ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ គ្រាប់កាំភ្លើង​ឃាតករ​សម្លាប់កែម ឡី​ម្នាក់​ តែ​ធ្វើ​ឲ្យ​របួស​ខ្មែរ​រាប់​លាន​នាក់


រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)
រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

លោក ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ឯករាជ្យ ថ្លែង​ថា៖ «ផល​ប៉ះពាល់​នៃ​ការ​ស្លាប់​នេះ គឺ​លោក កែម ឡី​ ម្នាក់ បាន​បិទ​ភ្នែក​ បិទ​មាត់ ប៉ុន្តែ វា​បាន​ធ្វើ​​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ រាប់​លាន​នាក់ បាន​ងើបឡើង»។

អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា លើកឡើង​ថា ការ​ធ្វើឃាត​លើ​លោក​បណ្ឌិត កែម ឡី ពិត​ជា​បាន​ធ្វើ​ឲ្យ​មាន​ភាព​ភ័យខ្លាច​ខ្លះៗ​ និងប៉ះពាល់​ខ្លាំង​ដល់​សិទ្ធិ​បញ្ចេញ​មតិ ប៉ុន្តែ ទន្ទឹម​ពេល​គ្នា​នេះ ឃាតកម្ម​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ ភ្ញាក់​រលឹក​និង​មាន​ស្មារតី​ក្រោក​ឡើង​តស៊ូ ដើម្បី​សិទ្ធិ​សេរីភាព​របស់​ខ្លួន។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ ថ្លែង​បែបនេះ​នៅ​ក្នុង​កម្មវិធី​ «Hello VOA» កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​កក្កដា​នេះ៖

«ផល​ប៉ះពាល់​នៃ​ការ​ស្លាប់​នេះ គឺ​លោក កែម ឡី​ ម្នាក់ បាន​បិទ​ភ្នែក​ បិទ​មាត់ ប៉ុន្តែ វា​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ រាប់​លាន​នាក់ បាន​ងើបឡើង»។

លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ពេល​លោកកំពុង​អង្គុយ​ក្នុង​ហាង​លក់​ទំនិញ​មួយ​កន្លែង ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​ កន្លង​ទៅ​នេះ។

លោក ប៉ា ងួនទៀង មាន​ប្រសាសន៍​ថា «ចំពោះ​ខ្ញុំ ការ​បាញ់​ពីរ​គ្រាប់​នេះ ធ្វើ​ឲ្យ​លោក​ កែម ឡី ​ម្នាក់​ស្លាប់ ប៉ុន្តែ​របួស​ខ្មែរ​រាប់​លាន​នាក់»។

​លោក​ កែម ឡី ចាប់​ផ្ដើម​មាន​កេរ្តិ៍​ល្បីល្បាញ​ដោយ​ទទួល​បាន​ការ​ចូលចិត្ត​យ៉ាង​ច្រើន​ពី​មជ្ឈដ្ឋាន​ទូទៅ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​ លោក​បាន​ធ្វើ​ការ​ស្រាវជ្រាវ​និង​ហ៊ាន​វិភាគ​បញ្ហា​សង្គម​សំខាន់ៗ ដោយ​ពេល​ខ្លះ​ បាន​និយាយ​រិះគន់​ចំៗ​និង​ត្រង់ៗ ទៅ​លើ​ចំណុច​អវិជ្ជមានរបស់​រដ្ឋាភិបាល​ និង​គណបក្ស​នយោបាយ​នានា រួម​ទាំង​បុគ្គល​ ដែល​មាន​អំណាច​និង​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​ផង​ដែរ។

ក្រោយ​ពី​ការ​បាញ់​សម្លាប់​រូប​លោក​ភ្លាម ប្រជាពលរដ្ឋ​បាន​ទាមទារ​មិន​ឲ្យ​អាជ្ញាធរ​ដឹក​សាកសព​របស់​លោក​ចេញ​ពី​កន្លែង​កើតហេតុ​ភ្លាមៗ​ទេ ដោយ​ពួកគេ សុខចិត្ត​ដង្ហែ​សព​របស់​លោក ទៅ​តម្កល់​ទុក​ក្នុង​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​វិញ។

លោក ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ និងលោក សុខ ឥសាន្ត អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ជា​វាគ្មីន​ដើម្បី​ពិភាក្សា​អំពី «‍ផលប៉ះពាល់​នៃ​ការ​ស្លាប់​លោក កែម ឡី ទៅលើ​ការ​ពិភាក្សា​ជា​សាធារណៈ​អំពី​បញ្ហា​សង្គម​សំខាន់ៗ» ក្នុង​កម្មវិធី Hello VOA កាលពី​រាត្រីថ្ងៃច័ន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១៦។ (VOA Khmer)
លោក ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ និងលោក សុខ ឥសាន្ត អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ជា​វាគ្មីន​ដើម្បី​ពិភាក្សា​អំពី «‍ផលប៉ះពាល់​នៃ​ការ​ស្លាប់​លោក កែម ឡី ទៅលើ​ការ​ពិភាក្សា​ជា​សាធារណៈ​អំពី​បញ្ហា​សង្គម​សំខាន់ៗ» ក្នុង​កម្មវិធី Hello VOA កាលពី​រាត្រីថ្ងៃច័ន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១៦។ (VOA Khmer)

ចាប់តាំង​ពី​ថ្ងៃ​នោះ​មក មនុស្សម្នា​យ៉ាង​ច្រើន​កុះករ​ រួម​ទាំង​មន្ត្រី​អង្គទូត អង្គការ​ក្រៅ​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​ប្រឆាំង​ផង បាន​នាំ​គ្នា​មក​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក ជា​បន្តបន្ទាប់។

លោក​ ប៉ា ងួនទៀង ដែល​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មការ​រៀបចំ​បុណ្យ​សព​ លោក បណ្ឌិត កែម ឡី​ ថ្លែង​ថា ទោះបី​ជា​ការ​បាញ់​សម្លាប់​លោក កែម ឡី​ បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាច​ខ្លះ​ក៏​ដោយ ក៏​វីរភាព​របស់​លោក​បណ្ឌិត​រូប​នេះ បាន​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេសទៅ​ហើយ។

«គំរូ​របស់​គាត់​នេះ វា​ចាក់ទៅ​ក្នុង​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​គឺ​យុវជន​ជា​ច្រើន​ទៅ​ហើយ ដូច្នេះ ខ្ញុំ​ថា យុវជន​នឹង​ងើបឡើង ហើយ​នឹង​បន្ត​បេសកកម្ម​របស់​លោក​ កែម ឡី»។

លោក សុខ ឥសាន្ត អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ «Hello VOA» កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​កក្កដា​នេះ​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា ក៏​បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​ស្លាប់​លោក​បណ្ឌិត​ កែម ឡី​ ដែរ ហើយ​ថា​ អាជ្ញាធរ មាន​សមត្ថកិច្ច​ នឹង​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​ ដើម្បី​ស្វែងរក​ការពិត​នៃ​ការ​បាញ់​សម្លាប់​លោក កែម​ ឡី​ នេះ៕

XS
SM
MD
LG