ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា​រៀបចំ​ឯកសារ​ឲ្យ​ជនភៀស​ខ្លួន​នៅ​អូស្ត្រាលី​មួយ​រូប​ដំបូង​គេមក​នៅ​កម្ពុជា


ជន​ភៀសខ្លួន​​​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោណ​កំពុង​ត្រូវ​គេ​នាំ​​ពី​យន្តហោះ​ទៅ​កាន់​​រថយន្ត​ក្រុង​នៅ​ក្រោយ​ពួក​គេ​ទើប​មក​ដល់​កោះ​ណូរូ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២។ ប្រទេស​អូស្ត្រាលី​បាន​ផ្តល់ថវិកា​ជា​ច្រើន​ដល់​ប្រទេស​ណូរូ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក នៅ​ពេល​កោះ​នេះ​បាន​ក្លាយ​ជា​កន្លែង​សំខាន់​សម្រាប់​គោលនយោបាយ​ដ៏​ចម្រូងចម្រាស់​ទាក់ទង​នឹង​ជន​សុំ​សិទ្ធិ​ជ្រក​កោណ។ កោះ​ណូរូ​មាន​​មណ្ឌល​ឃុំ​ខ្លួន​ដែល​អាច​ដាក់​មនុស្ស​បាន​ដល់​១.៥០០​នាក់ សម្រាប់​បុរស​ស្ត្រី​និង​កុមានរ​ពី​​​តំបន់​មជ្ឈិមបូព៌ា​ អាហ្វ្រិក និង​អាស៊ី។​​ (REUTERS/Rod Henshaw)
ជន​ភៀសខ្លួន​​​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោណ​កំពុង​ត្រូវ​គេ​នាំ​​ពី​យន្តហោះ​ទៅ​កាន់​​រថយន្ត​ក្រុង​នៅ​ក្រោយ​ពួក​គេ​ទើប​មក​ដល់​កោះ​ណូរូ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២។ ប្រទេស​អូស្ត្រាលី​បាន​ផ្តល់ថវិកា​ជា​ច្រើន​ដល់​ប្រទេស​ណូរូ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក នៅ​ពេល​កោះ​នេះ​បាន​ក្លាយ​ជា​កន្លែង​សំខាន់​សម្រាប់​គោលនយោបាយ​ដ៏​ចម្រូងចម្រាស់​ទាក់ទង​នឹង​ជន​សុំ​សិទ្ធិ​ជ្រក​កោណ។ កោះ​ណូរូ​មាន​​មណ្ឌល​ឃុំ​ខ្លួន​ដែល​អាច​ដាក់​មនុស្ស​បាន​ដល់​១.៥០០​នាក់ សម្រាប់​បុរស​ស្ត្រី​និង​កុមានរ​ពី​​​តំបន់​មជ្ឈិមបូព៌ា​ អាហ្វ្រិក និង​អាស៊ី។​​ (REUTERS/Rod Henshaw)

ក្រុម​មន្ត្រី​កម្ពុជា​បាន​អះអាង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កម្ពុជា​កំពុង​រៀបចំនីតិវិធី​សម្រាប់​ទទួល​យក​ជនភៀស​ខ្លួន​ដំបូង​គេ​បង់អស់​ពីកោះ​ណូរូ ​(Nauru)​ ដែល​ស្ម័គ្រ​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី​បាន​អំពាវនាវ​ឲ្យ​ជនភៀស​ខ្លួន​ប្រមាណ​ជាង​១០០០​នាក់​ដែល​ប៉ុនប៉ង​ស្វែង​រក​ការ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី​ ឲ្យ​ស្ម័គ្រ​ចិត្ត​ស្ម័គ្រ​កាយ​មក​រស់​នៅ​កម្ពុជា ​ហើយ​ឲ្យ​បំភ្លេច​ក្តី​ស្រមៃ​របស់​គេ​នៅ​ប្រទេសអូស្ត្រាលី។​

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​វីអូអេ​ខេមរ​ភាសាថា​ តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​កម្ពុជា​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ដោះ​ដាច់ស្រយាល​របស់​ប្រទេស​អូស្រ្តាលី​នោះ ​ជនភៀស​ខ្លួន​មួយរូប​ដំបូង​គេ​បង្អស់​បាន​ស្ម័គ្រចិត្ត​មក​រស់​នៅ​កម្ពុជា។ ជន​ភៀស​ខ្លួន​ទី​មួយ​នេះ​គឺ​ជាជន​ជាតិភាគតិចរ៉ូហ៊ីងយ៉ា ​(Rohingya)​ ដែល​ភៀស​ខ្លួន​ចេញ​ពី​ប្រ​ទេសភូមា។​

«អ្នក​ដែល​ទូរស័ព្ទមក​គឺ​ថា​ មាន​ជួប​ទៅ​ បាន​មាន​ម្នាក់​ដែរ​ មក​ចុះ​ឈ្មោះ​ ជនជាតិរ៉ូហ៊ីងយ៉ា ​(Rohingya) ​ភេទ​ប្រុស។ អាយុ​ប៉ុន្មាន​ក៏​មិនទាន់​ដឹង​ដែរ​ ហើយ​រូប​ភាព​មិនទាន់​ដឹង​យ៉ាងម៉េចទេ។ រឿង​យ៉ាង​ម៉េច​ទៀត​ អត់​ទាន់​ដឹងទេ។​ តែមាន​តែ​ម្នាក់​គត់»។

កាល​ពី​ឆ្នាំ​២០១៤​ កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជា​មួយ​ប្រទេស​អូស្ត្រាលី​ក្នុង​ការ​ទទួលយក​ជនភៀស​ខ្លួន​ជាង​១​ពាន់​នាក់​ដែល​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុងប្រទេស​អូស្ត្រាលី​ ហើយ​ត្រូវ​អាជ្ញាធរ​ប្រទេស​នេះដាក់​ឲ្យ​រស់​នៅក្នុង​ជំរំ​នៅ​លើ​កោះ​ដាច់​ស្រាល​មួយ​ដែល​ហៅ​ថា​ «Nauru»។​ កិច្ច​ព្រម​ព្រៀង​នេះ​គឺ​ជាថ្នូរនឹង​អ្វី​ដែល​គេ​ពណ៌នថា​ ​ជា​កម្ម​វិធី​ជំនួយ​ដែល​មាន​ទឹក​ប្រាក់​ជាង​៣០លាន​ដុល្លារ​ពី​ប្រទេសអូស្រ្តាលី។​

លោក​កែម សារីន​ ប្រធាន​យកដ្ឋាន​អន្តោប្រវេសន៍នៃ​ក្រសួង​មហាផ្ទៃ​ បាន​ថ្លែង​ថា​ មន្ត្រី​កម្ពុជា​ដែលបាន​ធ្វើដំណើរ​ទៅ​កាន់​កោះ​ណូរូ​ (Nauru) ​នាដើម​សប្តាហ៍​នេះ​ ​កំពុង​តែ​ធ្វើកិច្ច​សម្ភាសន៍​ជា​មួយ​ជន​ស្ម័គ្រ​ចិត្ត​រូប​នោះ ​និងពិនិត្យ​មើល​ឯកសារ​ផ្សេងៗ​ទៀត​ មុនពេលបញ្ជូន​ទិន្នន័យ​ទាំង​នោះ​មក​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ការ​សម្រេច​ជា​ចុងក្រោយ។

«មក​ដល់​ពេល​នេះ​គឺ​យើង​មិនទាន់​បាន​ទទួល​ឯក​សារទេ។ ​ឯកសារ​មិនទាន់​បាន​បញ្ជូន​មក​ទេ​ គ្រាន់​តែ​កាល​ពីម្សិលមិញ​ មន្ត្រី​របស់​យើង​នៅ​ទី​នៅះ​បាន​ជួប​សម្ភាស​ជាមួយ​គាត់​ ហើយ​ពេល​ដែល​គាត់​ត្រឡប់​មក​វិញ​ ឯកសារនឹង​ត្រូវ​បញ្ជូន​មក​តាម​ក្រោយ​ ហើយ​យើង​នឹង​ពិនិត្យ​មើល»។​

មន្ត្រី​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា ​មិនទាន់​មាន​ការ​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​វិល​ត្រឡប់​មកវិញ​របស់​មន្ត្រី​ខ្មែរ​ពី​កោះ​ណូរូ (Nauru)​នោះ​នៅ​ឡើយ​ទេ។​

កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ លោក​ Peter Dutton ​រដ្ឋ​មន្រ្តី​ក្រសួង​អន្តោប្រវេសន៍​អូស្រ្តាលី​ បាន​ថ្លែង​យ៉ាង​ចំៗ​នៅ​ក្នុងកាសែត​វីដេអូ​ទៅ​កាន់ជនភៀស​ខ្លួន​នៅ​លើ​កោះ​ ​Nauru​ ថា៖​ «ក្រោម​កាលៈ​ទេសៈ​ណា​ក៏ដោយ អស់លោក​អ្នក​នឹង​មិន​អាច​តាំង​ទី​លំនៅ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​បាន​ទេ។​ នេះមិន​មែន​ជា​ជម្រើស​ដែល​រដ្ឋាភិបាល​អូស្រ្តាលីនឹង​ផ្តល់​ឲ្យ​អស់​លោកអ្នក​ទេ‍»។

លោក​បន្ថែម​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​យក​ពួក​គេ​និង​ក្រុម​គ្រួសារ។​

លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​បាន​ថ្លែង​ថា​ សម្រាប់កម្ពុជា​គឺ​ធ្វើ​កិច្ច​ការ​មនុស្ស​ធម៌​ក្នុង​ការ​ទទួល​យក​ជន​អន្តោប្រវេសន៍​ ហើយ​វា​គ្មាន​ភាព​ចាំបាច់ធ្វើការ​ឃោសនា​បញ្ចុះ​បញ្ចូល​ជន​ទាំង​នោះ​ នោះ​ទេ។

គួរ​បញ្ជាក់ផង​ដែរ​ថា​ កិច្ច​ព្រម​ព្រៀង​ទទួល​និង​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​កោះ​ណូរូ​នោះ​ត្រូវ​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និងអន្តរជាតិដែល​អះអាង​ថា វា​បាន​រំលោភ​អនុសញ្ញា​ជន​ភៀស​ខ្លួន​របស់អង្គការ​សហ​ប្រជាជាតិ។ ជាង​នេះ​ទៀត ប្រទេស​កម្ពុជា​ដ៏​ក្រីក្រ​មួយ​នេះ​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ​ដូច​ជា​អំពើ​ពុករលួយ​ ភាព​ក្រីក្រ​ និង​ទំនាស់​ដីធ្លី​ដ៏ច្រើន៕

XS
SM
MD
LG