ឧត្តមសេនីយ៍ម្នាក់នៃរដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយថា ពួកទាហាននៃកងកម្លាំងពិសេសបានចូលត្រួតត្រាអាគារទូរទស្សន៍រដ្ឋនៅខាងក្នុងក្រុង Mosul ដែលជាផ្នែកមួយនៃការវាយលុកដើម្បីបណ្តេញពួករដ្ឋឥស្លាមចេញពីក្រុងនេះ។
កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានជម្រុលចូលទៅក្នុងក្រុងនេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៤ មក នៅក្រោយបានផ្តោតការយកចិត្តទុកដាក់លើការវាយលុកទៅលើតំបន់នៅជុំវិញក្រុង Mosul។
លោកឧត្តមសេនីយ៍ទោ Sami al-Aridi បាននិយាយថា ពួកទាហានរដ្ឋាភិបាលបានចូលទៅក្នុងសង្កាត់ Gojali នៃក្រុង Mosul កាលពីព្រឹកថ្ងៃអង្គារដែលនៅទីនោះ ពួកគេបានជួបប្រទះនឹងការប្រយុទ្ធយ៉ាងខ្លាំងជាមួយពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម។
លោកបាននិយាយថា ពួកយុទ្ធជនរដ្ឋឥស្លាម បានដាក់របាំងស៊ីម៉ង់ត៍នៅទូទាំងក្រុងនេះដើម្បីព្យាយាមបញ្ឈប់ការជម្រុលទៅមុខនៃកងទាហានរដ្ឋាភិបាលអ៊ីរ៉ាក់។
មានការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំងពួករដ្ឋ Islam នៅខាងក្នុងសង្កាត់ Gojali នៅមុនមានការជម្រុលទៅមុខដោយក្រុមទាហានរដ្ឋាភិបាលអ៊ីរ៉ាក់។ពួក Jihadists បានបាញ់តបតរវិញដោយប្រើគ្រាប់ missiles បាញ់រថក្រោះនិង rockets ធុន B-40។
ការទម្លាយខ្សែការពាររបស់ពួករដ្ឋឥស្លាមនេះ មានឡើងពីរសប្តាហ៍ក្រោយពេលកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ និងក្រុមឃើដ (Kurds) គាំទ្រដោយពួកជីវពល Shi'ite និងការវាយប្រហារតាមកងយន្តហោះចម្បាំងស.រ.អា.បានបើកធ្វើប្រតិបត្តិការយោធាធំបំផុតនៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីឆ្នាំ២០១៣ មកដើម្បីបណ្តេញពួកយុទ្ធជនរដ្ឋឥស្លាមចេញពីក្រុងនេះ៕