កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ និងកងកម្លាំង Kurds និយាយថា ពួកគេបានវាយយកបានមកវិញនូវភូមិ១២នៅខាងក្រៅក្រុង Mosul នៅពេលដែលពួកគេជំរុញទៅមុខដើម្បីវាយយកមកវិញនូវក្រុងធំទីពីរររបស់ប្រទេសអ៊ីរ៉ាក់ពីពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម។
ការវាយលុកដែលគេរង់ចាំយូរមកហើយនេះ និងជាការវាយលុយកគាំទ្រដោយការវាយប្រហារតាមអាកាសដោយក្រុមចម្រុះដឹកនាំដោយស.រ.អ. និងមានការចូលរួមពីកងកម្លាំងកុលសម្ព័ន្ធ Sunni និងកងជីវពល Shi'ite ផងនោះ បានបន្តធ្វើក្នុងថ្ងៃទីពីរនៅថ្ងៃអង្គារ។ នៅមានការប្រយុទ្ធគ្នានៅជាយក្រុង Mosul ហើយការជំរុលទៅមុខលើរណសិរ្សបីកំពុងមានចលនាដោយមានល្បឿនប្លែកៗគ្នា។
ថ្លែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថា ការប្រយុទ្ធគ្នាដើម្បីវាយយកក្រុង Mosul មកវិញជា «ការប្រយុទ្ធដ៏ពិបាក» ក៏ប៉ុន្តែលោកបានសម្តែងការទុកចិត្តថា ពួករដ្ឋ ឥស្លាមនឹងទទួលបរាជ័យក្នុងក្រុងនេះ។ លោកប្រធានាធិបតីបានមានប្រសាសន៍បន្ថែមថា៖ «ប្រហែលមានជនស៊ីវិលមួយលាននាក់រស់នៅទីនោះនៅឡើយ ដូច្នេះថែមលើការវាយកម្ចាត់ពួករដ្ឋឥស្លាម ការផ្តោតការយកចិត្តទុកដាក់រួមគ្នារបស់យើងគឺទៅលើសុវត្ថិភាពនិងការផ្តល់ជំនួយមនុស្សធម៌ដល់ពួកជនស៊ីវិលដែលបានរត់គេចខ្លួនចេញពីការប្រយុទ្ធគ្នានេះ ហើយនេះជាអាទិភាពកំពូលសម្រាប់រដ្ឋាភិបាលទាំងពីរ»។
នៅខាងកើតក្រុង Mosul កងកម្លាំង Peshmerga Kurds បានជំរុលទៅមុខយ៉ាងលឿន ក៏ប៉ុន្តែនៅខាងត្បូងវិញកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានជំរុលទៅមុខយឺតៗពីព្រោះពួកគេត្រូវវាយយកផ្ទៃដីធំ ដោយបានចាប់ផ្តើមធ្វើប្រតិបត្តិការរបស់ពួកគេពីចម្ងាយ៤០គ.ម.ពីជាយក្រុង Mosul។
នៅថ្ងៃទីមួយនៃការវាយលុករបស់ពួកគេ ពួកទាហានរៀបរយរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ និងពួកជីវពល Shi'ite បានវាយយកបានភូមិបី។ គោលដៅពួកគេនៅថ្ងៃអង្គារគឺភូមិ Zawiya៕