិងសម្រេចចិត្តលើ​សំណើរបស់​ជនភៀស​ខ្លួន​ចំនួន៤រូប​ដំបូងបង្អស់​ពីកោះ​ណូរូ​(Nauru)​ ដែល​ស្ម័គ្រចិត្ត​មក​តាំង​ទីលំ​នៅ​អចិន្ត្រៃ​យ៍​នៅក្នុង​ប្រទេស​កម្ពុជានោះ​។

អ្នក​នាំពាក្យក្រសួងមហាផ្ទៃ​ លោកនាយ​ឧត្តម​សេនីយ៍ ​ខៀវ សុភ័គ ​បាន​ប្រាប់​វីអូអេ​ខេមរ​ភាសាថា មន្ត្រីកម្ពុជា​ពីរ​រូប​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ដោះ​ដាច់​ស្រយ៉ាល​របស់​ប្រទេស​អូស្រ្តាលី​នោះ​ បាន​ត្រឡប់​មកដល់កម្ពុជា​វិញ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃច័ន្ទ​នេះ​ ព្រម​ជា​មួយ​សំណុំ​ឯកសារ​ដែល​ទាក់ទឹន​នឹង​ជន​ភៀសខ្លួន​ចំនួន​បួន​រូបដំបូង​គេ​បង្អស់​ដែល​បាន​ ស្ម័គ្រចិត្ត​មក​រស់​នៅ​កម្ពុជា​។​

លោក​បន្ត​ថា បន្ទាប់​ពី​ជន​ភៀស​ខ្លួន​ទី​១​ ដែលជាជន​ជាតិ​ភាគតិច​ រ៉ូហ៊ីងយ៉ា​ ​(Rohingya​)​ ដែល​ភៀស​ខ្លួចេញ​ពី​ប្រ​ទេស​ភូមា​ បាន​ទទួល​យក​សំណើ​មក​រស់​នៅប្រទេសកម្ពុជា​កាល​ពី​សប្តាហ៍​មុន​រួច​មក​ ​មាន​ជន​ភៀស​ខ្លួន​បីរូប​ផ្សេង​ទៀត​ដែល​មក​ពីប្រទេស​អ៊ឺរ៉ង់​ក៏​បាន​ទទួល​យក​សំណើនោះ​ដែរ​។​

«អ្វី​ដែល​យើងដឹង​ យើងដឹង​ថា​មាន​បួននាក់​ហើយ​ មានអ៊ឺរ៉ង់បី​និង​ជនជាតិ រ៉ូហ៊ីងយ៉ា​ជនជាតិ​ភូមាហ្នឹង។​ យើង​នឹងធ្វើ​រ​បាយការណ៍ស្នើ​សុំរដ្ឋាភិបាល​សិន​ តើ​លោក​សម្រេចយ៉ាងណា​ ​នេះ​គឺ​វា​មួយ​ជំហាន​ទៀត»​។​

​កាល​ពី​ឆ្នាំ​២០១៤​ កម្ពុជា​បាន​ចុះ​ហត្ថលេខា​ ​ជា​មួយ​ប្រទេស​អូស្ត្រាលី​ក្នុង​ការ​ទទួលយក​ជន​ភៀស​ខ្លួនជាង​ ១​ពាន់​នាក់​ដែល​សុំ​សិទ្ធិ​ជ្រក​កោន​នៅក្នុង​ប្រទេស​ប្រទេស​អូស្ត្រាលី​ ហើយ​ត្រូវ​អាជ្ញាធរ​ប្រទេសនេះដាក់​ឲ្យរស់​នៅក្នុង​ជំរុំ​នៅ​លើ​កោះ​ដាច់​ស្រយ៉ាល​មួយ​ដែល​ហៅ​ថា​ « Nauru »​ ។​ កិច្ច​ព្រមព្រៀង​នេះ​គឺ​ជា​ថ្នូរនឹង​អ្វី​ដែល​គេពណ៌​នា​ថា​ ​ជា​កម្មវិធី​ជំនួយ​ដែល​មាន​ទឹក​ប្រាក់ជាង​៣០​លាន​ដុល្លារ​ពី​ប្រទេស​អូស្រ្តាលីវិញ​។​

​កិច្ច​ព្រម​ព្រៀងទទួល​និង​បញ្ចូនជនភៀស​ខ្លួនពី​កោះ​ណូរូ​នោះត្រួវ​ទទួល​រង​ការ​រិះគន់​យ៉ាងខ្លាំង​ពី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ដោយ​អះអាង​ថាវាបាន​រំលោភ​អនុ​សញ្ញា​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​។​ ជាង​នេះ​ទៀត​ប្រទេស​កម្ពុជា​ដ៏​ក្រីក្រ​មួយ​នេះ​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដូច​ជា​ អំពើ​ពុករលួយ​ ភាពក្រីក្រ​ និង​ ទំនាស់ដីធ្លី​ដ៏​ច្រើន​។​

​លោក​ នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​បាន​ថ្លែង​ថា​មក​ដល់​ពេល​នេះ​ ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ​កំពុង​តែ​រៀបចំ​ឯកសារ​និង​លិខិ​ស្នាម​ផ្សេងៗដាក់​ជូន​រដ្ឋាភិបាល​សម្រេច​នា​ពេល​ខាង​មុខ​នេះ​។

កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ រដ្ឋ​មន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី ​លោក​ Peter Dutton ​បាន​អំពាវ​នាវដល់​ជនភៀស​ខ្លួន​ប្រមាណ​ ជាង ​១០០​០​នាក់​ដែល​ប៉ុនប៉ង​ស្វែង​រក​ការ​ជ្រក​កោណនៅ​ប្រទេស​អូស្ត្រាលី​ ឲ្យ​ស្ម័គ្រ​ចិត្ត​ស្ម័គ្រ​កាយ​មករស់​នៅ​កម្ពុជាវិញហើយ​ឲ្យ​បំភ្លេច​ក្តី​ស្រម៉ៃ​របស់​គេ​ថា​បានទៅប្រទេស​អូស្ត្រាលី​ ដោយ​ រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួលយក​ពួក​គេ​និង​ក្រុម​គ្រួសារ៕

XS
SM
MD
LG