ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថា ខ្លួន​ពិចារណា​ស្វាគមន៍​ទទួល​ពលរដ្ឋ​ហុងកុង


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​សង្ខេប​មួយ​នៅ​ក្រសួង​ការបរទេស កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​សង្ខេប​មួយ​នៅ​ក្រសួង​ការបរទេស កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​លើ​ការ​ស្វាគមន៍​ពលរដ្ឋ​មក​ពី​ទីក្រុង​ហុងកុង ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ជំរុញ​របស់​ចិន​នៅ​ក្នុង​ការ​ដាក់​កំហិត​សំណើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​លើ​ទីក្រុង​នេះ។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដែរ មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក Mitch McConnell ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​សង្ឃឹម​ថា រដ្ឋបាល​របស់​លោក Trump នឹង​កំណត់​អំពី​វិធី​ជាក់លាក់​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទាក់ទិន​នឹង​ការ​រារាំង​សេរីភាព​នៅ​ក្នុង​ទីក្រុង​ហុងកុង។

លោក McConnell បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​គួរ​មើល​លើ​ការ​ឆ្លើយតប​របស់​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត និង​បើក​ទ្វារ​ទទួល​ពលរដ្ឋ​មក​ពី​ទីក្រុង​ហុងកុង។

លោក McConnell បាន​ថ្លែង​ប្រាប់​ព្រឹទ្ធសភា​ថា សហរដ្ឋ​អាមេរិក​មាន «កេរ្តិ៍​ដំណែល​ដ៏​អស្ចារ្យ​ក្នុង​ការ​ដើរ​តួ​ជា​ភ្លើង​បំភ្លឺ​ផ្លូវ» សម្រាប់​ជន​ភៀស​ខ្លួន​ពី​សង្គ្រាម និង​ពី​របប​កុម្មុយនិស្ត។ លោក​បាន​បន្ថែម​ថា៖ «យើង​គួរតែ​ដើរ​តួ​នេះ​ម្ដង​ទៀត​សម្រាប់​ពលរដ្ឋ​មក​ពី​ទីក្រុង​ហុងកុង»។

លោក​ប្រធានាធិបតី Donald Trump កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន បាន​បញ្ជា​ឲ្យ​រដ្ឋបាល​របស់​លោក​ចាប់ផ្ដើម​ដំណើរការ​លុបចោល​នូវ​ឋានៈ​អនុគ្រោះ​ពិសេស​សម្រាប់​ទីក្រុង​ហុងកុង ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​ចិន​ដែល​រារាំង​សិទ្ធិ​សេរីភាព​នៅ​ទី​នោះ។ ប៉ុន្តែ លោក Trump មិន​បាន​ឈាន​ទៅ​ដល់​ការ​បញ្ចប់​ភ្លាមៗ​នូវ​សិទ្ធិ​អាទិភាព​ដែល​បាន​ជួយ​ទីក្រុង​ហុងកុង​ឲ្យ​នៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សាកលលោក​នោះ​ទេ៕

XS
SM
MD
LG