ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឃ្លាំមើល៖ ការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត​តាម​ប្រព័ន្ធ​ថ្មី អាច​ទុកចិត្ត​បាន


កុំព្យូទ័រ និង​កាម៉េរា ប្រើប្រាស់​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដាក់តាំង​បង្ហាញ​ក្នុង​ពិធី​ប្រកាស​ផ្លូវការ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
កុំព្យូទ័រ និង​កាម៉េរា ប្រើប្រាស់​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដាក់តាំង​បង្ហាញ​ក្នុង​ពិធី​ប្រកាស​ផ្លូវការ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

មក​ទល់​ពេល​នេះ​​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) ទទួល​បណ្ដឹង​ត្រឹម​ជាង​២០​ករណី​ប៉ុណ្ណោះ ហើយ​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​​វាយ​តម្លៃ​វិជ្ជមាន​ចំពោះ​ស្ថានការណ៍​​​ទូទៅ​នៃ​​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ។

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​កម្ពុជា​ បាន​ប្រព្រឹត្ត​ទៅ​ចំនួន​២០​ថ្ងៃ​ហើយ។

​គិត​ត្រឹមថ្ងៃ​ច័ន្ទ​ ទី​១៩​ ខែ​កញ្ញា មាន​ប្រជាពលរដ្ឋ​កម្ពុជា​ ចំនួន​ជិត​២​លាន​៧​សែននាក់​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស។

មក​ទល់​ពេល​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) ទទួល​បណ្ដឹង​ត្រឹម​ជាង​២០​ករណី​ប៉ុណ្ណោះ ហើយ​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជាវាយ​តម្លៃ​វិជ្ជមាន​ចំពោះ​ស្ថានការណ៍​ទូទៅ​នៃប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ។

លោក​ សំ​ គន្ធាមី​ នាយក​ប្រតិបត្តិ​នៃ​គណៈ​ធម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​ថា​ និកហ្វិក​ លើក​ឡើង​ថា​បរិយាកាស​ជា​ទូទៅ​ នៃ​ការ​ចុះ​ឈ្មោះ​ថ្មី​នេះ​ មាន​ភាព​ល្អ​ប្រសើរ​ បើ​ទោះ​ជា​មាន​ភាព​មិន​ប្រក្រតី​ និងបញ្ហា​បច្ចេកទេស​ខ្លះ​កើត​ឡើង​ក្ដី។

«ទី១​ ប្រព័ន្ធ​ចុះ​ឈ្មោះ​ល្អ​ អាច​ទុក​ចិត្ត​បាន។ ទី​២​ ចំនួន​អ្នក​ទៅចុះ​ឈ្មោះ​មាន​ច្រើន​គួរ​សម​ដែរ។​ ទី៣​ ដំណើរ​ការ​ចុះឈ្មោះ​ នីតិវិធី​មិន​មាន​បញ្ហា​ទេ ទោះ​ជា​មន្ត្រី​ចុះ​ឈ្មោះខ្លះ​មិន​សូវ​មាន​ជំនាញ​អី​ គាត់​យឺតយ៉ាវ។ ទី៤​ ឧបករណ៍ ដូច​កុំព្យូទ័រ​អីមាន​ភាព​រអាក់រអួល​ច្រើន​ ហើយ​បញ្ហា​ប្រព័ន្ធ​អ៊ីនធឺណិត​ តំបន់​ខ្លះ​មាន​បញ្ហា​បញ្ចូល​ទិន្នន័យ។​ ទី៥​ ឃើញ​ពាក្យ​បណ្ដឹង​តិច​តួច​ទេ បើ​ធៀប​នឹង​ចំនួន​អ្នក​ចុះ​ឈ្មោះ​ ភាព​មិន​ប្រក្រតី​ដែល​គណបក្ស​ដាក់ពាក្យ​ប្ដឹង​មាន​តិច​តួច​ទេ។​ ​ ហើយ​បរិយាកាស​ទូទៅ​ខាង​សន្តិសុខ​ នៅ​កន្លែង​ចុះឈ្មោះ​បោះឆ្នោត ល្អ​ទេ​ អត់​មាន​ទាហាន​ ​ប៉ូលិស​អី​ទៅ​រំខាន​ទេ»។

លោក​ សំ​ គន្ធាមី អះអាង​ថា​ ការ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ថ្មី​នេះ​ អាច​គ្រប់​គ្រង​ទិន្នន័យ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​បាន​ល្អ​ជាង​មុន​ បើ​ធៀប​ទៅ​នឹង​ប្រព័ន្ធ​ចុះ​ឈ្មោះ​ចាស់។​

«ដោយសារ​ប្រព័ន្ធ​កុំព្យូទ័រ​មើ​ល​ទៅ​យើង​ធានា​បាន​ឈ្មោះ​ស្ទួន មិន​ឲ្យ​មនុស្ស​ម្នាក់​ចុះ​ឈ្មោះ​បាន​២​ដង​ទេ អត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​២​ដង​ទេ។ ទី២​ មាន​រូប​ថត​ និង​ស្កេន​ក្រយៅដៃ​។​ ដូច្នេះ​ រូប​ថត​គេ​បិទ​នៅ​បញ្ជី​បោះឆ្នោត​ ពេល​ទៅ​បោះឆ្នោត​មិន​អាច​អ្នក​ផ្សេង​ទៅ​បោះ​ជំនួស​អី​បាន​ទេ។ ទី៣​ ការ​គ្រប់គ្រង​ទិន្នន័យ​តាម​ប្រព័ន្ធកុំព្យូទ័រ វា​គ្រប់គ្រង​បាន​ល្អ​ជាង។ អា​មុន សរសេរ​ដៃ​ វា​ខុស​អក្ខរាវិរុទ្ធ ឈ្មោះ​អី​ហ្នឹង»។​

ទោះជា​យ៉ាង​នេះ​ក្តី​ លោក សំ គន្ធាមី​ ឲ្យ​ដឹង​ថា​ ការ​ផ្សព្វផ្សាយ​អំពី​ការ​ចុះឈ្មោះ​បោះឆ្នោត​ មិន​ទាន់​ទូលំទូលាយ​ឡើយ។ លោក​ថា​មាន​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ខ្លះ​ មិន​ទាន់​បាន​ដឹង​អំពី​ការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ​នៅ​ឡើយ​ ហើយ​អ្នក​ខ្លះ​ទៀត​មិន​ដឹង​ថា​ត្រូវ​ទៅ​ចុះ​នៅ​កន្លែង​ណានោះ​ទេ។​

នា​ពេល​កន្លង​មក​ បញ្ជី​ឈ្មោះ​បោះឆ្នោត ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ គឺ​ជា​បញ្ហា​ចម្រូង​ចម្រាស​មួយ​យ៉ាង​សំខាន់​ចំពោះ​ការ​បោះឆ្នោត​អាណត្តិ​មុនៗ។

បញ្ហា​ចម្រូង​ចម្រាស​ទាំង​នោះ​រួមមាន​ ​ការ​រក​ឈ្មោះ​មិន​ឃើញ​ បញ្ជី​ឈ្មោះ​ប៉ោង​ និង​ឈ្មោះ​ស្ទួន​ជាដើម​ ដែល​ជារឿយៗ​គណបក្ស​ជំទាស់​ធ្វើការ​តវ៉ា​ ដោយ​អះអាង​ថា​ លទ្ធផល​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ច្រើន។ ​

លោក​ស្រី​ ម៉េង​ សុភារី​ ប្រធាន​នាយកដ្ឋាន​កិច្ច​ការ​បោះឆ្នោត​ និង​ជា​មេធាវីរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ យល់​ថា​ប្រព័ន្ធ​ថ្មី​នេះ​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​មុន ក៏ប៉ុន្តែ​លោក​ស្រី​មិនទាន់​ហ៊ាន​វាយ​តម្លៃ​ថា​ប្រព័ន្ធ​នេះ ​ធានា​បាន​នូវ​សុក្រឹតភាព​ភាព​ដល់​កម្រិត​ណា​នោះ​ទេ។

«យើង​មិន​ទាន់​ធ្លាប់​ឆ្លង​កាត់​ប្រព័ន្ធ​ហ្នឹង​ ហើយ​នេះ​ជា​លើក​ទី​១ ទាំង​សម្រាប់​ គជប និង​គណបក្ស​នយោបាយ​ និង​អ្នក​ចុះឈ្មោះ​បោះ​ឆ្នោត។​ យើង​មិន​ទាន់​ធានា​ថា​បញ្ជី​ឈ្មោះ​ហ្នឹង​ វា​ត្រឹម​ត្រូវ​១០០%​ទេ​ ប៉ុន្តែ​យើង​មាន​ទំនុក​ចិត្ត​ជាង​បញ្ជី​ចាស់»។​

លោក​ស្រី​ ម៉េង​ សុភារី​ ឲ្យ​ដឹង​ទៀត​ថា​ មក​ទល់​ពេល​នេះ​ គណបក្ស​ជំទាស់​បាន​ដាក់​ពាក្យ​ប្ដឹង​ចំនួន​៨​ ទៅ​កាន់​គជប​ ដើម្បី​តវ៉ា​នូវ​ភាព​មិន​ប្រក្រតី​នានា​ដែល​គណបក្ស​នេះ​រក​ឃើញ។​

«ទី១​ រឿង​ចេញ​លិខិត​បញ្ជាក់​លំនៅ។ ទី២​ ភ្នាក់ងារ​យើង​កត់សម្គាល់​ឃើញ​ជន​អន្តោប្រវេសន៍ បាន​មក​ចុះឈ្មោះ​បោះឆ្នោត​ជាដើម។ ទី៣​ មាន​ការ​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចុះឈ្មោះបោះឆ្នោត​ដោយ​គាត់​ប្រមូល​រូប​ថត​ ដោយ​គាត់​ប្រាប់​ថា​គាត់​អាច​យក​រូប​ថត​ហ្នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។ គាត់[ពលរដ្ឋ]​ ​ទទូច​បាន​ព័ត៌មាន​ហ្នឹង ហើយ​អ្នក​ខ្លះ ​អាច​មិន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត»។​

​ទិន្នន័យ​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ក្នុង​ឆ្នាំ​២០១៦​ បង្ហាញ​ថា​ មាន​ពលរដ្ឋ​កម្ពុជា​ជាង​៩​លាន៦​នាក់​ដែល​គ្រប់​អាយុ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៤ ​ចំនួន​១៦៣៣​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។ ​រីឯ​អ្នក​បោះ​ឆ្នោត​លើក​ដំបូង មាន​ចំនួន​ជាង​១​លាន​នាក់។

​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គ.ជ.ប.​ ឲ្យ​ដឹង​ថា​ក្នុង​អំឡុង​ពេល​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល​២០ថ្ងៃនេះ​ គជប​ ទទួល​បាន​ពាក់​បណ្ដឹង​ចំនួន​ជាង​២០​ហើយ ​មក​ពី​គ្រប់​ភាគី​ ទាំង​គណបក្ស​កាន់​អំណាច​ គណបក្ស​ជំទាស់​ ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន​។

បណ្ដឹង​ទាំង​នោះ​រួមមាន​ ការ​រារាំង​ការ​ចុះឈ្មោះ​បោះឆ្នោត​ អ្នក​ចុះ​ឈ្មោះមិន​មាន​សញ្ជាតិ​ខ្មែរ​ អ្នក​មក​ចុះឈ្មោះមិន​គ្រប់​លក្ខខណ្ឌ​ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​ជាដើម។

«គជប​ បាន​បញ្ជូន​មនុស្ស​ទៅ​ស្រាវ​ជ្រាវ ហើយ​បណ្ដឹង​ខ្លះ​យើង​ដោះ​ស្រាយ​បាន​បណ្ដើរៗ​ហើយ។ យើង​ឃើញ​ថា​ បណ្ដឹង​ភាគ​ច្រើន​ មួយ​កើត​ចេញ​ពី​ការ​មិន​យល់នូវ​នីតិ​វិធី។ ទី២​ ពាក់​ព័ន្ធ​នឹង​ការ​បាត់​បង់​ភាព​អធ្យាស្រ័យ​រវាង​គ្នា​និង​គ្នា។ ទី៣​ គឺ​ពាក់​ព័ន្ធ​នឹង​គំនិត​នយោបាយ​ពេក»។

ប្រទេស​កម្ពុជា​ នឹង​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ខែ​មិថុនា​ឆ្នាំ​២០១៧​ខាង​មុខ​ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨។

ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​អ្នក​បោះឆ្នោត​ បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី១​ ខែ​កញ្ញា​នេះ​ហើយ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ខាង​មុខ៕

XS
SM
MD
LG