រដ្ឋសភាហុងកុងបានចាប់ផ្ដើមការជជែកដេញដោលចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះលើសំណើច្បាប់ដ៏ប្រទាំងប្រទើសមួយដែលចាត់ទុកការមិនគោរពភ្លេងជាតិចិនថាជាបទឧក្រិដ្ឋ។
នីតិវិធីនៅថ្ងៃព្រហស្បតិ៍នេះត្រូវបានបង្អាក់ នៅពេលដែលសមាជិករដ្ឋសភាដែលមានទំនោរទៅរកប្រជាធិបតេយ្យ ២ រូប បានប្រញាប់ប្រញាល់ទៅខាងមុខអង្គប្រជុំ និងលើកស្លាកដែលសរសេរអក្សរថា «របបដ៏គ្រោះថ្នាក់មួយជះក្លិនស្អុយរាប់ម៉ឺនឆ្នាំ» មុនពេលទម្លាក់ក្រឡមួយដែលមានទឹកស្អុយទៅលើដី។ សមាជិកសភានានាត្រូវបានគេឲ្យចាកចេញពីអង្គប្រជុំនោះ។
សំណើច្បាប់នេះមានបំណងដាក់ទោសអ្នកដែលមើលងាយភ្លេងជាតិចិនដោយចេតនាឲ្យជាប់ពន្ធនាគាររហូតដល់ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ចំនួនជាង ៦ ពាន់ដុល្លារអាមេរិក។
សំណើច្បាប់នេះត្រូវបានស្នើឡើងកាលពីឆ្នាំមុន ដើម្បីជាការឆ្លើយតបទៅនឹងទង្វើរបស់អ្នកចូលរួមមើលការប្រកួតបាល់ទាត់មួយចំនួន ដែលតែងតែស្រែកឌឺដងឲ្យភ្លេងជាតិចិន។
ទីក្រុងហុងកុងហ៊ុមព័ទ្ធដោយការតវ៉ាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ ដែលជារឿយៗមានលក្ខណៈហិង្សា នៅក្នុង ៦ ខែចុងក្រោយនៃឆ្នាំ ២០១៩។ ការតវ៉ានេះបានផ្ទុះឡើងដំបូងដោយសារសំណើច្បាប់បត្យាប័ន ដែលចុងក្រោយបានវិវវត្តទៅជាការទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យប្រសើរជាងមុន។
ពលរដ្ឋហុងកុងជាច្រើនខ្លាចថា ស្វ័យភាពរបស់ទីក្រុងហុងកុងត្រូវបានសេករិចរឹលដោយសារការជ្រៀតជ្រែករបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង៕