ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា បានហៅស្ថានភាពនយោបាយបច្ចុប្បន្នថា អាចជាការរំខានដល់ដំណើរការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា អាចនឹងចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។
ស្ថានភាពនយោបាយកម្ពុជា ត្រូវក្រុមអ្នកតាមដាននយោបាយមើលឃើញថា កំពុងមានសភាពកាន់តែអាក្រក់ឡើង គ្រាដែលមន្ត្រីបក្សប្រឆាំង មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ត្រូវបានតុលាការសម្រេចឃុំខ្លួន ក្នុងបទចោទប្រកាន់ដាច់ដោយឡែកពីគ្នា។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតហៅថា ខុមហ្វ្រែល បានប្រាប់ VOA ថា ដំណើរការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី អាចនឹងរងផលប៉ះពាល់ជាអវិជ្ជមានពីស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននេះ ដោយសារតែតុលាការបន្តចេញដីកាកោះហៅមន្ត្រីបក្សជំទាស់ និងការបង្ក្រាបលើក្រុមសង្គមស៊ីវិលដោយអាជ្ញាធរក្នុងប្រទេសកម្ពុជា។
អ្នកឃ្លាំមើលការបោះឆ្នោតរូបនេះ លើកឡើងថា អំឡុងពេលមុនការបោះឆ្នោត និងការចុះបញ្ជីឈ្មោះបោះឆ្នោត ជាវេលាដែលគ្រប់ភាគីពាក់ព័ន្ធក្នុងការបោះឆ្នោត ត្រូវធ្វើយ៉ាងណា ឲ្យបរិយាកាសនយោបាយ មានស្ថានភាពប្រក្រតី ដែលមិនហ៊ុមព័ទ្ធដោយការបំភិតបំភ័យ និងគំរាមកំហែង។
«យើងមានការព្រួយបារម្ភដែរស្ថានការណ៍ហ្នឹង។ បើសិនបើចេះតែដំណើរជញ្ជឹងទៅរហូតទៅដល់អំឡុងពេលចុះឈ្មោះបោះឆ្នោត អាហ្នឹងវាប៉ះពាល់ហ្នឹងអ្វី ដែលច្បាប់យើងគេ គេហាមមិនឲ្យមានដំណើរការនៃបរិយាកាសក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតហ្នឹង កុំឲ្យមានការគំរាមកំហែង ការភិតភ័យទៅដល់ប្រជាពលរដ្ឋទូទៅ»។
លោក គល់ បញ្ញា បន្ថែមថា ដំណាក់កាលសំខាន់ គឺក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត នៅពេលខាងមុខនេះឯង។ លោកក៏បានបន្ថេមថា មុនការចុះឈ្មោះបោះឆ្នោតគឺត្រូវធ្វើយ៉ាងណា កុំឲ្យបរិយាកាសនយោបាយធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ដើម្បីឲ្យពួកគេអាចចូលរួមនៅក្នុងកិច្ចការបោះឆ្នោតដោយសេរី និងមិនរងសំពាធណាមួយ។
កាលបរិច្ឆេទសម្រាប់ធ្វើការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី បានប្រែប្រួលជាបន្តបន្ទាប់ ដោយសារតែកង្វះខាតសម្ភារៈ បច្ចេកទេស និងធនធានមនុស្ស សម្រាប់ដំណើរការចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ។ នេះបើយោងទៅតាមការបញ្ជាក់ពីក្រុមអ្នកសង្កេតការណ៍បោះឆ្នោត និងមន្ត្រីគ.ជ.ប។
លោក សម គន្ធាម៉ី នាយកប្រតិបត្តិនៃអង្គការឃ្លំាមើលការបោះឆ្នោត និចហ៊្វិក ថ្លែងប្រាប់ VOA ថា ក្រៅពីកង្វះខាតសម្ភារៈ និងធនធានមនុស្ស ស្ថានភាពនយោបាយបច្ចុប្បន្ន ក៏អាចនឹងធ្វើឲ្យមានការពន្យាពេលដល់ដំណើរការចុះបញ្ជីបោះឆ្នោតថ្មីដែរ។
លោកថា ប្រសិនបើមានការចាប់ខ្លួនបន្ថែមទៀតទៅលើក្រុមអ្នកជំទាស់ ការចុះបញ្ជីឈ្មោះ នឹងប្រឈមនឹងឧបសគ្គផ្លូវនយោបាយបន្ថែមទៀត។
«មកទល់ពេលនេះ ខ្ញុំពិនិត្យមើល ដូចជាមិនទាន់អាចប៉ះពាល់នៅឡើយទេ តាមការកំណត់ តែបើសភាពការណ៍ កាន់តែមាន បើមានការចាប់ខ្លួនបន្ថែមទៀត នឹងអាចមាន អាចមានទទួលផលប៉ះពាល់ខ្លះហើយ»។
ឆ្លងតាមការធ្លាក់ចំនួនសំឡេងគាំទ្រកាលពីការបោះឆ្នោតសាកលឆ្នាំ២០១៣កន្លងទៅ ពីចំនួន៩០អាសនៈ មកត្រឹម៦៨អាសនៈ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាបក្សគ្រប់គ្រងប្រទេស បានផ្លាស់ប្ដូរយុទ្ធសាស្ត្រនយោបាយជាច្រើន ដើម្បីទាក់ទាញអ្នកបោះឆ្នោត។ នេះបើយោងតាមអ្នកវិភាគនយោបាយនៅកម្ពុជា។
ក្នុងនោះ មានការពង្រឹងយុទ្ធនាការរបស់ខ្លួនទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីយកប្រៀបលើគណបក្សដែលជាគូប្រជែង ដែលកើនសំឡេងខ្លាំងគឺគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់រឿងក្តីក្តាំនៅតុលាការ មុនការបោះឆ្នោតឃុំសង្កាត់ឈានមកដល់។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា ការចុះឈ្មោះបញ្ជីអ្នកបោះឆ្នោតថ្មីអាចនឹងត្រូវចាប់ផ្ដើមឡើងនៅក្នុងខែកញ្ញាខាងមុខនេះ ខណៈដែលប្រទេសផ្ដល់ជំនួយដូចជាជប៉ុន និងសហភាពអឺរ៉ុប បានបញ្ជាក់ច្បាស់លាស់ពីការឧបត្ថម្ភថវិកាទិញសម្ភារៈសម្រាប់ដំឡើងតាមប្រព័ន្ធអ៊ីនធឺណិត ដែលចាំចាច់ដល់ការចុះបញ្ជីឈ្មោះថ្មី។
លោកបញ្ជាក់ថា ករណីរបស់លោក នី ចរិយា បច្ចុប្បន្នជាអគ្គលេខាធិការរងម្នាក់នៃគ.ជ.ប ដែលបានរងបទចោទប្រកាន់ថា បានសមគំនិតសូកប៉ាន់សាក្សី នឹងមិនអាចធ្វើឲ្យប៉ះពាល់ដល់ការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីនោះឡើយ។
លោក ហង្ស ពុទ្ធា បន្ថែមថា បើទោះបីជាមានការរុះរើតំណែង លោក នី ចរិយា ដែលជាអតីតមន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់របស់សមាគមសិទ្ធិមនុស្សអាដហុកក្ដី ក៏ការចុះបញ្ជីឈ្មោះបោះឆ្នោត នឹងប្រព្រឹត្តទៅពីថ្ងៃទី១ ខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះដដែល។
«បើសិនជាមានការរុះរើតំណែង គឺមិន មិនមានបញ្ហាអីកើតឡើងទេ។ អញ្ចឹង គ.ជ.ប ត្រូវតែបែងចែកការងាររបស់ខ្លួនឲ្យច្បាស់ គឺធ្វើបញ្ជីបោះឆ្នោតឲ្យបាន។ អញ្ចឹង ទោះបីក្នុងស្ថានភាពបែបណាក៏ដោយ ទោះបីសមាជិក គ.ជ.ប អវត្តមានក៏ដោយ អគ្គលេខាធិការអវត្តមានក៏ដោយ គឺគ.ជ.ប នៅតែទទួលខុសត្រូវ និងមានជំនឿថា ធ្វើបាននូវបញ្ជីបោះឆ្នោតថ្មីមួយ តាមស្មារតីនៃកំណែទម្រង់ដែលគណបក្សនយោបាយទាំងពីរលោកបានសម្រេច»។
លោកបន្ថែមថា គ.ជ.ប ពុំមានយោបល់ណាមួយពាក់ព័ន្ធនឹងសភាពការណ៍នយោបាយបច្ចុប្បន្ននេះទេ ដោយសារលោកថា គ.ជ.ប មិនលូកដៃចូលក្នុងការងារនយោបាយឡើយ។
ទោះជាយ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា អះអាងថា គ.ជ.ប នឹងរៀបបញ្ជីឈ្មោះបោះឆ្នោតជាបឋមសិន មុននឹងមានយោបល់បន្ថែមទៀតលើបញ្ហានេះ។
ប្រទេសដែលជាម្ចាស់ជំនួយរបស់កម្ពុជាមួយចំនួនទៀត ក្រៅពីជប៉ុន និងសហភាព អឺរ៉ុប ក៏បានតាមឃ្លាំមើលដំណើរការវិវត្តន៍ទៅរកការបោះឆ្នោតជាតិ ឆ្នាំ២០១៨នៅកម្ពុជាផងដែរ។
លោកស្រី គ្លែ អូណេល (Clare O'Neil) អ្នកតំណាងរាស្ត្រគណបក្សជំទាស់តំណាងឲ្យសហគមន៍ខ្មែរដ៏ធំមួយនៅក្នុងរដ្ឋ Melbourne ប្រទេសអូស្ត្រាលី បានប្រាប់ទៅតំណាងពលរដ្ឋខ្មែរដែលបានភៀសខ្លួនទៅរស់នៅក្នុងប្រទេសអូស្ត្រាលីថា លោកស្រីនឹងឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលជាក្តីបារម្ភរបស់សហគមន៍ខ្មែរនៅអូស្ត្រាលី។
ថ្លែងតាមរយៈវីដេអូឃ្លិបបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកស្រីកាលពីថ្ងៃសៅរ៍ ដោយមានវត្តមានប្រធានសមាគមខ្មែរនៅអូស្រ្តាលីគឺលោក Youhorn Chea ផងនោះ លោកស្រី Clare O'Neilសង្កត់ធ្ងន់ថា លោកស្រីនឹងអំពាវនាវឲ្យរដ្ឋាភិបាលអូស្ត្រាលីជំរុញឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ប្រសិនបើលោកស្រីត្រូវបានបោះឆ្នោតឲ្យស្ថិតក្នុងតួនាទីរបស់លោកស្រីនៅខែកក្កដាខាងមុខនេះ។
«ខ្ញុំចង់ឲ្យអ្នកដឹងថា ខ្ញុំដឹងច្បាស់ពីក្តីបារម្ភនានាអំពីការបោះឆ្នោត ដែលនឹងត្រូវរៀបចំឡើង នៅក្នុង២០១៨ ហើយខ្ញុំនឹងធ្វើអី្វៗទាំងអស់ ដែលខ្ញុំអាចធ្វើបានជាមួយលោក Youhorn និងមេដឹកនាំសហគមន៍ដទៃទៀត ដើម្បីជំរុញរដ្ឋាភិបាលអូស្ត្រាលីឲ្យជំរុញឲ្យមានការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌»។
លោក សុខ ឦសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា ស្ថានភាពនយោបាយបច្ចុប្បន្ននឹងមិនអាចប៉ះពាលដល់ការចុះបញ្ជីបោះឆ្នោតថ្មីនោះទេ។ លោកបញ្ជាក់ថា ការឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីគ.ជ.ប មិនមានការជាប់ទាក់ទងនឹងរឿងនយោបាយនោះទេ។
ទាក់ទិនការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលលើកឡើងដោយ លោកស្រី Clare O'Neil លោកថ្លែងយ៉ាងដូច្នេះថា៖
«មិនបាច់គាត់ស្រែកក៏បានដែរ គេបោះឆ្នោតហ្នឹងឆ្ពោះទៅរកការបោះឆ្នោតដោយសេរី និងយុត្តិធម៌ហ្នឹងហើយ។ អញ្ចឹងហើយ បានយើងឃើញហើយមានកំណែទម្រង់ច្រើនណាស់ កំណែទម្រង់ គ.ជ.ប កំណែទម្រង់ច្បាប់បោះឆ្នោតទាំងពីរហ្នឹង ច្បាប់បោះឆ្នោតជាតិ និងច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ អាហ្នឹងហើយសុទ្ធតែជាគោលបំណងដើម្បីធ្វើយ៉ាងណា កុំឲ្យភាគីប្រកួតប្រជែងហ្នឹង មានការចោទប្រកាន់ថា វាមិនត្រឹមត្រូវ មិនសេរី មិនយុត្តិធម៌ហ្នឹងឯង»។
ប្រទេសកម្ពុជាក៏គ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងឆ្នាំ ២០១៧ខាងមុខនេះដែរ នៅមុនការមកដល់នៃការបោះឆ្នោតជាតិឆ្នាំ២០១៨។
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១៦៣០ឃុំសង្កាត់នៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជាឈ្នះជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១៥៩២ និងចំនួនក្រុមប្រឹក្សាមានដល់ទៅ៨២៩២ ដោយត្រួតត្រាកិច្ចការរដ្ឋបាលមូលដ្ឋានសឹងតែទាំងអស់។
ចំណែកឯ គណបក្សជំទាស់របស់លោក សម រង្ស៉ី និងលោក កឹម សុខា បានឈ្នះជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៤០ និងមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជិត៣០០០នៅទូទាំងប្រទេស។
គណបក្សរាជានិយម ហ៊្វុនស៊ីនប៉ិច ទទួលបានអាសនៈជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១ និងមានសមាជិកចំនួន១៥១ទូទាំងប្រទេស។
បើគិតទាំងអ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំផង តួលេខអ្នកបោះឆ្នោតនៅឆ្នាំខាងមុខនេះ ត្រូវគេប៉ាន់ស្មានថា មានចំនួនដល់ទៅ១០លាននាក់ ក្នុងចំណោមពលរដ្ឋខ្មែរជាង១៥លាននាក់ ដែលមានសិទ្ធិបោះឆ្នោតនៅឆ្នាំ២០១៧ខាងមុខនេះ៕