ទីភ្នាក់ងារព័ត៌មាន AP បានឲ្យដឹងថា ប្រធានអង្គការអូតង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា សម្ព័ន្ធមិត្តបានប្រុងខ្លួនជាស្រេចហើយដើម្បីផ្តល់យោបល់ដល់រដ្ឋាភិបាលប្រទេសលីប៊ីលើបញ្ហាការពារប្រទេស និងសន្តិសុខ ដោយលោកនិយាយថា ស្ថានភាពកាន់តែយ៉ាប់យ៉ឺនឡើងនៅក្នុងប្រទេសនោះ កំពុងបណ្តាលឲ្យមានការគំរាមកំហែងខាងសន្តិសុខថ្មីដល់អឺរ៉ុបដែលតម្រូវឲ្យមានការការពារកាន់តែខ្លាំងឡើងៗ។
លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់ក៏បានប្រាប់សន្និសីទកាសែតនៅក្នុងទីក្រុងរ៉ូមដែរថា សម្ព័ន្ធមិត្តមានផែនការជម្រុញឲ្យមានការស៊ើបការណ៍សម្ងាត់នៅតំបន់នោះដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (Drone) ដែលមានទីតាំងនៅឯស្ថានីយទ័ពអាកាសនៅក្នុងទីក្រុង Sigonella ដោយចាប់ផ្តើមនៅឆ្នាំក្រោយ។
អង្គការអូតង់បានប្រតិបត្តិតាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិដើម្បីការពារជនស៊ីវិលហើយនិងពង្រឹងតំបន់គ្មានយន្តហោះហោះហើរហើយនិងការដាក់ទណ្ឌកម្មការលក់អាវុធទៅឲ្យប្រទេសលីប៊ីក្នុងអំឡុងនៃការបណ្តេញរបប Moammar Gadhafi ចេញពីតំណែងនៅឆ្នាំ២០១១។
បេសកម្មនោះបានបញ្ចប់នៅខែតុលា ឆ្នាំ២០១១ ហើយចាប់តាំងពីពេលនោះមកស្ថានភាពសន្តិសុខលែងត្រួតត្រាបានដោយមានរដ្ឋាភិបាលខុសៗគ្នា២ហើយនិងក្រុមប្រដាប់អាវុធជាច្រើនទៀត រួមមានក្រុមខ្លះមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម។
លោក Stoltenberg បានមានប្រសាសន៍បន្តទៀតថា គួរតែមានវត្តមានអន្តរជាតិច្រើននៅក្នុងប្រទេសលីប៊ីបន្ទាប់ពីកិច្ចប្រតិបត្តិការបានបញ្ចប់ ហើយលោកបានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការអូតង់មានកម្លាំងគ្រប់គ្រាន់ដើម្បីជួយ៕