ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ឆន្ទៈខ្មែរ​ឈ្នះ​៣​អាសនៈ ខណៈ​បក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​លើសលុប​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា


មន្រ្តី​រៀប​ចំ​ការ​បោះ​ឆ្នោត​ម្នាក់​បង្ហាញ​សន្លឹក​ឆ្នោត​ដែល​មាន​គូស​ចំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ស៊ុន ណារិន/វីអូអេ)
មន្រ្តី​រៀប​ចំ​ការ​បោះ​ឆ្នោត​ម្នាក់​បង្ហាញ​សន្លឹក​ឆ្នោត​ដែល​មាន​គូស​ចំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ស៊ុន ណារិន/វីអូអេ)

គណបក្ស​ឆ​ន្ទៈខ្មែរ​ខកចិត្ត​ចំពោះ​លទ្ធផល​បឋម​នៃ​ការបោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ ក្រោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប) ប្រកាស​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ចំនួន ៥៥ ចំណែក​គណបក្ស​ឆន្ទៈខ្មែរ​ទទួល​បាន​ ៣ ​អាសនៈ ក្នុង​ចំណោម​អាសនៈ​ចំនួន​ ៦២។

ក្រោយ​ការ​បោះឆ្នោតកាល​ពីថ្ងៃអាទិត្យ ទី​ ២៥ ខែកុម្ភៈ ត្រូវ​បាន​បិទបញ្ចប់ គ.ជ.ប ​បាន​បង្ហាញ​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធ​សភា​នេះ​ថា ក្រៅពី​អាសនៈ​ដែលគណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​ លោក ហ៊ុន សែន និង​គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន​ ​អាសនៈចំនួន ​៤ ទៀត នឹងត្រូវជ្រើស​តាំង​ដោយ​ព្រះមហាក្សត្រ និង​រដ្ឋសភា។​

លោក គង់ មុនីកា អគ្គលេខា​ធិការ​គណបក្ស​ឆន្ទៈខ្មែរ ប្រាប់​វីអូអេ​នៅ​ថ្ងៃចន្ទ​នេះ​ថា លោកសោក​ស្តាយ​ដែល​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ព្រឹទ្ធសភាអាណត្តិទី ៥ ​នេះ​ មិន​ដូច​ទៅ​នឹង​ការរំពឹង​ទុក​។ ទោះយ៉ាង​ណា​លោក​ថា លទ្ធផលនេះជា​ជំហាន​ថ្មី​មួយ​ដើម្បី​កសាង​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិប​តេយ្យនិង​សេរី​ពហុបក្ស។​

លោកថ្លែង​ថា៖ ​«ទោះជា​យ៉ាង​ណា​ក៏ដោយ លទ្ធផល​នេះ យើង​គិត​ថា ​យ៉ាងហោច​ណាស់ ​យើង​បាន​កសាង​លទ្ធិប្រជា​ធិប​តេយ្យ សេរី​ពហុបក្ស​នៅ​ថ្នាក់ជាតិ​នៅ​អង្គ​នីតិបញ្ញត្តិ​ ជាពិសេស​ស្ថាប័ន​ព្រឹទ្ធសភា​ ដែល​ជា​ស្ថាប័ន​នីតិបញ្ញត្តិ​កំពូល​របស់​ជាតិ​ហ្នឹង ដែល​កន្លង​មក​គ្រប់គ្រង​ដោយ​ឯកបក្ស។ ដូច្នេះ​នៅ​អាណត្តិ​ខាង​មុខ​នេះ យ៉ាង​ហោច​ណាស់​ យើង​មាន​តំណាង​របស់​យើង​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ ចូល​ទៅ​ស្ថាប័ន​កំពូល​នេះ​ចំនួន​ ៣ នា​ក់​ដែរ ដែល​ជា​ការកសាង​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ដែល​យើង​បាត់បង់​កន្លង​ទៅ»។

​លោក គង់ មុនីកា ថ្លែង​បន្ថែម​ដោយ​ជឿជាក់​ថា ​តំណាង​ទាំង​ ៣ នាក់ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អង្គ​បោះឆ្នោត​នា​ពេល​នេះ នឹង​បន្ត​តស៊ូ​មតិ​ជាមួយ​គណបក្ស​កាន់អំណាច​ និង​រាជរដ្ឋាភិបាល ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ និង​រួមគ្នា​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។

លោកបន្ថែម​ថា៖ ​«ហើយ​យើង​ជឿជាក់​ថា យើង​នៅ​តែ​អាច​ធ្វើការ​តស៊ូមតិ ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាពល​រដ្ឋ ដែល​កំពុង​តែ​ជួប​ប្រទះ​ការលំបាក។ ហើយ​ដូចដែល​បានជម្រាបជូនថា ​គោល​នយោបាយ​សំខាន់​របស់​គណបក្ស​ឆន្ទៈខ្មែរ គឺ​ផ្តោត​ទៅ​លើវិស័យ​សេដ្ឋកិច្ច​ ដូច្នេះហើយ​យើង​នឹង​ផ្តោត​ទៅលើការ​លើក​កម្ពស់​ជីវភាព និង​ការ​កាត់បន្ថយនូវ​បន្ទុក​ទាំង​ឡាយ ដែលប្រជាពលរដ្ឋ​កំពុង​ជួបប្រទះ​»។ ​

លោក ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា ​លើក​ដៃចង្អុល​បង្ហាញអ្នកសារព័ត៌មាន​ បន្ទាប់​ពី​ដាក់សន្លឹក​ឆ្នោត​ចូល​ធុង នៅក្នុងមណ្ឌល​បោះឆ្នោត​ខេត្ត​កណ្តាល កាល​ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២៤។ (លាស់ លីបលីប/វីអូអេ)
លោក ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា ​លើក​ដៃចង្អុល​បង្ហាញអ្នកសារព័ត៌មាន​ បន្ទាប់​ពី​ដាក់សន្លឹក​ឆ្នោត​ចូល​ធុង នៅក្នុងមណ្ឌល​បោះឆ្នោត​ខេត្ត​កណ្តាល កាល​ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២៤។ (លាស់ លីបលីប/វីអូអេ)

នៅ​មុនការ​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី ៥ នេះ គណបក្ស​ប្រឆាំង​ដ៏ធំ​ក្នុង​ស្រុក ​គឺ​គណ​បក្ស​ភ្លើងទៀនដែលមាន​អង្គ​បោះឆ្នោត​ជាង​ ២.០០០​នាក់ មិន​អាច​ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​បាន ដោយសារ​មិន​មាន​ឯកសារ​ដើមដែល​តម្រូវ​ដោយ ​គ.ជ.ប ​សម្រាប់​ចុះ​ឈ្មោះ​។ ​ក្រោយ​មក​គណបក្ស​ភ្លើងទៀន​ក៏សម្រេច​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ​និង​បាន​សម្រេច​យក​គណបក្ស​ឆន្ទៈ​ខ្មែរ​ធ្វើ​ជា​តំណាង​សម្រាប់​ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​គណ​បក្ស​កាន់​អំណាច​នៅ​នីតិ​កាល​ទី ៥ ​នេះ​ ដោយ​បានរំពឹងថា ​អាចទទួល​បាន​អសនៈ​ព្រឹទ្ធសភា​យ៉ាង​តិច​៨​។

ក្រោយ​លទ្ធផល​មិន​ដូច​ការរំ​ពឹងទុក​ ​អគ្គលេខា​ធិការ​គណបក្ស​ភ្លើង​ទៀន ​លោក ​លី សុធារ៉ាយុត្តិ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃចន្ទ​នេះ​ថា គណបក្ស​ភ្លើងទៀននឹង​ពង្រឹង​ស្មារតី និង​គោល​ជំហរ​របស់​អង្គបោះ​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​បន្ថែមទៀត។

បើតាម​ លោក ​លី សុធារ៉ាយុត្តិ ​ការបោះឆ្នោត​នាថ្ងៃអាទិត្យ​ គឺ​អង្គបោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន ប្រមាណ​ ៣០%​ មិនបាន​បោះឆ្នោត​ឱ្យ​គណបក្ស​ឆន្ទៈខ្មែរ ដោយ​ទៅ​បោះឆ្នោត​ឱ្យ​គណបក្ស​ផ្សេង​។​

លោក​ប្រាប់វីអូអេ​ថា៖ «ការ​បោះឆ្នោត​នា​ពេល​អនាគត យើង[ជា]គណបក្ស​ភ្លើងទៀន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការរៀបចំ​ និង​ពង្រឹង​រចនា​សម្ព័ន្ធ​របស់​គណបក្ស​ភ្លើងទៀន​ទូទាំង​ប្រទេស​ ជាពិសេស​គឺការ​ពង្រឹង​ស្មារតី និង​គោល​ជំហរ​របស់​អង្គបោះ ឆ្នោត​របស់​យើង​ទាំង​ ២.១៨៩​រូប នៅ​ទូទាំង​ប្រទេស​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​គាត់​នៅ​តែ​មាន​ភក្តី​ភាព និង​ភាព​ស្មោះត្រង់​ជាមួយ​គណបក្ស​ ហើយ​បោះឆ្នោត​ជូន​បេក្ខជន​របស់​យើង​ក្នុង​ការបោះឆ្នោតនា​ពេល​ខាងមុខ​»​។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន ប្រាប់​វីអូអេ​ថា ​គណបក្ស​ប្រជាជន​កម្ពុជាសាទរ​ចំពោះ​លទ្ធផល​ដែល​ទទួល​បាន ​៥៥ ​អាសនៈ​នេះ។ ​លោកថា​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​អនុវត្ត​តាម​គោលការណ៍​ច្បាប់ ​ និង​បទបញ្ជា​ផ្ទៃក្នុង​របស់​ព្រឹទ្ធសភា។​

លោក​ប្រាប់​វីអូអេ​ថា៖ «គណបក្ស​ប្រជាជន​ ក្នុង​នាម​ជា​គណបក្សសំឡេង​ច្រើន​លើស​លុប​នេះ គឺ​ថា​ធ្វើ​ការ​តាមគោល​ការណ៍ដែល​មានទម្ងន់​ក្នុង​រដ្ឋធម្មនុញ្ញ និង​បទបញ្ជា​ផ្ទៃក្នុង​របស់​ព្រឹទ្ធសភា អត់​មាន​សហការ​ជាមួយ​គណ​បក្ស​សំឡេង​ភាគតិច​ទេ មាន​តែ​ភាគតិច​ទេ​ដែល​សម្រប​សម្រួល​ជាមួយ​គណបក្ស​សំឡេង​ភាគច្រើន​»។​

ទាក់​ទង​តំណែង​ប្រធាន​ព្រឹទ្ធសភា​សម្រាប់​អាណត្តិទី ​៥ ​នេះ ​លោក ហ៊ុន សែន ដែល​ជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ធ្លាប់​ប្រកាស​ជាសាធារណៈ​នៅ​មុន​ពេលលោក​ចុះចេញ​ពីតំណែង​ជានាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា លោក​នឹងទៅធ្វើជា​ប្រធាន​ព្រឹទ្ធ​សភា ​ជំនួសលោក សាយ ឈុំ​ ដែល​គណបក្ស​របស់​លោក​រំពឹង​ថា ​ឈ្នះ​អាសនៈ​ច្រើន​លើស​លប់​ ពីការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភានេះ។

មន្រ្តី​រៀប​ចំ​ការ​បោះ​ឆ្នោត​ម្នាក់​បង្ហាញ​សន្លឹក​ឆ្នោត​ដែល​មាន​គូស​ចំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​បោះឆ្នោត​ព្រឹទ្ធសភា​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ស៊ុន ណារិន/វីអូអេ)
មន្រ្តី​រៀប​ចំ​ការ​បោះ​ឆ្នោត​ម្នាក់​បង្ហាញ​សន្លឹក​ឆ្នោត​ដែល​មាន​គូស​ចំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​បោះឆ្នោត​ព្រឹទ្ធសភា​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ស៊ុន ណារិន/វីអូអេ)

ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធ​សភា​ តែង​ធ្វើ​ឡើង​រៀងរាល់​ ៦ ឆ្នាំ​ម្តង សម្រាប់​មួយ​អាណត្តិ​។ ​ក្នុង​អាណត្តិ​ទី៤នៃ​ព្រឹទ្ធសភា ​លោក សាយ ឈុំ ជា​ប្រធាន​ បាន​ដឹកនាំសមាជិក​មក​ពីគណបក្ស​ប្រជាជនកម្ពុជា​ទាំងស្រុង ដោយសារ​គ្រា​នោះតុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលអំឡុង​ឆ្នាំ​ ២០១៧​។

លោក មាស នី អ្នក​វិភាគ​នយោ​បាយ ​លើក​ឡើង​ថា សំឡេង​របស់​គណបក្ស​ប្រឆាំង​ក្នុង​ព្រឹទ្ធសភា​ មិនមាន​ឥទ្ធិពល​អ្វី​ក្នុង​ព្រឹទ្ធសភានោះ​ទេ។ លោក​បន្តថា​ រាល់​ការ​លើក​យកបញ្ហា​របស់​ប្រជាពល​រដ្ឋ​ទៅ​ជជែក​ក្នុង​ព្រឹទ្ធសភា​ ក៏អាស្រ័យ​លើ​ការយក​ចិត្ត​ទុក​ដាក់​របស់​គណបក្ស​កាន់​អំណាច និង​ការ​ឱ្យ​តម្លៃ​របស់​គណបក្ស​កាន់​អំណាច​ទៅ​លើ​សមាសភា​ព​គណបក្ស​ក្រៅ​រដ្ឋាភិបាល​។

លោកថា៖​ «ទោះបីជា​សំឡេង​ក្រៅ​ពី​គណបក្ស​កាន់​អំណាច ខំ​និយាយ​ប៉ុណ្ណា​ ក៏​វា​អាច​មិន​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​ការ​ផ្លាស់ប្តូរ​ជា​ដុំកំភួន​ ទៅ​លើ​ការ​មើល​ឃើញ និង​ការយល់​ឃើញ​របស់​គណបក្ស​កាន់​អំណាច​បាន​ទេ​។ នេះ​បើ​យើង​មើល​ទៅ​លើ​បទពិសោធន៍​នៃ​ដំណើរការ​នយោបាយ​កន្លង​មក​ក្នុង​ប្រទេស​យើង»។

បើ​តាម​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ចំនួនអ្នក​បានទៅ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី ៥ គឺ​ស្ទើតែ ​១០០% ​ដោយខ​ក​ខាន​តែ ​១៧ ​នាក់ ក្នុង​ចំណោម​អង្គ​បោះឆ្នោត​សរុប ​១១,​៧៤៧​នាក់​។​ គ.ជ.ប ថា​ លទ្ធផល​ផ្លូវការ​ នឹង​ប្រកាសនៅថ្ងៃ​ទី ២ ​ខែ​មេសា​ ក្រោយ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​រួច​រាល់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG