ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​ស្នើឱ្យ​រដ្ឋាភិបាល​ប្រមូល​លុយ​ឲ្យ​ជន​រងគ្រោះ​ក្នុង​សំណុំ​រឿង​ឆបោក


កាលពីថ្ងៃទី ១១ ខែវិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ លោក លី សាម៉េត លោក ដួង តារា លោក អ៊ុត ធី និងលោក មួង ឃីម ពីបទជំនួញឥទ្ធិពលអកម្ម និងជំនួញឥទ្ធិពលសកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ (Facebook)
កាលពីថ្ងៃទី ១១ ខែវិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ លោក លី សាម៉េត លោក ដួង តារា លោក អ៊ុត ធី និងលោក មួង ឃីម ពីបទជំនួញឥទ្ធិពលអកម្ម និងជំនួញឥទ្ធិពលសកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ (Facebook)

បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​បុគ្គល​មួយ​ចំនួន​ ​ដែល​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​លោក​ លី សាម៉េត​ ពី​បទ​ជំនួញ​ឥទ្ធិពល​អកម្ម​ និង​ជំនួញ​ឥទ្ធិពល​សកម្ម​នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ ជា​បន្ត​បន្ទាប់​នោះ​ អ្នក​តាម​ដាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​និង​ភាគី​ពាក់ព័ន្ធ​ចាត់​វិធានការ​តឹងរ៉ឹង​លើ​ជន​ជាប់​ចោទ​ទាំង​នោះ​ និង​ចាត់​វិធាន​ការ​ប្រមូល​លុយ​ ឬ​ផ្តល់​សំណង​ខូច​ខាត​ទៅ​ជន​រងគ្រោះ​វិញ។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​លោក ​ប៉ិច ពិសី ​ យល់​ឃើញ​ថា​ ​ការ​ចាប់​ផ្តើម​ចាត់​វិធានការ​អនុវត្ត​ច្បាប់​ចំពោះ​មន្រ្តី​ដែល​នៅ​កៀក​នឹង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ អាច​ជា​តម្រុយ​នាំ​ទៅ​រក​មន្រ្តី​ធំៗ​ផ្សេង​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ឆបោក​ និង​អំពើ​ពុក​រលួយ។​

លោក​បន្ថែម​ថា ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់​នោះ​ឱ្យ​មាន​តម្លាភាព​ រដ្ឋាភិបាល​ត្រូវ​ធ្វើ​យ៉ាង​ណា​ប្រគល់​ថវិកា​ទៅ​ជន​រងគ្រោះ​វិញ​ និង​ដាក់​ទោស​ទណ្ឌ​តឹងរ៉ឹង​លើ​អ្នក​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន។​

លោក​ថ្លែង​ថា៖​ «រដ្ឋាភិបាល​គួរ​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ត្រួត​ពិនិត្យ​ទៅ​លើ​ថា ​តើ​មាន​ជន​រង​គ្រោះ​ប៉ុន្មាន​នាក់​ ទំហំ​ប៉ុណ្ណោះ​ហើយ​អាច​មាន​ការ​ជាប់​ពាក់ព័ន្ធ​ប្រទាក់​ក្រឡា​គ្នា​ និង​រឿង​អី​ផ្សេង​ទៀត​ដែរ​ទេ ​ហើយ​ពិនិត្យ​មើល​លើ​ទ្រព្យ​សម្បត្តិ​នៃ​ជន​សង្ស័យ​ដែល​ពាក់ព័ន្ធ​ ដើម្បី​ធ្វើ​ម៉េច​ដើម្បី​បង្កក​ទ្រព្យ​ហ្នឹង។ ​ហើយ​រក​វិធី​សាស្រ្ត​ក្នុង​ការ​ប្រគល់​ឬ​ក៏​ការ​សង​សាច់​ប្រាក់​ដែល​បាត់បង់​តាម​រយៈ​ការ​ឆបោក​ហ្នឹង​ទៅ​ជន​រងគ្រោះ​វិញ»។​

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក ​សន ជ័យ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​ សំណុំ​រឿង​របស់ ​លោក​ លី សាម៉េត ​និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​មាន​រូបភាព​ធំៗ​ពីរ​ គឺ​ទី ១​ ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​ដើម្បី​ជា​ថ្នូរ​បាន​តំណែង​បុណ្យ​ស័ក្តិ​ និង​ទី ២​ ជា​បទ​ល្មើស​រំលោភ​អំណាច។ ​លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ​ក្នុង​ករណី​នេះ​រដ្ឋាភិបាល​ក៏​ត្រូវ​ការ​ពារ​សុវត្ថិភាព​របស់​ជន​រង​គ្រោះ ​និង​សាក្សី​ផង​ដែរ​ ដើម្បី​ឱ្យ​នីតិវិធី​នៃ​រឿង​ក្តី​នេះ​ដំណើរ​ការ​ទៅ​មុខ​ដោយ​គ្មាន​ឧបសគ្គ។​

លោក​ថ្លែង​ថា៖​ «ត្រូវ​បង្កើត​ឱ្យ​មាន​ការ​ការពារ​សាក្សី។​ យើង​ដឹង​ហើយ​ថា​ អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ខ្លះ​ គឺ​ជា​ក្រុម​មនុស្ស​ដែល​មាន​អំណាច។ ​អ៊ីចឹង​ការ​ការពារ​សាក្សី​ ការ​លើក​ទឹក​ចិត្ត​សាក្សី​ដើម្បី​ឱ្យ​ពួក​គេ​មាន​សុវត្ថិភាព។​ បើ​មើល​ជា​រួម​ទៅ​អ្នក​ស៊ី​ អ្នក​សូក​គឺ​សុទ្ធ​តែ​មាន​បញ្ហា​ទាំង​អស់ ​[...]​ ខ្ញុំ​គិត​ថា​ ការ​ពារ​ជន​រង​គ្រោះ​គឺ​ជា​រឿង​មួយ​ដែល​សំខាន់។ ​ទីពីរ​គឺ​ការ​អនុវត្ត​វិធានការ​ច្បាប់​ដើម្បី​រឹបអូស​ និង​ឡៃឡុង​ទ្រព្យ​សម្បត្តិ​របស់​ជន​បង្ក​ដើម្បី​យក​មក​សង​ជន​រង​គ្រោះ​វិញ»។​

មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា​ ដើម្បី​ធានា​បាន​ថា​ នៅ​ថ្ងៃ​ខាង​មុខ​នឹង​មិន​មាន​ករណី​ឆបោក​ឬ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​ធំៗ​ រដ្ឋាភិបាល​គួរតែ​លើក​ទឹកចិត្ត​ឱ្យ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ការ​ឆបោក​ឬ​អំពើ​ពុក​រលួយ​នោះ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​រាយ​ការណ៍​ ហើយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ត្រូវ​មាន​ភារកិច្ច​កាន់​កាប់​រឿង​ក្តី​ទាំង​អស់​នោះ​ដោយ​ឈរ​លើ​គោល​ការណ៍​ឯករាជ្យ។​

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព​លោក ​យង់ គិមអេង ​ប្រាប់​វីអូអេ​ថា ​ការ​ទប់ស្កាត់​នេះគឺ​ជា​ករណី​សំខាន់​និង​ជា​គំរូ​ល្អ​ក្នុង​សំណុំ​រឿង​បោក​ប្រាស់​ពលរដ្ឋ​ និង​ថា​ អាជ្ញាធរ​គួរ​តែ​បន្ត​ស្វែង​រក​អ្នក​ពាក់​ព័ន្ធ​ ​ទាំង​អ្នក​ធ្វើ​ការងារ​រាជការ​ និង​អ្នក​ស្ថិត​នៅ​ក្រៅ​ក្របខណ្ឌ​រដ្ឋ។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​ថា​ ជា​ការ​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​ ទាំង​មន្រ្តី​ទាំង​អ្នក​មិនមែន​មន្រ្តី​ហ្នឹង​ គឺ​មាន​សារៈ​សំខាន់​ ដើម្បី​នាំ​យក​ពួក​គាត់​មក​ប្រឈម​មុខ​នៅ​ចំពោះ​មុខ​តុលាការ។ ​ចំពោះ​បញ្ហា​នេះ​ ខ្ញុំ​យល់​ថា​ អ្វី​ដែល​ជា​យន្តការ​បន្ត​ ហើយ​មាន​សារៈ​សំខាន់​ហ្នឹង​ គួរ​តែ​ធ្វើ​យ៉ាង​ណា​គឺ​ប្រឹង​ប្រែង​ក្នុង​ការ​សង​បំណុល​ទៅ​ដល់​ជន​រង​គ្រោះ​ ដំណោះ​ស្រាយ​ទាំង​ទោស​ពន្ធនាគារ​ជា​ការ​បង្ការ​បទ​ល្មើស​កុំ​ឱ្យ​កើត​មាន​តទៅ​ទៀត​ និង​សំណង​រដ្ឋប្បវេណី​សម្រាប់​ទៅ​ដល់​ជនរង​គ្រោះ។​ ខ្ញុំ​ថា​ រឿង​ហ្នឹង​សំខាន់​ បើ​សិន​ជា​មិន​ធ្វើ​ដូច្នោះ​ទេ​គឺ​ប្រជា​ពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​ហ្នឹង​នៅ​តែ​ទាមទារ​ នៅ​តែ​ស្រែក​រក​យុត្តិ​ធម៌​ ហើយ​នឹង​ធ្វើ​ឱ្យ​អយុត្តធម៌​សង្គម​នៅ​តែ​កើត​មាន»។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ​ប៉ែន បូណា​ មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ ដោយ​ស្នើ​ឱ្យ​អ្នក​យក​ព័ត៌មាន​ទាក់ទង​ទៅ​តុលាការ ​និង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ប្លង់ សុផល ​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក ​អ៊ី រិន្ទ ​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​

លោក ​សយ ចាន់​វិចិត្រ ​អ្នក​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU) ​ប្រាប់​វីអូអេ​ថា ​អង្គភាព​កំពុង​បន្ត​អនុវត្ត​លើ​កិច្ច​ការងារ​របស់​ខ្លួន​ដោយ​ហ្មត់ចត់​លើ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​មួយ​នឹង​ស្មារតី​ទទួល​ខុសត្រូវ​បំផុត។​

លោក​ប្រាប់​វីអូអេ​ជា​សារ​អក្សរ​តាម​តេឡេក្រាម​នៅថ្ងៃ​អង្គារ​ថា៖ ​«អង្គភាព​នឹង​បន្ត​ស្មារតី​ទទួល​ខុស​ត្រូវ​នេះ​បន្ត​ទៀត​ ដើម្បី​ចូលរួម​ក្នុង​ការ​កសាង​សង្គម​កម្ពុជា​របស់​យើង​ឱ្យ​ពោរ​ពេញ ​ដោយ​ភាព​ស្អាត​ស្អំ ​យុត្តិធម៌ ​និង​តម្លាភាព»។​

គួរ​បញ្ជាក់​ថា​ តំណាង​អយ្យការ​អមសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី ១១ ​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២៤ ​នេះ​ បាន​សម្រេច​ចោទ​ប្រកាន់​បុគ្គល​បួនរូប ​រួមមាន ​លោក​ លី សាម៉េត ​លោក ​ដួង តារា​ លោក​ មួង ឃីម ​និង​ឧកញ៉ា​ អ៊ុត ធី​ ពាក់ព័ន្ធ​នឹង​ករណី​ជំនួញ​ឥទ្ធិពល​សកម្ម ​និង​អកម្ម​នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG