ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ម្នាក់​និយាយ​ថា​​អ្នក​ទោស​អាមេរិកាំង​៥​នាក់​បាន​ហោះចេញ​ពី​​អ៊ីរ៉ង់​នៅ​ថ្ងៃ​ចន្ទ​នេះ


អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Nasser Kanaani និយាយ​ក្នុង​អំឡុង​សន្និសីទ​កាសែត​
អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Nasser Kanaani និយាយ​ក្នុង​អំឡុង​សន្និសីទ​កាសែត​

មន្ត្រី​ម្នាក់​បាន​និយាយ​ថា​ អ្នកទោស​ប្រាំ​នាក់​ដែល​សហរដ្ឋអាមេរិក​ព្យាយាម​ដោះដូរជាមួយ​អ៊ីរ៉ង់​បាន​ចាក​ចេញ​ពី​ទីក្រុងតេអេរ៉ង់នៅ​ថ្ងៃចន្ទ​នេះ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​AP។​

ទិន្នន័យ​តាមដាន​ការហោះហើរ​ដែល​ត្រូវ​បាន​វិភាគ​ដោយ AP ​បាន​បង្ហាញ​ថា​ជើង​ហោះហើរ​ Qatar Airways ​បាន​ហោះឡើង​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ ​Mehrabad ​នៃ​ទីក្រុង Tehran​ ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ការផ្លាស់ប្តូរ​នា​ពេល​កន្លងមក។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​បាន​រាយការណ៍​ភ្លាមៗ​បន្ទាប់​ពី​នោះថា​ជើង​ហោះហើរ​បាន​ចាកចេញ​ពី​ក្រុង​តេអេរ៉ង់​ហើយ។

នៅ​ពេល​មុន​នោះ​ ប្រទេស​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ខ្លួន​រំពឹង​ថា​ការ​ដោះដូរ​អ្នក​ទោស​ជាមួយ​សហរដ្ឋ​អាមេរិក​និង​ករណី​ដែល​សហរដ្ឋ​អាមេរិក​បញ្ចេញ​ប្រាក់​បង្កក​ចំនួន ៦ ពាន់​លាន​ដុល្លារ​របស់​ខ្លួន​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Nasser Kanaani បាន​និយាយ​ក្នុង​អំឡុង​សន្និសីទ​កាសែត​មួយ​ថា អ៊ីរ៉ង់​រំពឹង​ថា​នឹង​ប្រើ​ប្រាក់​ដែល​បង្កក​នៅ​ក្រោម​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នេះ​សម្រាប់​គោល​បំណង​មនុស្សធម៌​តែ​ប៉ុណ្ណោះ ហើយ​ប្រាក់​នេះ​នឹង​ត្រូវ​ផ្ទេរ​ពី​គណនី​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទៅ​កាន់​គណនី​នៅ​ក្នុង​ប្រទេស​កាតា។

ការ​ដោះលែង​មនុស្ស​ចំនួន ១០ នាក់​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​នឹង​ធ្វើ​តាម​ក្រោយ។

អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក John Kirby បាន​ប្រាប់ VOA កាលពី​សប្ដាហ៍​មុន​ថា រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden សង្ឃឹម​ថា ការ​ផ្ទេរ​នេះ ដែល​រួម​មាន​ពលរដ្ឋ​អាមេរិកាំង ៥ នាក់​ដែល​រដ្ឋាភិបាល​អាមេរិក​ថា​ត្រូវ​បាន​ឃុំឃាំង​ដោយ​អយុត្តិធម៌​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ នឹង​ធ្វើ​ឡើង «នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ»។

ពលរដ្ឋ​អាមេរិកាំង ៣ នាក់​ដែល​ស្ថិត​នៅ​ក្នុង​ការ​ដោះដូរ​នេះ​ត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ​ជា​សាធារណៈ ​ដែល​នោះ​គឺ​លោក Siamak Namazi លោក Emad Shargi និង​លោក Morad Tahbaz។ ពួកគេ​ទាំង ៣ រួម​ទាំង​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​ដែល​មិន​បញ្ចេញ​ឈ្មោះ​ផ្សេង​ទៀត​ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ Evin ក្នុង​ទីក្រុង​តេហេរ៉ង់​ទៅ​កាន់​ការ​ឃុំឃាំង​ក្នុង​ផ្ទះ។ ចំណែក​ឯ​ស្ត្រី​អាមេរិកាំង​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ដោះដូរ​អ្នក​ទោស​នេះ​ផង​ដែរ​ត្រូវ​បាន​ឃុំឃាំង​ក្នុង​ផ្ទះ​រួច​ហើយ។

ប្រាក់​របស់​អ៊ីរ៉ង់​ដែល​ត្រូវ​ផ្ទេរ​ទៅ​កាន់​គណនី​នៅ​ក្នុង​ប្រទេស​កាតា​នេះ​ត្រូវ​បាន​កំណត់​សម្រាប់​ប្រើ​ក្នុង​គោល​បំណង​មនុស្ស​ធម៌​តែ​ប៉ុណ្ណោះ។ រដ្ឋបាល​របស់​លោក Biden បាន​ច្រានចោល​ការ​រិះគន់​ដែល​ថា​អ៊ីរ៉ង់​នឹង​អាច​ប្រើ​ប្រាក់ទាំង​នោះ​សម្រាប់​គោល​បំណង​ផ្សេង ដោយ​មន្ត្រី​អាមេរិក​បាន​និយាយ​ថា​នឹង​មាន​ការ​ត្រួត​ពិនិត្យ​ដើម្បី​ធានា​ថា​ការ​ដក​ប្រាក់​ទាំង​នេះ​គឺ​សម្រាប់​ការ​ទូទាត់​ណា​ដែល​ត្រូវ​បាន​អនុញ្ញាត​តែ​ប៉ុណ្ណោះ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG