ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន រង​ការ​រិះគន់​ក្រោយ​វាយ​ប្រហារ​ក្រុម​ប្រឆាំង ដោយ​ភ្ជាប់​ជាមួ​យ​លោក Pita បេក្ខភាព​នាយក​រដ្ឋមន្ត្រីថៃ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រង​ការ​រិះគន់​ពី​ពលរដ្ឋ​ថៃ និង​អ្នក​តាម​ដាន​មួយ​ចំនួន​ចំពោះ​ការភ្ជាប់លោក Pitaតំណាងរាស្រ្ត​ថៃ មិន​ទទួល​បាន​សំឡេងគ្រប់គ្រាន់ ដើម្បី​ធ្វើជា​នាយក​រដ្ឋ​មន្រ្តី​ថៃ មក​វាយ​ប្រហារ​ក្រុម​ប្រឆាំង​កម្ពុជា។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​ Twitter ​របស់​លោក ក្រោយ​លោក Pita Limjaroenra ​បរាជ័យ​ក្នុង​ការ​ទទួល​បាន​សំឡេង​គាំទ្រ។ លោក​បញ្ជាក់​ថា​វា​គឺ​ជា​«ការ​បរាជ័យ​ដ៏​ធំ»របស់​ក្រុម​ប្រឆាំង។

លោក ហ៊ុន សែន បាន​សរសេរ​ក្នុង​ប្រព័ន្ធ​សង្គម​របស់​លោក​ថា៖ «ខ្ញុំ​សូម​ប្រកាស​ថ្ងៃ​នេះ​ថា​ការ​មិន​ទទួល​បាន​សំឡេង​គ្រប់​គ្រាន់​ ដើម្បី​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ថៃ​របស់​លោក​Pita គឺ​ជា​ការ​បរាជ័យ​ដ៏​ធំ​របស់​ក្រុម​ពួក​តិរច្ឆាន​នៅ​កម្ពុជា ហើយ​នេះ​មិន​មែន​បង្ហាញ​ថា​ខ្ញុំ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ថៃ​នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ថា​ព្រោះ​កន្លង​មក​ពួក​ក្បត់​ជាតិ​ទាំង​នេះ តែង​តែ​រំពឹង​ទុក​ថា​នៅ​ពេល​លោក Pita ​ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី​របស់​ថៃ ពួកគេ​នឹង​ប្រើ​ប្រាស់ទឹក​ដី​របស់​ថៃ ដើម្បី​ធ្វើ​ចលនា​ប្រឆាំង​បះ​បោរ​នឹង​រាជ​រដ្ឋា​ភិបាល​កម្ពុជា ឥឡូវ​នេះ​ក្តី​រំពឹង​របស់​ពួក​អា​តិរ​ច្ឆាន​ទាំង​នោះ​បាន​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​ហើយ។ សូម​កុំ​ធ្វើ​នយោ​បាយ​ផ្អែក​លើ​ដង្ហើម​អ្នក​ដទៃ ដែល​នេះ​ជា​ការ​ដាស់​តឿន និង​ជា​បំណង​ល្អ​របស់​ខ្ញុំ​សម្រាប់​ក្រុម​ជ្រុល​និយម»។

សារ​របស់​លោក ហ៊ុន សែន បា​ន​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ថៃជា​ច្រើន​បាន​ចូល​ទៅ​ Tweet​ ឬ​បញ្ចេញ​មតិ​រិះ​គន់ ដោយ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​មាន​ការ​ប្រមាថ​ផង​ដែរ។

​លោក Phil Robertson នាយក​រង​ទទួល​បន្ទុក​នៅ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរ​ជាតិ(Human Rights Watch)ក៏​បាន​បញ្ចេញ​មតិ​ថា​៖«​គួរ​ឱ្យ​អស់​សំណើច​ណាស់។ វា​មិន​មែនអ្វី​ទាំង​អស់ ពិត​ជា​រឿង​របស់អ្នក​នោះ​ទេ។ អ្នក​អាច​ប្រកាស​នូវ​អ្វី​ទាំង​អស់ដែល​អ្នក​ចង់​បាន ប៉ុន្តែ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក Pita នៅ​ក្នុង​សភា​មិន​ពាក់​ព័ន្ធ​នឹង​កម្ពុជា​ឡើយ»​។

ក្រោយ​មាន​ប្រតិ​កម្ម​ពី​ពលរដ្ឋ​ថៃ លោក ហ៊ុន សែន ​នៅ​ថ្ងៃ​សុក្រ​នេះ ក៏​បាន​ចេញ​សារ​មួយ​ទៀត ដោយ​បក​ស្រាយថា​ការ​លើក​ឡើង​របស់​លោកគឺ​គ្រាន់​ចង់​សំដៅ​ទៅក្រុម​ប្រឆាំង​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ ដោយមិន​បាន​ប្រឆាំង​លោក Pita និងមិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​ថៃ​ឡើយ។

លោក ហ៊ុន សែន បន្ថែម​ថា​ការ​ចេញ​សារ​របស់​លោកបែប​នេះ ដោយ​សារ​មេដឹក​នាំ​ក្រុម​ជ្រុល​និយម​នឹង​មក​កម្ពុជា តាម​ទឹក​ដី​ថៃ ដែល​ប្រើ​ប្រាស់​ឈ្មោះ​លោក Pita ​ដើម្បី​ចង់​ចូលមក​កម្ពុជា។

លោក ហ៊ុន សែន បញ្ជាក់​ថា​៖ «ការ​ដែល​ខ្ញុំ​ចេញ​សារ​នេះ​ មាន​បំណង​ប្រាប់​ទៅ​ក្រុម​ជ្រុល​និយម​នៅ​កម្ពុជា​ថា​បំណង​របស់​ពួក​អ្នក​ ត្រូវរ​លាយ​ដូច​អំបិល​ត្រូវ​ទឹក។ ក្រោយ​ខ្ញុំ​បង្ហោះ​មានបង​ប្អូន​ថៃ​ចូល​មក ​Comment ជា​ភាសា​ថៃ​យ៉ាង​ច្រើន​ដែល​ខ្ញុំ​មិន​យល់ ដោយ​មិន​ចេះ​អាន​ភាសា»។

នៅថ្ងៃ​សុក្រ​នេះ ​លោក ហ៊ុន សែន បាន​លុប​សារ​ដែល​បង្ហោះ​លើក​ទី​មួយ​របស់​លោក​ចេញ​ពី​Twitter។

រូបឯកសារ៖ លោក Pita Limjaroenrat មេដឹកនាំនិងបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស Move Forward ចូលរួមក្នុងព្រឹត្តិការណ៍ចាប់លេខរៀងគណបក្ស នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក Pita Limjaroenrat មេដឹកនាំនិងបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស Move Forward ចូលរួមក្នុងព្រឹត្តិការណ៍ចាប់លេខរៀងគណបក្ស នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន​ ប្រាប់​វីអូអេថាការ​បញ្ចេញ​មតិ​របស់​ប្រជា​ជន​ថៃ​រិះគន់​នាយក​រដ្ឋមន្រ្តី​មិន​មាន​អ្វី​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​រវាងកម្ពុជា​និង​ថៃ​នោះ​ទេ។ លោក​ថា​ការ​បញ្ចេញ​មតិ​ទាំង​នោះគ្រាន់​តែជា​ការ​ចង់​បាន​របស់​អ្នក​គាំ​លោក Pita ​ដែល​ចង់​ឱ្យ​លោក​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី។

លោក រ៉ុង ឈុន ​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ប្រាប់​វីអូអេ​ថា​គណបក្ស​ប្រឆាំងតែង​តែ​ទទួល​រង​នូវ​បញ្ហា​ប្រឈម​ជា​រឿយៗ មាន​ទាំង​ការ​រំលាយ​គណបក្ស និង​ការ​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត។ លោក​ក៏​កត់​សម្គាល់​ថាក្រុម​អ្នក​ប្រជាធិប​តេយ្យ ​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​សង្គម ​ទើប​ត្រូវ​ទទួល​រង​នូវ​បញ្ហា​ប្រឈម​នានា​ ដូចជា​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​វាយ​ប្រហារ​របស់​លោក ហ៊ុន សែន នា​ពេល​នេះ។

លោក​ថ្លែង​ថា៖ «បើ​យើង​សិក្សា​មើល​ទៅ ហាក់​បី​ដូច​ជា​ខ្លាច​វត្ត​មាន​ ក្រុម​អ្នក​ប្រជា​ធិប​តេយ្យ ​បើ​មើល​ឥរិយា​បទ​ដែល​និយាយ​អី​តាម​វេទិកា​សាធារណៈ​នីមួយ​ៗ តែង​តែ​ភ្ជាប់​ទៅ​នឹង​អ្នក​ប្រឆាំង ​[និង]​អ្នក​នៅ​ក្រៅ​រដ្ឋាភិបាល​»។

លោក​ចង់​ឃើញ​អ្នក​នយោ​បាយ​ខ្មែរ​ទាំង​អស់​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​គ្នា និង​តាម​រយៈ​ការ​បោះ​ឆ្នោត​មួយ​ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​ត្រូវ​អង្គុយ​ជជែកដោះ​ស្រាយ​បញ្ហា​ជាតិ ទើប​ប្រសើរ​ជាង។

គួរ​បញ្ជាក់ថាកាល​ពី​ខែមិ​ថុនា​ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​គោល​នយោ​បាយ​របស់គណ​បក្ស​ជំទាស់របស់ថៃ​ដែល​មានឈ្មោះ Move Forward ដែល​លោក​ថាមាន​បំណងចង់​បណ្តេញ​ពលករ​ខ្មែរ និង​ឡាវ​ចេញ​ពី​ប្រទេស​ថៃ។ ប៉ុន្តែ​ក្រោយ​មក ​លោក ហ៊ុន សែន ​សាទរ​វិញ បន្ទា​ប់ពី​គណបក្ស​ Move Forward បាន​បដិសេធ​ថា​នឹង​មិន​មាន​ការ​បណ្តេញ​ពលករ​ខ្មែរ​ឡើយ៕

XS
SM
MD
LG