ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ថា ខ្លួន​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​បណ្ដោះ​អាសន្ន​រវាង​អាមេរិក​និង​អ៊ីរ៉ង់​លើ​កម្មវិធី​នុយក្លេអ៊ែរ


នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល នៅវិមាននាយករដ្ឋមន្ត្រី នៅទីក្រុង Jerusalem កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល នៅវិមាននាយករដ្ឋមន្ត្រី នៅទីក្រុង Jerusalem កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​បណ្ដោះ​អាសន្ន​ណា​មួយ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ត្រូវ​បាន​ចរចា​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អ៊ីរ៉ង់​ ទាក់ទិន​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Netanyahu បាន​និយាយ​ដូច្នេះ បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អ៊ីស្រាអែល​ថា ការ​យោគយល់​គ្នា​កំពុង​ធ្វើ​ឡើង​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​ក្នុង​គោលបំណង​ដាក់​កំហិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​មួយ​ចំនួន​ចេញ។ ទីភ្នាក់ងារ​សារព័ត៌មាន AP មិន​ទាន់​អាច​បញ្ជាក់​ថា​ សេចក្ដី​រាយការណ៍​នេះ​ពិតជា​ត្រឹមត្រូវ​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ហើយ​សហរដ្ឋ​អាមេរិក​បាន​ច្រានចោល​ជា​សាធារណៈ​ថា​មិន​មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ដូច​នេះ​ទេ។

លោក Netanyahu បាន​និយាយ​ថា អ៊ីស្រាអែល​បាន​ជូន​ដំណឹង​ដល់​សហរដ្ឋ​អាមេរិក​ថា៖ «ការ​យោគ​យល់​មាន​កំណត់​ដែល​ហៅ​ថា «កិច្ច​ព្រមព្រៀង​តូច» នេះ សម្រាប់​ទស្សនៈ​របស់​យើង​គឺ​មិន​មាន​ប្រយោជន៍​នោះ​ទេ ហើយ​យើង​ក៏​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ទាំង​នេះ​ផង​ដែរ»។

មន្ត្រី​អ៊ីស្រាអែល​ជឿ​ថា ការ​យោគយល់​មួយ​ចំនួន​ត្រូវ​បាន​សម្រេច​រួច​ហើយ​ទាក់ទិន​នឹង​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សារធាតុ​អ៊ុយរ៉ាញ៉ូម​ដើម្បី​ផលិត​នុយក្លេអ៊ែរ ហើយ​ថា ​ថវិកា​មួយ​ចំនួន​លែង​ត្រូវ​បង្កក។ មន្ត្រី​អ៊ីស្រាអែល​ទាំង​នេះ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​តែ​ពួកគេ​និយាយ​អំពី​ការ​វាយ​តម្លៃ​បែប​ការទូត​សម្ងាត់។

កាលពី​សប្ដាហ៍​មុន ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន Walla របស់​អ៊ីស្រាអែល​ បាន​រាយការណ៍​ថា នៅ​ក្រោម​ការ​យោគយល់​គ្នា​ដែល​កំពុង​លេច​ឡើង​នេះ ប្រទេស​អ៊ីរ៉ង់​នឹង​ដាក់​កំហិត​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សារធាតុ​អ៊ុយរ៉ាញ៉ូម​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​កម្រិត​តែ ៦០% ប៉ុណ្ណោះ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​ការ​ដោះលែង​អ្នក​ទោស​ទៅ​វិញ​ទៅ​មក។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Matthew Miller បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា «មិន​មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ទេ» និង​បាន​បន្ថែម​ថា សេចក្ដី​រាយការណ៍​នេះ​គឺ​មិន​ពិត​នោះ​ឡើយ៕

XS
SM
MD
LG