ក្រោយការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីជិត៣ខែ លោក ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករប្រមាណ២០ម៉ឺននាក់ដែលសរុបមកមានចំនួន១០លើក ហើយលោកបានចាត់ទុកការជួបសំណេះសំណាលនេះ ជារបៀបវារៈនយោបាយអាទិភាពមួយរបស់លោក។ លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងជំនួបលើកទី១០រវាងលោក និងកម្មករកម្មាការិនី ក្នុងខណ្ឌកំពូល រាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ឃើញអ្នកខ្លះថា រដ្ឋាភិបាលថ្មីបង្កើតមកដេករហូតតាំងពី៣ខែនេះ ខ្ញុំថារឿងមើលដេកនេះវាមានពីរ រដ្ឋាភិបាលដេកមែន ឬមួយអ្នកនិយាយហ្នឹងដេកបានអត់ឃើញគេធ្វើ ខ្ញុំសង្ស័យអ្នកដែលថាគេគឺដេកហើយ។ ជួបកម្មករ កម្មាការិនីជិត២០ម៉ឺននាក់មិនមែនជួបក្នុងសុបិនទេ ជួបមែនទែនណា។ បងប្អូនមកជួបខ្ញុំថ្ងៃនេះងើបតាំងពីម៉ោង១ ខ្លះអត់គេងផងមានទេអ្នកគេង មានន័យថា ងើបតាំងពីម្សិល។ ជាការពិតមិនមែនក្នុងស្រមៃទេ អ៊ីចឹងអ្វីដែលយើងត្រូវធ្វើមិនឈប់ឈរទេ ហើយមិនមែនត្រឹម៩០ថ្ងៃនេះមិនឈប់ឈរទេ ៥ឆ្នាំនេះ គឺហ្នឹងមិនឈប់ឈរនិងបង្កើតសន្ទុះ»។
ទោះជាយ៉ាងណា អ្នកតាមដានមានមតិចម្រុះជុំវិញជំនួបសំណេះសំណាលរបស់នាយករដ្ឋមន្ត្រីជាមួយកម្មករ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាអង្គការស្រាវជ្រាវគោលនយោបាយមើលឃើញថា ការជួបកម្មករជារឿងល្អ ដែលលោកថា វាជាកិច្ចការងាររបស់អ្នកនយោបាយនៅក្នុងការចុះសួរសុខទុក្ខ ដើម្បីដឹងពីបញ្ហារបស់ប្រជាពលរដ្ឋ។ ប៉ុន្តែលោកយល់ថា ការជួបកម្មករគួរតែត្រូវបានធ្វើឡើងក្នុងទម្រង់ជាការសន្ទនារវាងនាយករដ្ឋមន្ត្រី និងកម្មករ ដើម្បីឱ្យពួកគេមានឱកាសលើកឡើងអំពីបញ្ហាប្រឈម។
លោកថ្លែងថា៖ «អ៊ីចឹងជាបទពិសោធន៍មក តាមខ្ញុំសង្កេតមក ការជួបទាំងឡាយជារឿងល្អ ប៉ុន្តែនៅតែជា One way ផ្លូវតែមួយ បានន័យថា អ្នកនយោបាយទៅដល់ចង្អុល ទៅដល់និយាយ ទៅដល់ប្រាប់ ទៅដល់បង្រៀន។ ខ្ញុំមើលទៅប្រជាពលរដ្ឋខ្មែរយើងអត់ត្រូវការគេបង្រៀន ឬមួយទូន្មានច្រើនទាំងស្រុងនោះទេគឺត្រូវការអ្នកនយោបាយយកចិត្តទុកដាក់ និងស្តាប់ពួកគាត់ផង។ ហើយការដែលជួបជាមួយសហជីព ដែលជាអ្នកតំណាងកម្មករ ដែលឯករាជ្យជារឿងមួយដែលល្អបំផុត»។
អ្នកវិភាគរូបនោះចោទជាសំណួរថា តើគណបក្សផ្សេងទៀតមានឱកាសដូចគ្នា ដើម្បីជួបកម្មករ ឬយ៉ាងណា។
លោកបញ្ជាក់ថា៖ «អ្វីដែលជាបញ្ហានោះ គឺដូចខ្ញុំនិយាយអ៊ីចឹងដូចការជួបដើម្បីទាក់ទាញផលប្រយោជន៍ ដើម្បីទាក់ទាញការគាំទ្រ ទាក់ទាញប្រជាប្រិយភាពគឺជារឿងល្អបំផុតសម្រាប់អ្នកនយោបាយ។ អ្វីដែលយើងចង់បានគឺផ្តល់ឱកាសឱ្យគណបក្សនយោបាយ ឬមួយអ្នកនយោបាយដទៃ គាត់មានឱកាសដូចគ្នា។ គាត់អាចធ្វើបានដោយសេរីដូចគ្នា អាហ្នឹង គឺជារឿងមួយល្អក្នុងរបបប្រជាធិបតេយ្យ»។
អ្នកតាមដានមើលឃើញថា ការជួបកម្មកររបស់លោក ហ៊ុន ម៉ាណែត គឺដូចនឹងអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែលបានជួបសំណេះសំណាលជាមួយកម្មករជាបន្តបន្ទាប់ ពោលគឺក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដែលកាលនោះគណបក្សជំទាស់ គឺអតីតគណបក្សសង្រ្គោះជាតិបានកើនសំឡេងគាំទ្រពីប្រជាពលរដ្ឋ។ ការជួបនេះត្រូវបានអ្នកតាមដានមើលឃើញថាដើម្បីទាក់ទាញការគាំទ្រពីក្រុមកម្មករ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ថ្លែងថា ការជួបជាមួយកម្មករ ជារបៀបវារៈនយោបាយមួយរបស់លោក ហ៊ុន ម៉ាណែត ខណៈថាសារនយោបាយសំខាន់របស់លោកគឺផ្តោតទៅលើសុខមាលភាពនិងកិច្ចគាំពារសង្គមសម្រាប់កម្មករ។ ប៉ុន្តែលោកថា កម្មករទាំងនោះមិនយល់ច្បាស់ពីសារនយោបាយរបស់នាយករដ្ឋមន្ត្រីឡើយ។
បើតាមលោក ឃុន ថារ៉ូ ថ្វីត្បិតតែមានការជួបជាមួយកម្មករ ប៉ុន្តែមិនមានដំណោះស្រាយអ្វីឡើយសម្រាប់ពួកគេជាពិសេសពាក់ព័ន្ធនឹងបញ្ហាបំណុល ទំនិញឡើងថ្លៃ ការរំលោភសិទ្ធិការងារ ព្រមទាំងប្រាក់ខែមិនសមរម្យ។
លោកបញ្ជាក់ថា៖ «បញ្ហាប្រឈមនោះគឺថាទាក់ទងទៅនឹងបញ្ហាបំណុលវ័ណ្ឌកររបស់កម្មករ និយោជិត បញ្ហាប្រាក់ឈ្នួលមិនទាន់ជាប្រាក់ឈ្នួលសមរម្យនៅឡើយ ហើយតម្លៃទំនិញឱនភាព ទំនិញនៅលើទីផ្សារយើងមានការខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសជិតខាងដូចជាប្រទេសវៀតណាមនិងថៃជាដើម។ អ៊ីចឹងបញ្ហាទាំងអស់នោះគឺជាវិបត្តិមួយដែលធ្វើឱ្យជះឥទ្ធិពលធ្ងន់ធ្ងរទៅដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត»។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា យល់ថា ការដែលមានជំនួបរវាងថ្នាក់ដឹកនាំ និងកម្មករនិយោជិតជារឿងដែលល្អ ដើម្បីសួរនាំសុខទុក្ខរបស់បងប្អួនកម្មករកម្មាការិនីទំាងអស់នោះ ប៉ុន្តែលោកលើកឡើងថា លោកមិនទាន់ឃើញមានការដោះស្រាយណាមួយជូនកម្មករជុំវិញករណីនៃការដែលមានប្រាក់ឈ្នួលសមរម្យមួយ និងបញ្ហាសិទ្ធិសេរីភាពរបស់ពួកគេនោះទេ។ លោកក៏ជំរុញឱ្យរដ្ឋាភិបាលមានការយកចិត្តទុកដាក់បន្ថែមដល់កម្មករ កម្មាការិនី ជាពិសេសបញ្ហាកិច្ចសន្យាការងាររយៈពេលខ្លី ដែលជាបញ្ហាប្រឈមមួយសម្រាប់ពួកគេ។
លោកថ្លែងថា៖ «មួយវិញទៀតខ្ញុំក៏មិនបានឃើញការផ្តល់ឱកាសទៅដល់កម្មករនិយោជិតនៅក្នុងជំនួប ដើម្បីឱ្យពួកគាត់លើកឡើងអំពីបញ្ហារបស់បងប្អូនដោយផ្ទាល់។ មួយវិញទៀត ខ្ញុំក៏គិតថា ឱកាសហ្នឹងក៏បងប្អូនកម្មករអាចនឹងមិនហ៊ានលើកដែលទាក់ទងទៅនឹងបញ្ហាប្រាក់ឈ្នូលពួកគាត់ដែលយើងមើលឃើញថា នៅមានកម្រិតនៅឡើយទេ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិសេរីភាពពួកគាត់។ ទី៣ ដូចខ្ញុំបាននិយាយអម្បាញ់មិញពាក់ព័ន្ធនឹងកិច្ចសន្យាការងារខ្លីដែលកំពុងសាយភាយនៅគ្រប់រោងចក្រនៅស្រុកខ្មែរ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងថា ក្រោយជំនួបចំនួន១០លើករវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងកម្មករកម្មការិនីជាង២០ម៉ឺននេះ រដ្ឋាភិបាលបានសម្រេចលទ្ធផលជាច្រើន ដែលក្នុងនោះរួមមានការដំឡើងប្រាក់ឈ្នួលដល់ចំនួន២០៤ដុល្លារដល់កម្មកររោងចក្រ ការត្រៀមដាក់ដំណើររបបសន្តិសុខសង្គម (ប.ស.ស) តាមរបបភាគទានដោយស្ម័គ្រចិត្តផ្នែកថែទាំសុខភាព ការផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់កម្មករនិយោជិត ក៏ដូចជាការយកចិត្តដាក់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះទាំងមុន និងក្រោយពេលសម្រាលកូនជាដើម។
អ្នកនាំពាក្យរូបនេះថ្លែងថា៖ «រាជរដ្ឋាភិបាលសម្តេចធិបតីជួយសម្រួលកម្មករនិយោជិតអាចចូលរួមទទួលបាននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅក្នុងក្រមខណ្ឌបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងរងហានិភ័យ ១លាន៥សែនដែលរាជរដ្ឋភិបាលក្នុងហ្នឹងក៏មានកម្មករកម្មាការិនីដែរ លោកអនុញ្ញាតឱ្យ»។
នៅពេលជួបកម្មករម្តងៗ កម្មករម្នាក់ៗទទួលបានថវិកាចំនួន២ម៉ឺនរៀល។
នៅពេលសាកសួរថា តើថវិកាដែលផ្តល់ឱ្យកម្មករជាថវិការដ្ឋ ឬមានប្រភពមកពីណា លោក ប៉ែន បូណា ស្នើឱ្យសួរអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី គឺលោក មាស សុភ័ណ្ឌ ដែលវីអូអេមិនទាន់អាចទាក់ទងបាននៅឡើយទេ។
គួរបញ្ជាក់ថា កម្មករក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងស្បែកជើងមានជាង៨០ម៉ឺននាក់ ដែលភាគច្រើនគឺជាស្រ្តី៕