ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​មិន​ទាន់​អាច​បញ្ជាក់​ថា​ តើ​មាន​ជន​ជាតិ​ខ្មែរ​ស្លាប់​ក្នុង​ករណី​ឆេះ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ឬ​យ៉ាងណា


រូបឯកសារ៖ លោក ហៀង ប៊ុននឿន បាត់ប្អូនថ្លៃម្នាក់ដែលធ្វើការនៅកាស៊ីណូ។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ លោក ហៀង ប៊ុននឿន បាត់ប្អូនថ្លៃម្នាក់ដែលធ្វើការនៅកាស៊ីណូ។ (ស៊ុន ណារិន/វីអូអេ)

ខណៈ​ក្រុម​គ្រួសារ​កំពុង​រង់ចាំ​ដំណឹង​ពី​សាច់​ញាតិ​របស់​ពួក​គេ​ដែល​បាត់​ខ្លួន អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​មិន​ទាន់​អាច​បញ្ជាក់​ដល់​ក្រុម​គ្រួសារ​ថា​តើ​មាន​ជន​ជាតិ​ខ្មែរ​ស្លាប់​ក្នុង​ករណី​ភ្លើង​ឆេះ​អគារ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែត កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ ឬ​យ៉ាង​ណា។

ក្រោយ​ពន្លត់​អគ្គិភ័យ និងបញ្ចប់​ការ​ស្វែង​រក​ជន​រង​គ្រោះ អាជ្ញាធរ​បាន​រក​ឃើញ​សាក​សព​ចំនួន​២៦​នាក់ ​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ថៃ ហើយ​បាន​អះ​អាង​ថា​មិន​មាន​ជន​ជាតិ​ខ្មែរ​ណា​ម្នាក់​ឡើយ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​អគ្គិភ័យ​នេះ បើ​ទោះ​មាន​សាកសព​ឆេះ​ខ្ទេច មិន​អាច​កំណត់​អត្ត​សញ្ញាណ​បាន។ យ៉ាងណា​មិញ មន្រ្តី​អះអាង​ថា​សាក​សព​មនុស្ស​៦​នាក់​ដែល​ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​ខ្ទេច​ខ្ទី ហើយ​មិន​ស្គាល់​អត្ត​សញ្ញាណ​កំពុង​តែ​ត្រូវ​បាន​ធ្វើ​DNAឬ​កំណត់​ទិន្នន័យ​ហ្សែន ខណៈ​មក​ដល់​ពេល​នេះ​មិន​ទាន់​ដឹង​លទ្ធផល​នៅ​ឡើយ​ទេ។

លោក ហៀង ប៊ុននឿន​ ដែល​បាន​បាត់​ប្អូន​ថ្លៃ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារនេះ​ថា​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​ពី​អាជ្ញាធរ​ ពាក់​ព័ន្ធ​ជាមួយ​ការ​ពិនិត្យ​DNA​ទៅ​លើ​សាកសព​ដែល​បាន​ឆេះ​ខ្ទេច​ខ្ទី​នោះ​ឡើយ និង​ថា​លោក​ក៏​មិន​ដឹង​ធ្វើ​អ្វី​បន្ត​ទៀត​នោះ​ដែរ គឺ​មាន​តែរង់ចាំ​ព័ត៌មាន​ពី​អាជ្ញាធរ។

លោក​ញ្ជាក់​ថា​៖ «ខាង​ខ្មែរ​យើ​ង​ស្ងាត់​ជ្រាប​ហើយ​ខាង​ខ្មែរ​យើ​ង​មិន​មាន​នរណា​កម្រើក​ទេ ព្រោះ​អី​គេ​ទម្លាក់​បន្ទុក​ទៅ​លើ​ខាង​ថៃ ​ព្រោះ​អី​អគារហ្នឹង វា​អគារ​ថៃ ក្រុម​ហ៊ុន​ថៃ ហើយ​ថៅកែ​ថៃ​ទៀត។ អ៊ីចឹង​បាន​ខ្មែរ​យើង​អត់​រវី​រវល់​អ្វី​ទាំង​អស់​»។

រូបឯកសារ៖ គ្រោងអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ក្រោយអគ្គិភ័យ​កើតឡើង។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ គ្រោងអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ក្រោយអគ្គិភ័យ​កើតឡើង។ (ស៊ុន ណារិន/វីអូអេ)

បើ​តាម​លោក ប៊ុន​នឿន​ ថៅ​កែ​ជន​ជាតិ​ថៃ​បាន​មក​សួ​រនាំ​ ព្រម​ទាំង​ផ្តល់​ថវិកា​ចំនួន​១​លាន​រៀល​ដល់​ក្រុម​គ្រួសារ ខណៈ​បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន​៥៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ដើម្បី​ផ្គត់​ផ្គង់​កូន​របស់​ជន​រង​គ្រោះ​ផង​ដែរ។

ចំណែក​លោក បាន ដូច អាយុ​៥៦​ឆ្នាំ បាន​បាត់​ក្មួយ​ស្រី​ឈ្មោះ សំ ស្រីមុំ ដែល​ជា​បុគ្គលិក​ផ្នែក​សម្អាត​នៅ​ទីនោះ។ លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថាលោក​មិនទាន់​ទទួល​បាន​ដំណឹង​ពី​អាជ្ញាធរ​ឡើយ ខណៈ​ក្រុម​គ្រួសារ​បាន​ដាក់​ពាក្យ​បណ្តឹ​ង​រួច​រាល់។ ទោះជាយ៉ាងណា លោក​ថា​ក្រុមហ៊ុន​ថៃ​បាន​អនុញ្ញាត​ឱ្យ​បើក​ប្រាក់​ខែ​ដែល​ក្មួយ​ស្រី​របស់​លោក​បាន​ធ្វើ​កន្លង​មក។​លោក​ក៏​មិន​ទាន់​ដឹង​ថា​តើ​នឹង​មាន​ការ​សង​សំណង​បែប​ណា​ឡើយ​ពី​ម្ចាស់​កាស៊ីណូ​ដែល​ជា​ជន​ជាតិ​ថៃ។

លោក​បញ្ជាក់​ថា​៖ «ម៉ែវា[ម្តាចយ​ជន​រង​គ្រោះ] និង​ប្តី​ទៅ​ដាក់​ពាក្យ​ហើយ គ្រាន់​បាន​ជួយ​រក​ជួយ​ធ្វើ​ដែរ​។ គេថា​ចាំ​គេ​រក​ឱ្យ អត់​ទាន់​ឃើញ​ទេៗ»។

លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ប្រាប់​វីអូអេ​ថា​អាជ្ញាធរ​ហាក់​មាន​ភាព​សកម្ម​ច្រើន​នៅ​ពេល​ដែល​ការ​ឆេះ​កាស៊ីណូ​ទើប​តែ​ចាប់​ផ្តើម ប៉ុន្តែ​លោក​ថា​ក្រោយ​មក​មាន​ភាព​មិន​សូវ​សកម្ម​ឡើយ​ ជា​ពិសេស​ពាក់ព័ន្ធ​ជាមួយ​ការ​ពិនិត្យ​DNA ដើម្បី​ឱ្យ​សាច់​ញាតិ​បាត់​ចម្ងល់។

លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​មិន​យល់​ថា​តើ​អាជ្ញាធរ​គាត់​មាន​ភាព​លាក់​បាំង ឬ​ក៏​នីតិ​វិធី​របស់​គាត់​មាន​ភាពស៊ាំ​ញាំ ឬក៏​លំបាក​របៀប​ម៉េច​ទេ ទើប​គាត់​មិន​ទាន់​មាន​ការ​បង្ហាញ​ឱ្យ​បាន​ច្បាស់​លាស់​បែប​នេះ។ ប៉ុន្តែ​ទោះ​បី​យ៉ាងណា ដើម្បី​កុំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​ពី​ក្រុម​គ្រួសារ​ដែល​បាត់​បង់​សមាជិក​របស់​ខ្លួន​ សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ ជា​ពិសេស​អ្នក​ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​សំណុំ​រឿង​ហ្នឹង គប្បី​មាន​ការ​បញ្ជាក់ និង​បំភ្លឺ​ដើម្បី​ឱ្យ​មាន​ភាព​ច្បាស់​លាស់»។

វីអូអេមិន​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក​ អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមាន​ជ័យ​និង​លោក គន់ គីម​ អនុ​ប្រធាន​ទី១​នៃ​គណៈ​កម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ដែល​ទទួល​បន្ទុក​លើ​ករណី​ឆេះ​អគារ​នេះ បាន​នៅ​ឡើយ​ទេ នៅ​ត្រឹម​រសៀល​ថ្ងៃ​នេះ។

លោក សេក សុខុម អ្នកពាក្យ​សាលា​ខេត្ត​បន្ទា​យ​មាន​ជ័យ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​លោក​មិន​ដឹង​ថា​តើ​លទ្ធផល​បែប​ណា​ឡើយ ដោយ​សារ​នេះ​ជា​ការ​ទទួល​បន្ទុក​រប ស់​ខាង​ផ្នែក​បច្ចេក​ទេស។

កាល​ពី​យប់​ថ្ងៃទី​២៨ ខែ​ធ្នូ ឈាន​ចូល​ថ្ងៃទី​២៩​ ​ខែ​ធ្នូ ​ឆ្នាំ​២០២២ ​មាន​ករណី​ភ្លើង​ឆេះ​អគារ​កាស៊ីណូ និង​សណ្ឋា​គារ​Grand Diamond City ក្នុង​ក្រុង​ប៉ោយ​ប៉ែត ដែល​បណ្តាល​ឱ្យ​មនុស្ស២៦​នាក់​ស្លាប់​ និង​រាប់​សិប​នាក់​ទៀត​រង​របួស ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ថៃ។ ករណី​អគ្គិភ័យ​នេះ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​សន្និដ្ឋាន​បឋម​ថា​ដោយ​សារ​ឆ្លង​ចរន្ត​អគ្គិសនី ​ពេល​កាស៊ីណូ​បាន​ប្រើប្រាស់​ភ្លើង​ច្រើន​សម្រាប់​រៀប​ចំ​តុបតែ​ឱកាស​ឆ្លង​ឆ្នាំ។ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​មូល​ហេតុ​អ្វី​បាន​ជា​អគ្គិភ័យ​មិន​អាច​ពន្លត់​បាន​ភ្លាមៗ ​ហើយ​បណ្តាល​ឱ្យ​ឆាប​ឆេះ​រហូត​ដល់​ជាង​១៥​ម៉ោង៕

XS
SM
MD
LG