ក្រុមហ៊ុនជីវវេជ្ជសាស្ត្រអាមេរិកាំងមួយបានប្រកាសថា ខ្លួននឹងចាប់ផ្ដើមការពិសោធន៍ប្រើបន្ថែមទៀតនូវថ្នាំ remdesivir ដែលជាថ្នាំពេទ្យដែលគេមានក្ដីសង្ឃឹមខ្លាំងថាអាចព្យាបាលមេរោគកូរ៉ូណាវីរុសថ្មីបាន។ ការពិសោធន៍នេះនឹងធ្វើឡើងលើអ្នកជំងឺប្រហែល ១.០០០ នាក់ ចាប់ពីខែមីនានេះតទៅ។
នៅក្នុងសញ្ញាមួយដែលថាថ្នាំពេទ្យ remdesivir ដែលផលិតដោយក្រុមហ៊ុន Gilead Sciences នៅរដ្ឋ California នេះ កំពុងទទួលបានចំណាប់អារម្មណ៍ ការពិសោធន៍ជាមួយនឹងអ្នកជំងឺប្រហែល ៤០០ នាក់ «ដែលមានរោគសញ្ញាជំងឺ COVID-19 ធ្ងន់ធ្ងរ» នឹងត្រូវរំលងដំណាក់កាលសាកល្បងថ្នាំ ដោយប្រើវិធីព្យាបាលដែលប្រើថ្នាំ remdesivir នេះជំនួសវិញ ដោយអាចត្រូវប្រើថ្នាំនេះរយៈពេល ៥ ថ្ងៃ ឬក៏ ១០ ថ្ងៃ។
អ្នកជំងឺប្រហែល ៦០០ នាក់ទៀត «ដែលមានរោគសញ្ញាជំងឺ COVID-19 មធ្យម» នឹងត្រូវបែងចែកជា ៣ ក្រុម ដោយមួយក្រុមទទួលការព្យាបាលដោយប្រើថ្នាំ remdesivir នេះរយៈពេល ៥ ថ្ងៃ មួយក្រុមទៀតទទួលការព្យាបាលដោយប្រើថ្នាំនេះរយៈពេល ១០ ថ្ងៃ ហើយនិងមួយក្រុមចុងក្រោយទទួល «ការព្យាបាលតាមធម្មតា» ដូចជាការប្រើថ្នាំបំបាត់ការឈឺចាប់ ថ្នាំបំបាត់គ្រុន សេរ៉ូម និងការប្រើអុកស៊ីសែនជាដើម ប្រសិនបើចាំបាច់។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Gilead Sciences។
កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Gilead Sciences ដែលបានធ្វើការជាមួយនឹងអាជ្ញាធរចិន និងអ្នកវិទ្យាសាស្ត្រខាងផ្នែកវេជ្ជសាស្ត្រ បានចាប់ផ្ដើមការពិសោធន៍ពីរលើកដោយប្រើការព្យាបាលថ្មីនៅក្នុងទីក្រុង Wuhan ប្រទេសចិន ដែលជាកន្លែងដែលមេរោគនេះត្រូវបានគេរាយការណ៍ថាបានផ្ទុះឡើងដំបូងបង្អស់។
ការពិសោធន៍លើកទី ៣ ដឹកនាំដោយសាកលវិទ្យាល័យ Nebraska នៅសហរដ្ឋអាមេរិក ដែលជាការពិសោធន៍រយៈពេលវែងពាក់ព័ន្ធនឹងក្រសួងមន្ទីរសុខាភិបាលជាច្រើន «បានធ្វើឡើងនៅតាមទីតាំងសុខាភិបាលជិត ៥០ កន្លែង នៅទូទាំងសាកលលោក»។
ចំណែកឯការពិសោធន៍លើកទី ៤ នេះ នឹងធ្វើឡើង «នៅមជ្ឈមណ្ឌលសុខាភិបាលនៅតាមបណ្ដាប្រទេសនៅទ្វីបអាស៊ី និងនៅតាមបណ្ដាប្រទេសផ្សេងទៀតនៅលើពិភពលោកដែលមានករណីឆ្លងមេរោគនេះខ្ពស់»។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Gilead Sciences។
បុគ្គលិកជាន់ខ្ពស់ម្នាក់នៃក្រុមហ៊ុន Gilead Sciences បានប្រាប់អ្នកកាសែតនៅសហរដ្ឋអាមេរិកថា គោលបំណងមួយនៃការពិសោធន៍ថ្មីនេះគឺដើម្បីស្វែងយល់ថាតើការព្យាបាលរយៈពេលខ្លីមានប្រសិទ្ធភាពឬក៏អត់ ហើយប្រសិនបើមានប្រសិទ្ធភាព នោះក្រុមហ៊ុននឹងបង្កើនបរិមាណថ្នាំពេទ្យនេះទ្វេជាពីរដើម្បីអនុញ្ញាតឲ្យមន្ទីរពេទ្យនានាព្យាបាលអ្នកជំងឺបន្ថែមទៀត។
លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានវិទ្យាស្ថានជាតិគ្រប់គ្រងផ្នែកអាឡែរហ្ស៊ី និងជំងឺឆ្លងនៃវិទ្យាស្ថានជាតិសុខាភិបាលសហរដ្ឋអាមេរិក បានលើកឡើងពីថ្នាំពេទ្យ remdesivir នេះកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះនៅឯសន្និសីទកាសែតរបស់សេតវិមានជាមួយនឹងលោកប្រធានាធិបតី Donald Trump និងលោកអនុប្រធានាធិបតី Mike Pence។
លោកវេជ្ជបណ្ឌិត Fauci បាននិយាយថា ថ្នាំពេទ្យ remdesivir នេះ បានបង្ហាញពីសកម្មភាពប្រឆាំងមេរោគនៅក្នុងកែវពិសោធន៍ និងនៅក្នុងគំរូសត្វ»។ លោកក៏បានបញ្ជាក់ផងដែរថា ការពិសោធន៍នានាដែលកំពុងធ្វើឡើងអាចបង្ហាញលទ្ធផល «សមហេតុផលនៅពេលឆាប់ៗខាងមុខនេះថាតើថ្នាំនេះអាចប្រឆាំងនឹងមេរោគ [កូរ៉ូណាវីរុសថ្មី] នេះឬក៏អត់»។
លោកបានបន្ថែមថា៖ «ប្រសិនបើថ្នាំនេះអាចប្រឆាំងនឹងមេរោគនេះបាន នោះវិធីព្យាបាលដ៏មានប្រសិទ្ធភាពនឹងត្រូវចែកចាយ»។
កាលពីថ្ងៃសៅរ៍ ស្របពេលដែលការស្លាប់ដំបូងបង្អស់ដោយសារជំងឺ COVID-19 នេះ ត្រូវបានគេរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត Jeff Shuren នៃទីភ្នាក់ងាររដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យរបស់សហរដ្ឋអាមេរិក បាននិយាយថា ទីភ្នាក់ងារនេះ «កំពុងប្រើប្រាស់ធនធានដែលមានទាំងអស់ដើម្បីពន្លឿនការពិនិត្យលើផលិតផលវេជ្ជសាស្ត្រនានា ដែលរួមមានទាំងការធ្វើរោគវិនិច្ឆ័យផងដែរ ដើម្បីបង្ការការឆ្លងរាលដាលនៃមេរោគនេះ»។
ទោះបីជាការពិសោធន៍លើកនេះត្រូវបានប្រកាសបន្ទាប់ពីក្រុមហ៊ុន Gilead Sciences បានធ្វើការពិនិត្យភ្លាមៗ និងទទួលស្គាល់ការចាត់ទុកថ្នាំពេទ្យ remdesivir ថាជាថ្នាំពិសោធន៍ថ្មីសម្រាប់ការព្យាបាលជំងឺ COVID-19 នេះក៏ដោយ ក៏ក្រុមហ៊ុននេះបានបញ្ជាក់ថា «ថ្នាំពេទ្យ remdesivir នេះមិនទាន់ត្រូវបានគេទទួលស្គាល់ជាផ្លូវការនៅតាមប្រទេសណាមួយនៅលើពិភពលោកនៅឡើយទេ»។
ក្រុមហ៊ុននេះបានបញ្ជាក់ទៀតថា ក្រុមហ៊ុនកំពុងផ្ដល់ថ្នាំនេះដល់ «អ្នកជំងឺ COVID-19 ណា ដែលត្រូវនឹងលក្ខខណ្ឌដែលក្រុមហ៊ុនត្រូវផ្ដល់ឲ្យ ផ្អែកលើហេតុផលអាណិតអាសូរសម្រាប់ការព្យាបាលបន្ទាន់ក្រៅពីការពិសោធន៍ព្យាបាលផ្សេងៗដែលកំពុងបន្តធ្វើ»៕
ប្រែសម្រួលដោយលោក ភី សុភាដា