ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​ស្ថានការណ៍​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បន្តឹង​ការ​ក្ដោបក្ដាប់​អំណាច​នៅ​ឆ្នាំ ២០១៩


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នក​តាមដាន​ស្ថានការណ៍​មួយ​ចំនួន​បាន​និយាយ​ថា នៅ​ក្នុង​ឆ្នាំ ២០១៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ពង្រឹង​អំណាច​របស់​លោក ដោយ​បាន​គំរាមកំហែង​លើ​គណបក្ស​ប្រឆាំង និង​បាន​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​មាន​ភាព​ប្រសើរ​បន្តិច​បន្តួច បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​គំរាម​ដក​ឋានៈ​អនុគ្រោះ​ពន្ធ «អ្វីៗ​ទាំង​អស់​លើក​លែង​សព្វាវុធ» ដែល​ហៅ​ថា EBA ពី​កម្ពុជា។ ឋានៈ​អនុគ្រោះ​ពន្ធ EBA នេះ ផ្ដល់​លទ្ធភាព​ឲ្យ​កម្ពុជា​នាំ​ចេញ​ទំនិញ​គ្រប់​ប្រភេទ​ទាំង​អស់​លើក​លែង​សព្វាវុធ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដោយ​មិន​ជាប់​ពន្ធ។

លោក Phil Robertson នាយក​រង​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​កិច្ចការ​ទ្វីប​អាស៊ី បាន​បញ្ជាក់​ក្នុង​សម្ដី​ដើម​ថា៖ «ឥឡូវ​នេះ យើង​ឃើញ​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា​ដ៏​ពិត​ប្រាកដ​ហើយ ដែល​នោះ​គឺ​ជា​ប្រទេស និង​រដ្ឋាភិបាល​ដែល​រំលោភ​សិទ្ធិ​មនុស្ស ពុក​រលួយ និង​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ។ ស្ថានការណ៍​មិន​មាន​ភាព​ប្រសើរ​ឡើង​ទាល់តែ​សោះ ទោះ​ក្នុង​ទម្រង់​ណា​ក៏​ដោយ​នៅ​ក្នុង​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ»។

លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​គណបក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន​នៅ​បរទេស ដំបូង​បាន​ប្រកាស​កាល​ពី​ដើម​ឆ្នាំ ២០១៩ ថា លោក​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​បន្ទាប់​មក​កាល​ពី​ខែ​សីហា​បាន​អះអាង​ថា​លោក​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ចំ​ទិវា​ឯករាជ្យ​របស់​ប្រទេស​កម្ពុជា។

បន្ទាប់ពី​មាន​ការ​ប្រកាស​ដូច្នេះ​មក រដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លើយតប​ដោយ​ការ​បង្ក្រាប​ភ្លាមៗ​លើ​សកម្មជន​គណបក្ស​ប្រឆាំង ដោយ​ចាប់​ខ្លួន​ពួកគេ​ជា​ច្រើន​នាក់​ក្រោម​បទ​ចោទ​ប្រកាន់​ថា «មាន​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល»។

លោក Robertson បាន​និយាយ​ថា នេះ​គឺ​ជា​សូចនាករ​សំខាន់​មួយ​ដែល​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​បាន​ពង្រឹង​អំណាច​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ ២០១៩។

លោក Robertson ថ្លែង​ដូច្នេះ​ថា៖ «ការ​ផ្លាស់ប្ដូរ​ធំ​បំផុត​គឺ​ការ​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​ជាង​មុន និង​ការ​ឃុំ​ខ្លួន​អ្នក​ទោស​នយោបាយ​មុន​ពេល​កាត់ទោស និង​បន្ទាប់​មក​បញ្ជូន​ពួកគេ​ទៅ​ឃុំ​ឃាំង​រយៈពេល​វែង​នៅ​ពន្ធនាគារ ដោយសារតែ​ការ​អនុវត្ត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ពួកគេ។ ប្រទេស​កម្ពុជា​ឈាន​ដល់​កម្រិត​មួយ​ដែល​មាន​អ្នក​ទោស​នយោបាយ​ជិត ១ រយ​នាក់ នៅ​ក្នុង​ឆ្នាំ ២០១៩ ដែល​មួយ​ផ្នែក​បណ្ដាល​មក​ពី​រដ្ឋាភិបាល​បាន​ព្យាយាម​គាប​សង្កត់​លើ​សកម្មភាព​គាំទ្រ​ណា​មួយ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ»។

VOA មិន​អាច​ទាក់ទង​លោក ផៃ ស៊ីផាន ដែល​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

រដ្ឋាភិបាល​កម្ពុជា​បាន​ពង្រាយ​ទាហាន​រាប់​ពាន់​នាក់​កាល​ពី​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ដើម្បី​រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ធ្វើ​មាតុភូមិ​និវត្តន៍។ រដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​ថា​បាន​ហាម​ឃាត់​ក្រុមហ៊ុន​អាកាសចរណ៍​មិន​ឲ្យ​ដឹក​សមាជិក​គណបក្ស​ប្រឆាំង​ចូល​មក​ប្រទេស​កម្ពុជា ទោះបីជា​ក្រោយ​មក​បាន​ប្រកែក​ថា​មិន​បាន​ប្រកាស​ដូច្នេះ​ក៏​ដោយ។ អ្នកស្រី មូរ សុខហួ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​ឃាត់​ខ្លួន​រយៈពេល​ខ្លី​នៅ​ប្រលាន​យន្តហោះ​កូឡាឡាំពួរ។

លិខិត​ឆ្លង​ដែន​របស់​សមាជិក​គណបក្ស​ប្រឆាំង​រាប់​សិប​នាក់ ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស ត្រូវ​បាន​លុប​ចោល។

លោក Robertson បាន​និយាយ​ថា ការ​ចាប់​ខ្លួន​នេះ​ហាក់​ដូចជា​ការ​បន្ត​នូវ​ទំនោរ​ពី​ឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៨ ដូច្នេះ​ដែរ។

កាល​ពី​ឆ្នាំ ២០១៧ និង ២០១៨ មាន​ព្រឹត្តិការណ៍​មួយ​ចំនួន​កើត​ឡើង​ដូចជា​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​ប្រឆាំង​នា​ពេល​បច្ចុប្បន្ន ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ហាម​ឃាត់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨ នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ ការ​បិទ​ប្រតិបត្តិការ​របស់​កាសែត The Cambodia Daily ការ​លក់​កាសែត The Phnom Penh Post ដល់​វិនិយោគិន​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល និង​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ជា​ដើម។

នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​រដ្ឋសភា​កាល​ពី​ឆ្នាំ ២០១៨ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​បាន​ឈ្នះ​អាសនៈ​ទាំង ១២៥។

អ្នកស្រី មូរ សុខហួ បាន​និយាយ​ថា គណបក្ស​របស់​អ្នកស្រី​ត្រូវ​ដក​បទ​ពិសោធន៍​ពី​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា សម្រាប់​ការ​ត្រៀម​ធ្វើ​មាតុភូមិនិវត្តន៍​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ។

អ្នកស្រី មូរ សុខហួ បាន​បញ្ជាក់​ប្រាប់ VOA នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា៖ «ព្រឹត្តិការណ៍​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ ២០១៩ គឺ​ជា​ព្រឹត្តិការណ៍​ដែល​យើង​អាច​មើល​ថា​វា​មិន​មែន​ប្រាកដ​ជា​ថ្ងៃ​អវិជ្ជមាន​នោះ​ទេ ប៉ុន្តែ​សម្រាប់​រយៈពេល​វែង តើ​វា​អាច​ទ្រទ្រង់​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ឬ​ទេ?... យើង​ត្រូវតែ​ស្មោះត្រង់​ជាមួយ​នឹង​ខ្លួន​យើង​អំពី​ថា​តើ​យើង​អាច​ដក​បទ​ពិសោធន៍​អ្វី​បាន​ខ្លះ​ពី​ព្រឹត្តិការណ៍​ថ្ងៃ ៩ វិច្ឆិកា​នេះ។ យើង​ដឹង​ថា វប្បធម៌​នៃ​ការ​រង់ចាំ​តែ​មេដឹកនាំ​នោះ​គឺ​មិន​ទទួល​បាន​លទ្ធផល​ប្រសើរ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​ទាំង​ស្រុង​នោះ​ទេ ប្រសិនបើ​យើង​ចង់​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​មាន​និរន្តរភាព»។

អ្នក​វិភាគ​នយោបាយ​លោក Markus Karbaum បាន​និយាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​បាត់បង់​ឥទ្ធិពល​របស់​ខ្លួន នៅ​ពេល​ដែល​គណបក្ស​នេះ​ត្រូវ​បាន​តុលាការ​រំលាយ​កាល​ពី​ឆ្នាំ ២០១៧។

លោក Karbaum បញ្ជាក់​ដូច្នេះ​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ​បាន​ក្លាយ​ទៅ​ជា​គណបក្ស​ពាក់​កណ្ដាល​ស្លាប់ ពាក់​កណ្ដាល​រស់។ ទោះបីជា​លោក សម រង្ស៊ី នឹង​បន្ត​ដឹកនាំ​គណបក្ស​នេះ​នៅ​បរទេស​ដើម្បី​ជា​ការ​រំខាន​ចិត្ត​ដល់​រដ្ឋាភិបាល​ក៏​ដោយ ក៏​លោក​នឹង​មិន​អាច​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​នាម​ជា​មនុស្ស​ដែល​មាន​សេរីភាព​នោះ​ទេ ដរាប​ណា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ធ្វើ​នយោបាយ»។

លោក Karbaum បាន​បន្ថែម​ថា លោក កឹម សុខា អាច​នឹង​មាន​ឥទ្ធិពល ប្រសិនបើ​លោក​ឈាន​ដល់​ការ​ព្រមព្រៀង​ជាមួយ​នឹង​រដ្ឋាភិបាល។

លោក Karbaum បាន​លើក​ឡើង​ដូច្នេះ​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​អាច​ត្រឡប់​មក​ដូច​ដើម ដូច​កាល​ពី​មុន​ពេល​ដែល​តុលាការ​បាន​រំលាយ​គណបក្ស​នេះ​បាន​ទេ»។

លោក Astrid Noren Nilsson សាស្ត្រាចារ្យ​មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​អាស៊ី​ខាង​កើត និង​អាស៊ី​អាគ្នេយ៍​នៃ​សាកល​វិទ្យាល័យ Lund ក្នុង​ប្រទេស​ស៊ុយអែត បាន​គាំទ្រ​ការ​វាយ​តម្លៃ​នេះ។

លោក​បញ្ជាក់​ក្នុង​សម្ដី​ដើម​ដូច្នេះ​ថា៖ «អ្វីៗ​មើល​ទៅ​ហាក់​ដូចជា​ឆ្ពោះ​ទៅ​រក​ស្ថានការណ៍​មួយ​ដែល​មនុស្ស​មួយ​ចំនួន​នៃ​គណបក្ស​ប្រឆាំង គឺ​ក្រុម​មួយ​ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា

អាច​ដំណើរការ​បាន ឬ​ក៏​ស្ថានការណ៍​មួយ​ដែល​ស្ថានភាព​បច្ចុប្បន្ន​នៅតែ​ដដែល ហើយ​សវនាការ​កាត់​ក្ដី​លោក កឹម សុខា ដែល​អូស​បន្លាយ​យូរ​នឹង​ធ្វើ​ឡើង»។

ប៉ុន្តែ​អ្នកស្រី មូរ សុខហួ បាន​ច្រាន​ចោល​សេណារីយ៉ូ​ទាំង​នេះ និង​បាន​និយាយ​ថា ព្រឹត្តិការណ៍​ថ្ងៃ ៩ វិច្ឆិកា​នេះ បាន​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មាន​ការ​គាំទ្រ​ខ្លាំងក្លា​នៅ​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ថ្នាក់​ដឹកនាំ​គណបក្ស​នឹង​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «អ្នក​មិន​អាច​ចាំ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​រត់​មក​រក​អ្នក​បាន​ទេ អ្នក​ត្រូវ​រត់​រក​លទ្ធិ​ប្រជាធិបតេយ្យ។ ប្រសិនបើ​មាន​វិធានការ​ណា​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន ទោះបីជា​អាច​បញ្ចេញ​មតិ​តិច​តួច​ក្ដី អ្នក​គួរតែ​ធ្វើ»។

ដោយ​លើក​ឡើង​ពី​ក្ដី​ព្រួយ​បារម្ភ​ផ្នែក​សិទ្ធិ​មនុស្ស សហភាព​អឺរ៉ុប​បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​នូវ​នីតិវិធី​នៃ​ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ EBA ចេញ​ពី​កម្ពុជា​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

ប៉ុន្តែ ទោះបីជា​ប្រឈម​នឹង​ការ​គំរាម​ដក​ឋានៈ​អនុគ្រោះ​ពន្ធ EBA នេះ​ក៏​ដោយ ក៏​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​សម្បទាន​តិចតួច​ប៉ុណ្ណោះ ដូចជា​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​មួយ​ចំនួន​ជា​ដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Robertson។

លោក​បាន​និយាយ​ក្នុង​សម្ដី​ដើម​ថា៖ «ប្រាកដ​ណាស់ រដ្ឋាភិបាល​បាន​ពង្រឹង​អំណាច...។ អ្វីៗ​ទាំង​អស់​គឺ​ពួកគេ​ព្យាយាម​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ចុះ​ខ្សោយ និង​នៅតែ​ក្រៅ​ប្រទេស​ដាច់​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ។ ខ្ញុំ​ចង់​និយាយ​ថា នៅ​ក្នុង​ស្ថានការណ៍​នេះ វា​ទំនងជា​មិន​អាច​ទៅ​រួច​នោះ​ទេ​នៅ​ក្នុង​ការ​ឃើញ EBA រួម​ចំណែក​ជា​លទ្ធផល​វិជ្ជមាន​នោះ។ អ្វី​ដែល​យើង​បាន​ឃើញ​កន្លង​មក គឺ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក នៅតែ​ប្រកាន់​តាម​គោល​ជំហរ​របស់​ខ្លួន​ដដែល»។

លោក Robertson បាន​បន្ត​ថា ទោះបីជា​តុលាការ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នូវ​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៧៤ នាក់ ក្នុង​ចំណោម​សកម្មជន​ជាប់​ឃុំ​ប្រហែល ១ រយ​នាក់ បន្ទាប់ពី​មាន​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ដោយ ក៏​ពួកគេ​នៅតែ​ជាប់​ទោស​ដដែល។

កាល​ពី​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា គឺ​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​ថ្ងៃ​ដែល​លោក សម រង្ស៊ី ធ្វើ​មាតុភូមិ​មិន​បាន​សម្រេច និង​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​គណៈកម្មការ​អឺរ៉ុប​បាន​គ្រោង​ដាក់​របាយការណ៍​របស់​ខ្លួន​អំពី​ស្ថានការណ៍​នៃ​ប្រទេស​កម្ពុជា​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា តុលាការ​បាន​ចេញ​បញ្ជា​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ពី​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ។ ប៉ុន្តែ​តុលាការ​នៅ​ហាម​លោក កឹម សុខា មិន​ឲ្យ​ធ្វើ​នយោបាយ និង​ចាកចេញ​ពី​ប្រទេស​កម្ពុជា។

អ្នកស្រី Katrin Travouillon អ្នក​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី ដែល​ផ្ដោត​ការ​ស្រាវជ្រាវ​របស់​អ្នកស្រី​លើ​ប្រទេស​កម្ពុជា បាន​និយាយ​ថា ទោះបីជា​សហភាព​អឺរ៉ុប​សម្រេច​បាន​ការ​ទាមទារ​មួយ​ចំនួន​ពី​រដ្ឋាភិបាល​កម្ពុជា​ដូចជា​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​មួយ​ចំនួន​ក៏​ដោយ ក៏​ការ​វិវឌ្ឍ​ប្រសើរ​ឡើង​រយៈពេល​វែង​ទំនងជា​មិន​អាច​កើត​ឡើង​នោះ​ទេ។

អ្នកស្រី​បាន​ប្រាប់ VOA តាម​អ៊ីមែល​ថា៖ «ភាគ​ច្រើន​ខ្ញុំ​នៅ​មិន​ច្បាស់​ទេ​ថា​នៅ​ពេល​ណា​ដំណើរការ​នេះ​នឹង​មាន​ផល​ប៉ះពាល់​រយៈពេល​វែង ឬ​ក៏​ដំណើរការ​នេះ​មាន​សមត្ថភាព​ប៉ុណ្ណា​នៅ​ក្នុង​ការ​ប្រឆាំង​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​ការ​ធ្លាក់​ចុះ​ជា​បន្ត​នូវ​សេរីភាព​នយោបាយ។ ជា​ឧទាហរណ៍ ប្រសិនបើ​អ្នក​ក្រឡេក​មើល​លើ​ការណ៍​ដែល​រដ្ឋាភិបាល​ចាប់​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​នៃ​ការ​ស្លាប់​របស់​លោក កែម ឡី ឬ​ក៏​ការ​បង្ក្រាប​នា​ពេល​ថ្មីៗ​នេះ​លើ​គណបក្ស​ប្រឆាំង បន្ទាប់ពី​លោក សម រង្ស៊ី បាន​ប្រកាស​ពី​គម្រោង​មាតុភូមិនិវត្តន៍ វា​មើល​ទៅ​ហាក់​ដូចជា​អាជ្ញាធរ​មិន​ផ្ដល់​អាទិភាព​លើ​ការណ៍​ដែល​អាច​បាត់បង់​ឋានៈ​អនុគ្រោះ EBA នោះ​ទេ»។

ដោយ​សវនាការ​កាត់​ទោស​លោក កឹម សុខា គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៥ ខែ​មករា​ខាង​មុខ​នេះ ហើយ​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​អំពី​ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ EBA គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ គេ​ឃើញ​ថា ការ​សម្រេច​ចិត្ត​ធំៗ​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំ​ថ្មី​ឆ្នាំ ២០២០ ខាង​មុខ។

លោក Robertson បាន​និយាយ​ថា ទោះបីជា​ឋានៈ​អនុគ្រោះ​ពន្ធ EBA នេះ​បាន​បង្ហាញ​ការ​ប៉ះពាល់​តិចតួច​តែ​ប៉ុណ្ណោះ​ក្នុង​ពេល​កន្លង​មក​នេះ​ក៏​ដោយ ក៏​ករណី​នេះ​អាច​ប្រែប្រួល ប្រសិនបើ​វា​ត្រូវ​បាន​គេ​ដក​ចេញ។

លោក​បញ្ជាក់​ក្នុង​សម្ដី​ដើម​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា នៅ​ទី​បំផុត អ្វី​ដែល​នឹង​កើត​ឡើង​គឺ​នៅ​ពេល​ដែល​យើង​ឃើញ​ផល​ប៉ះពាល់​ពិត​ប្រាកដ​ដែល​បណ្ដាល​មក​ពី​ការ​បាត់បង់​ប្រយោជន៍​មួយ​ផ្នែក ឬ​ក៏​ទាំងស្រុង​នៃ​ឋានៈ​អនុគ្រោះ​ពន្ធ EBA តែ​ប៉ុណ្ណោះ ទើប​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន សែន នឹង​ដឹង​ថា ពួកគេ​ចាំបាច់​ត្រូវ​សម្របសម្រួល​តាម​ការ​ចង់​បាន​ពី​សហភាព​អឺរ៉ុប ប្រសិនបើ​ចង់​នៅ​រក្សា EBA។ ប៉ុន្តែ ទិដ្ឋភាព​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មិន​ផ្លាស់ប្ដូរ​នោះ​ទេ រហូត​ទាល់តែ​មាន​ការ​បោះ​ឆ្នោត​ថ្មី​នៅ​ឆ្នាំ ២០២៣ ខាង​មុខ»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG