ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផល​ផ្លូវការ​បោះឆ្នោត​ព្រឹទ្ធសភា៖ បក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​៥៥​​អាសនៈ ខណៈ​បក្ស​ឆន្ទៈខ្មែរបាន​៣​អាសនៈ


រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន និង​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហេង សំរិន និង​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមពិធីខួប​បង្កើតបក្សលើកទី៤៥ នៅភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន និង​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហេង សំរិន និង​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមពិធីខួប​បង្កើតបក្សលើកទី៤៥ នៅភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​បាន​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ ​៥៥ ​ក្នុង​ចំណោម​អាសនៈ​សរុប​ ៥៨។ គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ជា​គណបក្ស​ជំទាស់​តំណាង​គណបក្ស​ភ្លើង​ទៀន​នៅ​ក្នុង​ការ​បោះឆ្នោត​អសកល​មួយ​នេះ​ទទួល​បាន ​៣​ អាសនៈ។ នេះ​បើ​តាម​លទ្ធផល​ផ្លូវ​ការ​ដែល​ចេញ​ដោយ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា ​គ.ជ.ប នា​ថ្ងៃ​អង្គារ​នេះ។

អាសនៈ​របស់​សមាជិក​ព្រឹទ្ធ​សភា​មាន​ចំនួន​សរុប​ ៦២ ប៉ុន្តែ​ការ​បោះឆ្នោត​គឺ​ជ្រើសរើស​តែ ​៥៨ ​អាសនៈ​ប៉ុណ្ណោះ​ ដោយសារ​តែ​អាសនៈ​សមាជិក​ព្រឹទ្ធសភា​ចំនួន ​២ ​ត្រូវ​បាន​ចាត់​តាំង​ដោយ​ព្រះ​មហាក្សត្រ ហើយ​ចំណែក ​ ២​ផ្សេង​ទៀត​ដោយ​រដ្ឋសភា។

គណបក្ស​ចំនួន ​៤ ​ដែល​ចូលរួម​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី ៥ រួមមានគណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​ឆន្ទៈខ្មែរ​ គណបក្ស​កម្លាំង​ជាតិ​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែ​មាន​តែ​គណបក្ស​ចំនួន​ពីរ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​អាសនៈ​ក្នុង​ព្រឹទ្ធសភា ខណៈ​ពីរ​គណបក្ស​ផ្សេង​ទៀត​មិន​ទទួល​បាន​ឡើយ។ នេះ​បើ​តាម​លទ្ធផល​ផ្លូវការ​របស់ ​គ.ជ.ប។

បើ​តាម​លទ្ធផល​ផ្លូវការ​ប្រកាស​ដោយ ​គ.ជ.ប គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ឆ្នោត​សរុប​ប្រមាណ​ ៨.១៥០​ សំឡេង។ ចំណែក​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ប្រមាណ ​១.២០០ ​សំឡេង។

លោក គង់ មុនីកា អគ្គលេខាធិការ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​សម្រាប់​មណ្ឌល​ភូមិភាគ ​៦ ប្រាប់​វីអូអេ​ថា ​លោក​សោក​ស្តាយ​ចំពោះលទ្ធផល​ផ្លូវការ​នេះ ដែល​គណបក្ស​ទទួល​បាន​តែ​ ៣ ​អាសនៈ។ កាល​ពី​ដើម​ឡើយ គណបក្ស​រំពឹង​ទទួល​បាន ​៩ ​អាសនៈ ទៅ​តាម​ចំនួន​ក្រុម​ប្រឹក្សា​ដែល​ខ្លួន​មាន​ជាង ​២.០០០ ​នាក់។ ទោះជា​យ៉ាងណា​លោក គង់ មុនីកា អះអាង​ថា​ នេះ​ជា​ការ​បោះ​ពួយ​មួយ​ថ្មី ដើម្បី​កសាង​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​សារ​មាន​វត្តមាន​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ជំទាស់។

លោក​ថ្លែង​ថា៖ «ទោះជា​យ៉ាង​ណា​ក៏​ដោយ លទ្ធផល​នេះ យើង​គិត​ថា​យ៉ាង​ហោច​ណាស់ ​យើង​បាន​កសាង​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​ថ្នាក់​ជាតិ​នៅ​អង្គ​នីតិបញ្ញត្តិ​ ជាពិសេស​ស្ថាប័ន​ព្រឹទ្ធសភា​ ដែល​ជា​ស្ថាប័ន​នីតិបញ្ញត្តិ​កំពូល​របស់​ជាតិ​ហ្នឹង ដែល​កន្លង​មក​គ្រប់គ្រង​ដោយ​ឯកបក្ស។ ដូច្នេះ​នៅ​អាណត្តិ​ខាង​មុខ​នេះ យ៉ាង​ហោច​ណាស់​ យើង​មាន​តំណាង​របស់​យើង​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចូល​ទៅ​ស្ថាប័ន​កំពូល​នេះ​ចំនួន ​៣ នាក់​ដែរ ដែល​ជា​ការ​កសាង​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ដែល​យើង​បាត់បង់​កន្លង​ទៅ»។

អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ថា​ តំណាង​ទាំង​ ៣ ​មក​ពី​គណបក្ស​របស់​លោក​នឹង​តស៊ូ​មតិ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

ក្រៅ​ពី​លោក គង់ មុនីកា ដែល​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា លោក សុខ ហាច ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ក៏​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ដែរ​សម្រាប់​មណ្ឌល​ភូមិ​ភាគ ​២។ ចំណែក​លោក សេង ម៉ារឌី បង​ប្រុស​របស់​កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ពន្ធនាគារ ក៏​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ដែរ​ក្នុង​មណ្ឌល​ភូមិ​ភាគ​ ៤។ នេះ​បើ​តាម​លទ្ធផល​ផ្លូវ​ការ​របស់ ​គ.ជ.ប។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​អាសនៈ​ព្រឹទ្ធសភា​លើស​លប់​លើក​ឡើង​ថា​ ការ​បោះឆ្នោត​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃទី​ ២៥ ខែកុម្ភៈ ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ ក្នុង​បរិយាកាស​នយោបាយ​ប្រកប​ដោយ​សេរី​ មាន​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ល្អ​ គ្មាន​អំពើ​ហិង្សា​ និង​ការ​គំរាមកំហែង​ ដែល​បាន​ធានា​នូវ​លក្ខណៈ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស ចុះ​ថ្ងៃទី ​៥ ខែ​មីនា ឆ្នាំ ​២០២៤។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​កាន់​អំណាច​ដដែល​បន្ថែម​ថា ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ​បង្ហាញ​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​ចាស់ទុំ​ ហើយ​កាន់​តែ​ត្រូវ​បាន​ពង្រឹង​ឡើង​តាម​គន្លង​នីតិរដ្ឋ​ ស្រប​ពេល​ដែល​កម្ពុជា​មាន​សន្តិភាព ឯកភាព​ជាតិ​ពេញ​លេញ​ សុខដុម​រមនា​របស់​ប្រជាជន​ និង​សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​ទៀត។

គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ថា៖ «លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង​ទាំង​ស្រុង​នូវ​ឆន្ទៈ​ដ៏​ថ្លៃថ្លា​ និង​មោះ​មុត​របស់​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ក្នុង​ការ​ថែ​រក្សា​សន្តិភាព​ និង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម ដើម្បី​លើក​ស្ទួយ​ជីវភាព​របស់​ខ្លួន»។

ទាក់ទង​តំណែង​ប្រធាន​ព្រឹទ្ធសភា​សម្រាប់​អាណត្តិទី ៥ ​នេះ ​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ធ្លាប់​ប្រកាស​ជា​សាធារណៈ​នៅ​មុន​ពេល​លោក​ចុះចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា ​លោក​នឹង​ទៅ​ធ្វើជា​ប្រធាន​ព្រឹទ្ធសភា​ជំនួស​លោក សាយ ឈុំ។

គួរ​បញ្ជាក់​ថា ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​តែង​ធ្វើ​ឡើង​រៀង​រាល់ ​៦ ឆ្នាំ​ម្តង​ សម្រាប់​មួយ​អាណត្តិ ដែល​អង្គ​បោះឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​នៅ​ទូទាំង​ប្រទេស​សរុប​ជាង​ ១១.០០០ ​នាក់ បូករួម​នឹង​តំណាងរាស្រ្ត​ទាំង​ ១២៥ ​រូប។

ក្នុង​អាណត្តិ​ទី ​៤ ​នៃ​ព្រឹទ្ធសភា មិន​មាន​វត្តមាន​គណបក្ស​ជំទាស់​ឡើយ ក្រោយ​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​អំឡុង​ឆ្នាំ​ ២០១៧៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG